ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
កម្ពុជា

សមាជ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ត្រូវ​បាន​ពន្យារ​ពេល​គ្មាន​ការ​កំណត់ ក្រោយ​ពី​ប្រធាន​បក្ស​ត្រូវ​បាន​ចាប់​ខ្លួន

media  
លោកញឹក​ ប៊ុនឆៃ ប្រធាន​​គណបក្ស​​ខ្មែរ​​រួប​​រួម​​ជាតិ RFI/ Siv Channa

គណបក្ស​ខ្មែរ​រួប​រួម​ជាតិ (KNUP) គ្រោង​នឹង​រៀប​ចំ​ធ្វើ​សមាជ​គណបក្ស នៅ​ថ្ងៃ​ទី ១២ សីហា ចុង​សប្តាហ៍​នេះ ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីន​គណបក្ស​ឡើង​វិញ ក្រោយ​ពី​ការ​ចាក​ចេញ​នៃ​សមាជិក​សំខាន់ៗ​មួយ​ចំនួន។ ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​គ្មាន​កំណត់ បន្ទាប់​ពី​លោក​ ញឹក ប៊ុនឆៃ ដែល​ជា​ប្រធាន​គណបក្ស ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន។

អនាគត​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ (KNUP) បាន​ជួប​ភាព​មិន​ច្បាស់​លាស់ ក្រោយ​ពី​ប្រធាន​គណបក្ស​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ពាក់​ព័ន្ធ​គ្រឿង​ញៀន។ អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​លោក រុណ មាត្រា នៅ​មិន​ទាន់​ចេញ​មក​អះ​អាង​ពី​អនាគត​របស់​គណបក្ស​នេះ​នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​បើ​តាម​លោក ម៉ៅ សុផាន់ណា ទី​ប្រឹក្សា​របស់​លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​នៅ​ថ្ងៃ​នេះ​ថា អនាគត​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ កំពុង​ស្ថិត​ក្នុង​ភាព​មន្ទិល ខណៈ​ដែល​លោក​ ញឹក ប៊ុនឆៃ កំពុង​ជាប់​ពន្ធនាគារ។ លោក ម៉ៅ សុផាន់ណា ក៏​បាន​បញ្ជាក់​ដែរ​ថា សមាជ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១២ សីហា ខាង​មុខ​នេះ ក៏​ត្រូវ​បាន​ពន្យារ​ពេល ដោយ​គ្មាន​ការ​កំណត់​ផង​ដែរ។

គួរ​ជំរាប​ជូន​ថា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​គ្រោង​នឹង​ជួប​ជុំ​គ្នា​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី ១២ សីហា ចុង​សប្តាហ៍​នេះ ដើម្បី​រៀប​ចំ​ក្បាល​ម៉ាស៊ីន​និង​ពង្រឹង​គណបក្ស​នេះ​ឡើង​វិញ បន្ទាប់​ពី​សមាជិក​មួយ​ចំនួន​ធំ​របស់​គណបក្ស​នេះ បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ ក្នុង​នោះ​ក៏​មាន​លោក ខាន់ សាវឿន អនុប្រធាន​គណបក្ស​នេះ​ផង​ដែរ។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ចំនួន​២​ករណី ពាក់​ព័ន្ធ​នឹង​បទ សម​គំនិត​ក្នុង​ការ​ផលិត​គ្រឿង​ញៀន និង​បទ​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿង​ញៀន ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ កាល​ពី​១០​ឆ្នាំ​មុន។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ កាល​ពី​ល្ងាច​ថ្ងៃ​ទី ០៦ សីហា ដើម្បី​រង​ចាំ​ការ​កាត់​ទោស។

បើ​ផ្អែក​តាម​ខ្លឹម​សារ​នៃ​វិសោធនកម្ម​ច្បាប់​ថ្មី ស្តី​ពី ​គណបក្ស​នយោបាយ​ ដែល​ទើ​ប​តែត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពីពេលថ្មី​ៗនេះ​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ មិន​ត្រឹមតែ​ប្រឈម​នឹង​អនាគត​មិន​ច្បាស់​លាស់​នោះ​ទេ​ តែ​គណបក្ស​នេះ​អាច​នឹង​ត្រូវ​រំលាយ​ចោល​តែ​ម្តង​ ប្រសិន​បើ​ប្រធាន​គណបក្សលោក​ ញឹក​ ប៊ុន​ឆៃ​ មិន​លាលែង​ចេញ​ពី​តំណែង ​មុន​ពេលដែល​តុលាការ​រក​ឃើញ​ពី​ទោស​កំហុស​របស់​លោក​ទេ​នោះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ