អគ្គិសនីពិតជាចាំបាច់សម្រាប់មន្ទីរពេទ្យ គ្មានអគ្គិសនីអ្នកជំងឺប្រឈមនឹងហានិភ័យ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៧
ការដាច់ចរន្តអគ្គិសនីរយៈពេលយូរជាយថាហេតុណាមួយ បានប៉ះពាល់ទៅដល់ដំណើរការប្រព្រឹត្តិទៅទាំងមូលរបស់មន្ទីរពេទ្យ ដែលបញ្ហានេះគួរត្រូវបានដោះស្រាយ។ ដោះស្រាយ ដោយសារ ការផ្តល់សេវាព្យាបាលអ្នកជំងឺឬសម្ភពជាពិសេសនៅពេលយប់ ទាមទារឲ្យមានការប្រើប្រាស់ចរន្តអគ្គិសនី ដើម្បីបំភ្លឺ និងធ្វើឲ្យដំណើរការសម្ភារៈ បរិក្ខារពេទ្យចាំបាច់មួយចំនួន។ ដូច្នេះការបំពាក់ម៉ាស៊ីនភ្លើងនៅតាមមន្ទីពេទ្យរដ្ឋនានាគឺជាការចាំបាច់ ដែលនេះជាផ្នែកមួយនៃការបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ និងស្របតាមកំណែទម្រង់វិស័យសុខាភិបាល។
អគ្គិសនី បានរលត់ភ្លឹបកាលពីយប់ថ្ងៃសៅរ៍ សប្តាហ៍មុន ធ្វើឲ្យអគារសម្ភពទាំងមូលងងឹតឈឹង ខណៈដែលស្ត្រីមានផ្ទៃពោះជិតដល់ពេលសម្រាលពី ៣ទៅ ៤នាក់ កំពុងត្រូវសាច់ញាតិគ្រា ដើរចុះដើរឡើងលើកំរាលឥដ្ឋការ៉ូ ដើម្បីត្រៀមខ្លួនចូលបន្ទប់សម្រាល។ មិនថាតែអគារសម្ភព ប៉ុណ្ណោះទេ ដែលស្ថិតក្នុងស្ថានភាពងងឹត តែបរិវេណមន្ទីរពេទ្យបង្អែក ខេត្តកំពតទាំងមូល ដែលជាពេទ្យធំជាងគេប្រចាំខេត្តជាប់មាត់សមុទ្រនេះ ក៏រកមើលគ្នាមិនយល់ដែរ។
នឹកឃើញថានៅក្នុងមន្ទីរពេទ្យដូច្នេះ ប្រហែលជាភ្លើងដាច់មិនយូរទេ ដោយសារខេត្តកំពតជា ជង្រុកអគ្គិសនី ដែលការផលិតភ្លើងបានមកពីវារីអគ្គិសនីភ្នំកំចាយ។ មិនដូចជាការគិតទេ ភ្លើងដាច់រហូតដល់ជិតមួយម៉ោងកន្លះ។ ភាពងងឹតសូន្យសុង រយៈពេលជាង ១ម៉ោងនេះ ត្រូវបានជំនួសមកវិញដោយពន្លឺពិល និងពន្លឺទូរស័ព្ទដៃ មិនមែនជំនួសដោយពន្លឺថាមពលម៉ាស៊ីនភ្លើងទេ។ ពោលគឺ អ្នកជំងឺ និងក្រុមគ្រួសារនាំគ្នាប្រើប្រាស់ភ្លើងពិលទូរស័ព្ទឆ្វេកឆ្វាចពេញមួយ មន្ទីរពេទ្យ។ រីឯអ្នកដែលត្រូវដល់ពេលសម្រាលកូន ក៏កំពុងស្ថិតនៅក្នុងអារម្មណ៍មួយលំបាកដែរ ដោយសារភាពងងឹត បរិយាកាសអាប់អួរ។
ទិដ្ឋភាពបែបនេះ ធ្វើឲ្យមានសំណួរជាច្រើនជុំវិញកំណែទម្រង់សេវាសាធារណៈ លើវិស័យ សុខាភិបាលកម្ពុជា ដែលកន្លងមក រងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ អ្វីដែលជាការចោទសួរនោះ គឺតើមន្ទីពេទ្យរដ្ឋទាំងអស់នៅគ្រប់បណ្តាខេត្ត-រាជធានី ដោយមិនទាន់គិតដល់មណ្ឌលសុខភាពនៅតាមជនបទ ចុងកាត់មាត់ញក សុទ្ធតែមិនមានម៉ាស៊ីនភ្លើង សម្រាប់បំភ្លឺ ម្តងម្កាល នៅពេលដាច់ចរន្តអគ្គិសនីដែលផ្គត់ផ្គង់ដោយរដ្ឋឬយ៉ាងណា?
ចំងល់នៅតែមាន គឺថាប្រសិនបើមិនមានម៉ាស៊ីនភ្លើងសម្រាប់ត្រៀមបំរុង ប្រចាំមន្ទីរពេទ្យនីមួយៗជាពិសេសមន្ទីរពេទ្យធំៗ ប្រចាំខេត្ត ឬរាជធានី នោះនឹងមានអ្វីកើតឡើង នៅពេល ដែលក្រុមគ្រូពេទ្យកំពុងប្រតិបត្តិការជួយសង្គ្រោះអ្នកជំងឺ ដូចជាកំពុងវះកាត់ ឬកំពុងជួយសម្រាលកូនជាដើមនោះ! វាមិនទាស់ខុសអ្វីទេ នៅពេលដែលមិនមានភ្លើងអគ្គិសនី គ្រូពេទ្យខ្លះត្រូវបង្ខំចិត្តប្រើភ្លើងពិល ក្នុងករណីមិនមានអគ្គិសនីស្តុកបំរុងដើម្បីបំភ្លឺនៅពេលភ្លើងដាច់។
ក៏ប៉ុន្តែការដែលមិនមានអគ្គិសនី វាជះឥទ្ធិពលផងដែរ ដល់ការងាររបស់ក្រុមគ្រូពេទ្យ ដែលពួកគាត់បានឃ្លុំជិតពេញទាំងខ្លួន។ មួយវិញទៀត ឧបករណ៍វេជ្ជសាស្ត្រមួយចំនួនចាំបាច់ត្រូវការប្រើប្រាស់ចរន្តអគ្គិសនីដូចជាម៉ាស៊ីនវាស់ចង្វាក់ដង្ហើម ការរក្សាសីតុណ្ហភាពថ្នាំសង្កូវ និងវ៉ាក់សាំង ក្នុងកំរិតមួយដែលមានសុវត្ថិភាពផងដែរ។
វាជាការទទួលខុសត្រូវច្បាស់លាស់មួយ ដូចជាករណី ការដាច់អគ្គិសនីរាប់ម៉ោងសម្រាប់មន្ទីរពេទ្យដ៏ធំមួយមិនមែនជារឿងសាមញ្ញនោះទេ។ ជាគោលការណ៍ តើក្រសួងសុខាភិបាល ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានរៀបចំសមរម្យ ជាពិសេសត្រៀមម៉ាស៊ីនភ្លើង សម្រាប់មន្ទីរពេទ្យសំខាន់ៗ ដែរឬទេ? ប្រសិនបើមាន ហើយម៉ាស៊ីនភ្លើងចាស់ពេកដំណើរការមិនកើតតើគួរមានការដោះស្រាយយ៉ាងណា ហើយអ្នកណាទទួលខុសត្រូវ?
ដូច្នេះចង់មិនចង់ការដែលមិនមានចរន្តអគ្គិសនីគ្រប់គ្រាន់ នាសម័យបច្ចេកវិជ្ជាទំនើបនេះ វានឹងប៉ះពាល់ដល់ដំណើរការប្រព្រឹត្តិទៅទាំងមូលរបស់មន្ទីរពេទ្យ។ វាជាហានិភ័យមួយ ទាក់ទងទៅនឹងការផ្តល់សេវាសុខាភិបាល ខណៈដែលមន្ទីរពេទ្យមួយទាំងមូលមិនមានការធានានូវចរន្តអគ្គិសនី ដែលមានភាពចាំបាច់ ដោយសារមន្ទីពេទ្យខុសពីលំនៅឋាន សណ្ឋាគារ ខុសពី ស្ថាប័នសាធារណៈផ្សេងៗទៀត ដែលអាចខកខានអគ្គិសនីបានហើយមិនប៉ះពាល់អាយុជីវិត។
ជាការពិតវិស័យសុខាភិបាល ត្រូវគេមើលឃើញថាមានការប្រឹងប្រែង កែទម្រង់មួយចំនួនហើយ ជាពិសេសការផ្តល់សេវាព្យាបាលដោយអនុគ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមន្ទីរពេទ្យរបស់រដ្ឋ។ ក៏ប៉ុន្តែចំណុចនេះមិនគ្រប់គ្រាន់ទេសម្រាប់មន្ទីរពេទ្យ។ ការបំពាក់សម្ភារៈ បរិក្ខាគ្រប់គ្រាន់នៅតាមមន្ទីរពេទ្យ និងធានាពីគុណភាពសេវាគឺជាការចាំបាច់។
អ្នកជំនាញផ្នែកសុខាភិបាលមួយចំនួន តែងលើកឡើងថា នៅក្នុងដំណាក់កាលមួយ ដែលមានការតាំងចិត្តតែបបូរមាត់ថាធ្វើឲ្យសេវាសុខាភិបាលប្រសើរឡើង ហើយចាត់ទុកថាជាសេវាសង្គមសុទ្ធសាធ មិនមានការបែងចែកឲ្យមានសេវាពាណិជ្ជកម្មដំណាលគ្នានោះ គេមិនសង្ឃឹមថានឹងមានជោគជ័យនោះទេ នៅក្នុងប្រព័ន្ធនៃកំណែទម្រង់ ដែលមើលទៅហាក់ដូចជាខ្វះភាពប្រាកដប្រជាដូច្នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ