ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT

អគ្គិសនី​ពិត​ជា​ចាំ​បាច់​សម្រាប់​មន្ទីរ​ពេទ្យ គ្មាន​អគ្គិសនី​អ្នក​ជំងឺ​ប្រឈម​នឹង​ហានិភ័យ

អគ្គិសនី​ពិត​ជា​ចាំ​បាច់​សម្រាប់​មន្ទីរ​ពេទ្យ គ្មាន​អគ្គិសនី​អ្នក​ជំងឺ​ប្រឈម​នឹង​ហានិភ័យ
 
អគ្គិសនី​កម្ពុជា @EDC Facebook

ការ​ដាច់​ចរន្ត​អគ្គិសនី​រយៈ​ពេល​យូរ​ជា​យថាហេតុ​ណា​មួយ បាន​ប៉ះ​ពាល់​ទៅ​ដល់​ដំណើរ​ការ​ប្រព្រឹត្តិ​ទៅ​ទាំង​មូល​របស់​មន្ទីរពេទ្យ ដែល​បញ្ហា​នេះ​គួរ​ត្រូវ​បាន​ដោះ​ស្រាយ។ ដោះ​ស្រាយ ដោយ​សារ ការ​ផ្តល់​សេវា​ព្យាបាល​អ្នក​ជំងឺ​ឬ​សម្ភព​ជា​ពិសេស​នៅ​ពេល​យប់ ទាម​ទារ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី ដើម្បី​បំភ្លឺ និង​ធ្វើ​ឲ្យ​ដំណើរ​ការ​សម្ភារៈ បរិក្ខារ​ពេទ្យ​ចាំ​បាច់​មួយ​ចំនួន​។ ដូច្នេះ​ការ​បំពាក់​ម៉ាស៊ីន​ភ្លើង​នៅ​តាម​មន្ទីពេទ្យ​រដ្ឋ​នានា​គឺ​ជា​ការ​ចាំ​បាច់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ផ្តល់​សេវា​សាធារណៈ និង​ស្រប​តាម​កំណែ​ទម្រង់​វិស័យ​សុខាភិបាល។

អគ្គិសនី បាន​រលត់​ភ្លឹប​កាល​ពី​យប់​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន ធ្វើ​ឲ្យ​អគារ​សម្ភព​ទាំង​មូល​ងងឹត​ឈឹង ខណៈ​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជិត​ដល់​ពេល​សម្រាល​ពី​ ៣​ទៅ​ ៤​នាក់ កំពុង​ត្រូវ​សាច់​ញាតិ​គ្រា ដើរ​ចុះ​ដើរ​ឡើង​លើ​កំរាល​ឥដ្ឋ​ការ៉ូ ដើម្បី​ត្រៀម​ខ្លួន​ចូល​បន្ទប់​សម្រាល។ មិន​ថា​តែ​អគារ​សម្ភព ប៉ុណ្ណោះ​ទេ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ងងឹត តែ​បរិវេណ​មន្ទីរពេទ្យ​បង្អែក ខេត្ត​កំពត​ទាំង​មូល ដែល​ជា​ពេទ្យ​ធំ​ជាង​គេ​ប្រចាំ​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ ក៏​រក​មើល​គ្នា​មិន​យល់​ដែរ។

នឹក​ឃើញ​ថា​នៅ​ក្នុង​មន្ទីរពេទ្យ​ដូច្នេះ ប្រហែល​ជា​ភ្លើង​ដាច់​មិន​យូរ​ទេ ដោយ​សារ​ខេត្ត​កំពត​ជា ជង្រុក​អគ្គិសនី ដែល​ការ​ផលិត​ភ្លើង​បាន​មក​ពី​វារី​អគ្គិសនី​ភ្នំ​កំចាយ។ មិន​ដូច​ជា​ការ​គិត​ទេ ភ្លើង​ដាច់​រហូត​ដល់​ជិត​មួយ​ម៉ោង​កន្លះ។ ភាព​ងងឹត​សូន្យ​សុង រយៈ​ពេល​ជាង ១​ម៉ោង​នេះ ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ពន្លឺ​ពិល និង​ពន្លឺ​ទូរស័ព្ទ​ដៃ​ មិន​មែន​ជំនួស​ដោយ​ពន្លឺ​ថាម​ពល​ម៉ាស៊ីន​ភ្លើង​ទេ។ ពោល​គឺ អ្នក​ជំងឺ និង​ក្រុម​គ្រួសារ​នាំ​គ្នា​ប្រើ​ប្រាស់​ភ្លើង​ពិល​ទូរស័ព្ទ​ឆ្វេក​ឆ្វាច​ពេញ​មួយ មន្ទីរពេទ្យ។ រីឯ​អ្នក​ដែល​ត្រូវ​ដល់​ពេល​សម្រាល​កូន ក៏​កំពុង​ស្ថិត​នៅ​ក្នុង​អារម្មណ៍​មួយ​លំបាក​ដែរ ដោយ​សារ​ភាព​ងងឹត បរិយាកាស​អាប់​អួរ។

ទិដ្ឋភាព​បែប​នេះ ធ្វើ​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ជុំវិញ​កំណែ​ទម្រង់​សេវា​សាធារណៈ លើ​វិស័យ សុខាភិបាល​កម្ពុជា ដែល​កន្លង​មក រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ។ អ្វី​ដែល​ជា​ការ​ចោទ​សួរ​នោះ គឺ​តើ​មន្ទីពេទ្យ​រដ្ឋ​ទាំង​អស់​នៅ​គ្រប់​បណ្តា​ខេត្ត-រាជធានី ដោយ​មិន​ទាន់​គិត​ដល់​មណ្ឌល​សុខភាព​នៅ​តាម​ជនបទ ចុង​កាត់​មាត់​ញក សុទ្ធ​តែ​មិន​មាន​ម៉ាស៊ីន​ភ្លើង សម្រាប់​បំភ្លឺ ម្តង​ម្កាល នៅ​ពេល​ដាច់​ចរន្ត​អគ្គិសនី​ដែល​ផ្គត់​ផ្គង់​ដោយ​រដ្ឋ​ឬ​យ៉ាង​ណា?

ចំងល់​នៅ​តែ​មាន គឺ​ថា​ប្រសិន​បើ​មិន​មាន​ម៉ាស៊ីន​ភ្លើង​សម្រាប់​ត្រៀម​បំរុង ប្រចាំ​មន្ទីរពេទ្យ​នីមួយៗ​ជា​ពិសេស​មន្ទីរពេទ្យ​ធំៗ ប្រចាំ​ខេត្ត ឬ​រាជធានី នោះ​នឹង​មាន​អ្វី​កើត​ឡើង នៅ​ពេល ដែល​ក្រុម​គ្រូ​ពេទ្យ​កំពុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ ដូច​ជា​កំពុង​វះកាត់ ឬ​កំពុង​ជួយ​សម្រាល​កូន​ជា​ដើម​នោះ! វា​មិន​ទាស់​ខុស​អ្វី​ទេ នៅ​ពេល​ដែល​មិន​មាន​ភ្លើង​អគ្គិសនី គ្រូពេទ្យ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ភ្លើង​ពិល ក្នុង​ករណី​មិន​មាន​អគ្គិសនី​ស្តុក​បំរុង​ដើម្បី​បំភ្លឺ​នៅ​ពេល​ភ្លើង​ដាច់។

ក៏​ប៉ុន្តែ​ការ​ដែល​មិន​មាន​អគ្គិសនី វា​ជះ​ឥទ្ធិពល​ផង​ដែរ ដល់​ការ​ងារ​របស់​ក្រុម​គ្រូពេទ្យ ដែល​ពួក​គាត់​បាន​ឃ្លុំ​ជិត​ពេញ​ទាំង​ខ្លួន។ មួយ​វិញ​ទៀត ឧបករណ៍​វេជ្ជសាស្ត្រ​មួយ​ចំនួន​ចាំ​បាច់​ត្រូវ​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ដូច​ជា​ម៉ាស៊ីន​វាស់​ចង្វាក់​ដង្ហើម ការ​រក្សា​សីតុណ្ហភាព​ថ្នាំ​សង្កូវ និង​វ៉ាក់​សាំង ក្នុង​កំរិត​មួយ​ដែល​មាន​សុវត្ថិភាព​ផង​ដែរ។

វា​ជា​ការ​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​មួយ ដូច​ជា​ករណី ការ​ដាច់​អគ្គិសនី​រាប់​ម៉ោង​សម្រាប់​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​មិន​មែន​ជា​រឿង​សាមញ្ញ​នោះ​ទេ។ ជា​គោលការណ៍ តើ​ក្រសួង​សុខាភិបាល ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល បាន​រៀប​ចំ​សមរម្យ ជា​ពិសេស​ត្រៀម​ម៉ាស៊ីន​ភ្លើង សម្រាប់​មន្ទីរពេទ្យ​សំខាន់ៗ ដែរ​ឬ​ទេ? ប្រសិន​បើ​មាន ហើយ​ម៉ាស៊ីន​ភ្លើង​ចាស់​ពេក​ដំណើរ​ការ​មិន​កើត​តើ​គួរ​មាន​ការ​ដោះ​ស្រាយ​យ៉ាង​ណា ហើយ​អ្នក​ណា​ទទួល​ខុស​ត្រូវ?

ដូច្នេះ​ចង់​មិន​ចង់​ការ​ដែល​មិន​មាន​ចរន្ត​អគ្គិសនី​គ្រប់​គ្រាន់ នា​សម័យ​បច្ចេកវិជ្ជា​ទំនើប​នេះ​ វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរការ​ប្រព្រឹត្តិ​ទៅ​ទាំង​មូល​របស់​មន្ទីរពេទ្យ។ វា​ជា​ហានិភ័យ​មួយ ទាក់​ទង​ទៅ​នឹង​ការ​ផ្តល់​សេវា​សុខាភិបាល ខណៈ​ដែល​មន្ទីរ​ពេទ្យ​មួយ​ទាំង​មូល​មិន​មាន​ការ​ធានា​នូវ​ចរន្ត​អគ្គិសនី ដែល​មាន​ភាព​ចាំ​បាច់ ដោយ​សារ​មន្ទីពេទ្យ​ខុស​ពី​លំនៅឋាន សណ្ឋាគារ ខុស​ពី ស្ថាប័ន​សាធារណៈ​ផ្សេងៗ​ទៀត ដែល​អាច​ខក​ខាន​អគ្គិសនី​បាន​ហើយ​មិន​ប៉ះ​ពាល់​អាយុ​ជីវិត។

ជា​ការ​ពិត​វិស័យ​សុខាភិបាល ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​ប្រឹង​ប្រែង កែ​ទម្រង់​មួយ​ចំនួន​ហើយ ជា​ពិសេស​ការ​ផ្តល់​សេវា​ព្យាបាល​ដោយ​អនុគ្រោះ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​តាម​មន្ទីរ​ពេទ្យ​របស់​រដ្ឋ។ ក៏​ប៉ុន្តែ​ចំណុច​នេះ​មិន​គ្រប់​គ្រាន់​ទេ​សម្រាប់​មន្ទីរពេទ្យ។ ការ​បំពាក់​សម្ភារៈ បរិក្ខា​គ្រប់​គ្រាន់​នៅ​តាម​មន្ទីរពេទ្យ និង​ធានា​ពី​គុណភាព​សេវា​គឺ​ជា​ការ​ចាំ​បាច់។  

អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​មួយ​ចំនួន តែង​លើក​ឡើង​ថា នៅ​ក្នុង​ដំណាក់​កាល​មួយ ដែល​មាន​ការ​តាំង​ចិត្ត​តែ​បបូរមាត់​ថា​ធ្វើ​ឲ្យ​សេវា​សុខាភិបាល​ប្រសើរ​ឡើង ហើយ​ចាត់​ទុក​ថា​ជា​សេវា​សង្គម​សុទ្ធសាធ មិន​មាន​ការ​បែង​ចែក​ឲ្យ​មាន​សេវា​ពាណិជ្ជកម្ម​ដំណាល​គ្នា​នោះ គេ​មិន​សង្ឃឹម​ថា​នឹង​មាន​ជោគ​ជ័យ​នោះ​ទេ នៅ​ក្នុង​ប្រព័ន្ធ​នៃ​កំណែ​ទម្រង់ ដែល​មើល​ទៅ​ហាក់​ដូច​ជា​ខ្វះ​ភាព​ប្រាកដ​ប្រជា​ដូច្នេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា

    ឡាវ​ចាប់​ផ្តើម​សាងសង់​ទំនប់​វារី​អគ្គីសនី Don Sahong ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា

    ស្វែងយល់បន្ថែម

  • កម្ពុជា

    អគ្គីសនី​កម្ពុជា EDC បដិសេធ​ថា​មិន​បាន​កែ​ច្នៃ​នាឡិកា​ស្ទង់

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    លោក កែវ រតនៈ​៖ ខែ​ក្ដៅ ពលរដ្ឋ​ប្រើ​ប្រាស់​ថាមពល​អគ្គីសនី​ច្រើន

    ស្វែងយល់បន្ថែម

  • កម្ពុជា

    គណៈកម្មការ​ទី​៣​រដ្ឋសភា ​បញ្ចប់​បេសកម្ម​ពិនិត្យ​ពី​ផលប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២​ តែ​គ្មាន​គម្រោង​សុំ​ឱ្យ​បញ្ឈប់

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ