អានតួអត្ថបទ
កម្ពុជា

កិច្ច​ព្រម​ព្រៀង​រង្គោះ​រង្គើ នៅ​ពេល​កម្ពុជា​ថា មិន​​មាន​គម្រោង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​បន្ថែម​ទៀត

បី​ខែ​បន្ទាប់ពី​ជន​ភៀស​ខ្លួន៤​នាក់​ពី​កោះ​ណេរុ​ប្រទេស​អូស្ត្រាលី បាន​មក​តាំង​ទី​លំនៅ​ថ្មី​នៅទីក្រុង​ភ្នំពេញ រដ្ឋាភិបាល​កម្ពុជាបាន​អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​មាន​គម្រោង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​បន្ថែម​ទៀត​ទេ​។ ការ​បញ្ជាក់​ដូច្នេះ ហាក់​ដូច​ជា​ផ្ទុយ​ពី​ជំហ​របស់​ទីក្រុង​កង់បេរ៉ា​។ ទីក្រុង​កង់បេរ៉ា​ ដែល​នៅ​តែ​បញ្ជាក់​ពី​ការ​បន្ត​ការងារ​របស់​ខ្លួន​ជាមួយ​ទី​​ក្រុង​ភ្នំពេញ ដើម្បី​​​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា​បន្ថែម​ទៀត តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​។

ជនភៀសខ្លួន៤រូបមកពីកោះណៅរូប្រទេសអូស្ត្រាលីបានធ្វើដំណើមកដល់កម្ពុជាកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៥
ជនភៀសខ្លួន៤រូបមកពីកោះណៅរូប្រទេសអូស្ត្រាលីបានធ្វើដំណើមកដល់កម្ពុជាកាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១៥ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀងបញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលីមក​កម្ពុជា កំពុង​តែ​រង្គោះ​រង្គើរ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី​បង្ហាញ​ជំហ​ផ្សេង​គ្នា។

បី​ខែ​បន្ទាប់ពី​ជន​ភៀស​ខ្លួន៤​នាក់​ពី​កោះ​ណេរុ​ប្រទេស​អូស្ត្រាលី បាន​មក​តាំង​ទី​លំនៅ​ថ្មី​នៅទីក្រុង​ភ្នំពេញ រដ្ឋាភិបាល​កម្ពុជាបាន​អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​មាន​គម្រោង​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​បន្ថែម​ទៀត​ទេ​។ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា​នេះ​ថា ឥឡូវ កម្ពុជា​មិន​ទាន់​គិត​ពី​ការ​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​បន្ថែម​ទេ ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចម្បង​ចំពោះ​ជន​ភៀស​ខ្លួន​៤​នាក់​ដំបូង ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​ដើម​ខែ​មិថុនា​ជា​មុន​សិន​។

ការ​បញ្ជាក់​ដូច្នេះ ហាក់​ដូច​ជា​ផ្ទុយ​ពី​ជំហ​របស់​ទីក្រុង​កង់បេរ៉ា​។ ទីក្រុង​កង់បេរ៉ា​ ដែល​នៅ​តែ​អះអាងពី​ការ​បន្ត​ការងារ​របស់​ខ្លួន​ជាមួយ​ទី​​ក្រុង​ភ្នំពេញ ដើម្បី​​​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា​បន្ថែម​ទៀត តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​។ រដ្ឋ​មន្ដ្រីអន្តោប្រវេសន៍​អូស្ត្រាលី លោក Peter Dutton ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ថា រដ្ឋាភិបាល​ទីក្រុង​កង់បេរ៉ានៅ​តែ​បន្ត​ធ្វើ​ការ​ជាមួយ​ទីក្រុង​ភ្នំពេញ និង​ប្រទេស​ជា​ដៃ​គូ​ដទៃ​ទៀត ដើម្បី​សម្រប​សម្រួល​ការ​បញ្ជូន​ត្រឡប់ ឬ​ការ​តាំង​ទី​លំនៅ​ថ្មី​របស់​ជន​អន្តោប្រវេសន៍​នៅ​លើ​កោះ​ណេរុ និងកោះ​មេនុស​។

យ៉ាង​ណា​ក៏​ដោយ មន្ដ្រី​គណបក្ស​ប្រឆាំង​អូស្ត្រាលី បាន​ទាមទារ​ឲ្យ​លោក Peter Dutton ស្រាយ​បំភ្លឺ​អំពី​ករណី​នេះ​។ ព្រោះ​បើ​តាម​បក្ស​ប្រឆាំង អូស្ត្រាលី​បាន​ចំណាយ​ប្រាក់ច្រើន​​លាន​ដុល្លារណាស់ សម្រាប់​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​៤​នាក់ ឲ្យ​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​កម្ពុជា​​។

គួរ​ជម្រាប​ជូន​ថា រហូតមក​ទល់​ពេល​នេះ ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ទាំង​៤​នាក់ កំពុង​រស់​នៅ ទទួល​ការ​បណ្ដុះ​បណ្ដាល​ភាសា​និង​ទំនៀម​ទម្លាប់​វប្បធម៌​ខ្មែរ នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៤៣​លាន​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ទីតាំង​ស្នាក់​នៅ​របស់​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ