ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​៖ កម្ពុជា​មិន​ស្វាគមន៍​ការ​ផ្ទេរ​អ្នក​ទោស​ជន​ជាតិ​ផ្សេង​មក​ពន្ធនាគារ​កម្ពុជា​ទេ​

media  
រូបភាព​តំណាង៖ ពន្ធនាគារ @សហការី

កម្ពុជា​មិន​ទទួល​យក​អ្នក​ទោស​ជន​ជាតិ​ផ្សេង ដែល​ចង់​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ថា​មាន​អ្នក​ទោស​ជន​ជាតិ​វៀតណាម ដែល​ជាប់​ទោស​នៅ​ក្នុង​ប្រទេស​ថៃ សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​។ 

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី០៧ ខែ​ធ្នូ​នេះ​ថា កម្ពុជា​មិន​ធ្លាប់​មាន​ករណី​ទទួល​យក​អ្នក​ទោស​ជន​ជាតិ​ផ្សេង ដែល​ចង់​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ទោះ​ជា​មាន​ករណី​ស្នើ​សុំ​បែប​នេះ​មែន ក៏​កម្ពុជា​មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ទទួល​យក​ដែរ​។ លោក​បន្ថែម​ថា កម្ពុជា​ទទួល​យក​តែ​ជន​ជាតិ​ខ្មែរ​ជាប់​ទោស​នៅ​ប្រទេស​ផ្សេង ហើយ​ចង់​ផ្ទេរ​មក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។

លោក នុត សាវនា ​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​មិន​ដែល​មាន​ករណី​អ្នក​ទោស​ជន​ជាតិ​ផ្សេង ដែល​ជាប់​ពន្ធនាគារ​ប្រទេស​ដទៃ ផ្ទេរ​មក​ជាប់​ពន្ធនាគារ​កម្ពុជា​ទេ​។ លោក​បាន​ចោទ​ជា​សំនួរ​ថា គាត់​ប្រព្រឹត្តិ​បទ​ល្មើស​នៅ​ប្រទេស​ដទៃ ហើយ​មិន​មែន​ជា​ជន​ជាតិ​ខ្មែរ តើ​យក​មក​អនុវត្ត​ទោស​នៅ​ស្រុក​ខ្មែរ​ដូច​ម្តេច?

ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​អគ្គ​នាយករង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​ជូន​ដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូ បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ទោស​ខ្លះ​ជា​ជន​ជាតិ​វៀតណាម​ដែល​ជាប់​ទោស​នៅ​ប្រទេសថៃ បាន​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​។ ប៉ុន្តែ​ស្ថាន​ទូត​កម្ពុជា​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា ករណី​នេះ ស្ថានទូត​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​។ ការ​ស្នើ​សុំ​ដោយ​ជន​ជាតិ​វៀតណាម​នេះ កើត​ឡើង​បន្ទាប់​ពី​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ចុះ​សួរ​សុខ​ទុក្ខ​ទណ្ឌិត​នៅ​តាម​មន្ទីរ​ឃុំ​ឃាំង​ក្នុង​ប្រទេស​ថៃ​។

លោក នុត សាវនា អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ធ្លាប់​មាន​ការ​ផ្ទេរ​អ្នក​ទោស​ជន​ជាតិ​ខ្មែរ ដែល​ជាប់​ទោស​នៅ​ប្រទេស​ថៃ ឲ្យ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ថៃ និង​កម្ពុជា ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​ពី​ចំនួន​តួលេខ​ពិត​ប្រាកដ​បាន​ទេ​។

តាម​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដែល​មាន​ហត្ថលេខា​លោក ឡុង វិសាលោ បច្ចុប្បន្ន​នេះ មាន​អ្នក​ទោស​ជន​ជាតិ​ខ្មែរ​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ សរុប​ចំនួន​២,៩១០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២៦៩​នាក់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ