អានតួអត្ថបទ
កម្ពុជា-សង្គម

​១ថ្ងៃ​មុន​ដាក់​របាយ​ការណ៍​ទៅ​អឺរ៉ុប​៖ កម្ពុជា​បញ្ជាក់​ជំហរ​ចុង​ក្រោយ «មិន​ខ្វល់» ចំពោះ​ការ​ផ្តាច់​ប្រព័ន្ធ EBA​

ថ្ងៃទី១២ ខែធ្នូ​ស្អែក​នេះ គឺ​ជា​ថ្ងៃ​កំណត់​ដែល​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​ដាក់​របាយ​ការណ៍​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ដើម្បី​ទប់​ដំណើរ​ការ​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។ ក៏​ប៉ុន្តែ​មុន​ការ​ដាក់​របាយ​ការណ៍​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​គូស​បញ្ជាក់​ជំហរ​ចុង​ក្រោយ​ដោយ​មិន​ខ្វល់​ខ្វាយ​ឡើយ​ទៅ​នឹង​ការ​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA​ពី​កម្ពុជា​របស់​សហ​ភាព​អឺរ៉ុប​។ 

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយករដ្ឋ​មន្រ្តីហ៊ុន សែន បានអះ​អាងនៅ​ថ្ងៃពុ​ធនេះថា លោក​មិនខ្វាយខ្វល់នឹ​ងការផ្តាច់ប្រ​ព័ន្ធអនុគ្រោះ​ពន្ធEBAនោះទេ ហើយថា បើសហភា​ពអឺរ៉ុបចង់​ធ្វើយ៉ាងម៉េចក៏ធ្វើទៅ។ លោកហ៊ុន សែនបញ្ជា​ក់បែប​នេះនៅក្នុ​ងពីធីប្រគល់​សញ្ញាបត្រ​ជូននិស្សិតCUS នៅកោះ​ពេជ្រ។ ការបញ្ជា​ក់របស់​លោកនាយ​ករដ្ឋមន្រ្តីហ៊ុន សែន នៅពេលនេះ ធ្វើឡើងតែ​មួយថ្ងៃប៉ុណ្ណោះមុនក្រ​សួងការប​រទេសកម្ពុជា​បញ្ជូ​នរបាយកា​រណ៍រ​បស់ខ្លួន​ទៅកាន់សហភាពអឺ​រ៉ុបនៅថ្ងៃទី១២ ខែធ្នូ ដើម្បីឆ្លើយ​តបទៅនឹ​ងរបាយ​ការណ៍បឋម​ទី២ស្តីពី​ការ​ផ្អាក​ការ​អនុ​គ្រោះ​ពន្ធ​EBA​ជា​បណ្តោះ​អាសន្ន​សម្រាប់​កម្ពុជា។

គិតមកដ​ល់ពេ​លនេះ ក្រសួ​ងការបរទេស​កម្ពុជាបានរៀ​បចំរបាយការ​ណ៍ឆ្លើយត​បរបស់ខ្លួន​រួចរាល់អស់ហើយ ដើម្បី​ត្រៀមបញ្ជូន​ទៅកាន់ស​ហភាពអឺរ៉ុប។ នេះ​បើតាមកា​រអះអាង​ឱ្យដឹងរប​ស់លោកកុយ គួង ដែលជាអ្នកនាំ​ពាក្យក្រសួ​ងការបរទេស​កម្ពុជា។ បើទោះជា​បែបនេះក្តី អ្នកនាំ​ពាក្យរូបនេះ​បានបដិសេ​ដមិនបញ្ចេញឱ្យដឹងពី​ខ្លីមសា​រខ្លះៗនៃ​របាយការណ៍នេះ​នោះទេ។

គួររំលឹក​ជូនបន្តិចថា សហភា​ពអឺរ៉ុបបា​នផ្ញើរបា​យការណ៍របស់ខ្លួ​នមកកាន់រដ្ឋាភិបា​លកម្ពុជាកា​លពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ និងទុក​រយៈពេល១ខែ ដើម្បី​ឱ្យភាគីកម្ពុ​ជាធ្វើការឆ្លើ​យតប។ បន្ទាប់​ពីកម្ពុជាឆ្លើ​យតប សហភាពអឺរ៉ុបនឹង​ធ្វើ​​សេចក្តីសម្រេច​ចិត្ត​មួយនៅខែ​កុម្ភៈ​ឆ្នាំ២០២០ ថា​តើ​ត្រូវ​ដក​ការ​អនុ​គ្រោះពន្ធ​របស់​កម្ពុជា​ជា​បណ្តោះ​អាសន្ន ​ឬ ​យ៉ាងណា​។ ​សេចក្តីសម្រេច​ចិត្តនេះ​ គឺត្រូវ​ធ្វើឡើង​​ដោយ​សំឡេង​ភាគច្រើននៅក្នុង​ចំណោម​សមាជិក​ទាំង ២៧ នៃ​គណៈ​កម្មការអឺរ៉ុប​។

ក៏ប៉ុន្តែ បើសិន​គណៈកម្មការអឺរ៉ុប​សម្រេច​មិនព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះទេ នោះនីតិវិធី​ត្រូវ​បិទបញ្ចប់​ត្រឹមនេះ។ ផ្ទុយទៅវិញ ប្រសិនបើ​គណៈកម្មការអឺរ៉ុប​សម្រេច​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធនេះមែន សេចក្តីសម្រេច​នេះ​​ក៏​នៅ​មិនទាន់​អាច​ចូល​ជា​ធរមាន​បាន​ភ្លាមៗ​នោះដែរ ពីព្រោះ​ថា សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ធ្វើឡើង​តាម​នីតិវិធី​ប្រតិភូកម្មអំណាច គឺអាច​ចូល​ជា​ធរមាន​បាន លុះត្រាតែ​គ្មាន​ការ​ជំទាស់​ពី​សំណាក់​សភា ឬ​ក្រុមប្រឹក្សា​អឺរ៉ុប។ ប៉ុន្តែ ប្រសិនបើ​សភា​អឺរ៉ុប ឬ​ក្រុមប្រឹក្សា​អឺរ៉ុប​សម្រេច​មិនជំទាស់ ឬ​មិន​អាច​រក​សំឡេង​ភាគច្រើន​ដើម្បី​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​បានទេ ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នឹង​ត្រូវ​ចូល​ជាធរមាន៦ខែ រាប់ចាប់​ពីថ្ងៃ​ដែល​​គណៈកម្មការ​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច​ព្យួរប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ