អានតួអត្ថបទ
បារាំង-កម្ពុជា

សាការី​ខ្មែរ​ជំនាន់​ទីមួយ​បញ្ចប់​កម្មសិក្សា​នៅ ប្រទេស​បារាំង

ក្រុមប្រឹក្សា​ ជាន់ខ្ពស់នៃ សាការី​​របស់​ប្រទេស​បារាំង កាលពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ បាន​ធ្វើ​ពិធី​បិទវគ្គ​កម្មសិក្សា​របស់​សាការី​កម្ពុជា ចំនួន​១៥​នាក់ នៅក្នុង​ទីក្រុង​ប៉ារីស។ បន្ទាប់ពី​បាន​ធ្វើ​កម្មសិក្សា រយៈពេល ៦​ខែ នៅ​តាម​មន្ទីរសាការី​ក្នុង​ប្រទេស​បារំាង សាការី ខ្មែរ ទាំង​១៥​រូបត្រូវ​ចាកចេញ​ពី​ប្រទេស​បារាំង សំដៅ​កម្ពុជា នៅថ្ងៃ​សុក្រ​ទី ២៧កុម្ភៈ។

សិស្ស​កម្មសិក្សា​សាការី​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស ថតរូប​ជាមួយ​លោក​Jean Deleage អ្នកតំណាង​ក្រុមប្រឹក្សា​សាការី​បារាំង
សិស្ស​កម្មសិក្សា​សាការី​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស ថតរូប​ជាមួយ​លោក​Jean Deleage អ្នកតំណាង​ក្រុមប្រឹក្សា​សាការី​បារាំង ©CSN
ផ្សាយពាណិជ្ជកម្ម

កម្មសិក្សា​ សាការី​ជំនាន់​ទីមួយ​របស់​កម្ពុជា​ក្នុង​ប្រទេស​បារាំង​បាន​ឈាន​ដល់​ទីបញ្ចប់ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ វត្តមាន​របស់​សិស្ស​សាការី​ខ្មែរ​នៅ​ប្រទេស​បារាំង ធ្វើឡើង នៅក្នុង​ក្របខ័ណ្ឌ​នៃ​សហប្រតិបត្តិការ​រវាង​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​សាការី បារំាង ជាមួយ​រាជ បណ្ឌិតសភា វិជ្ជាជីវៈ​តុលាការ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​Jean Deleage ជា​អ្នកតំណាង​របស់​ក្រុមប្រឹក្សា​សាការី របស់​បារំាង ដើម្បី​បណ្តុះបណ្តាល​សាការី​នៅ​អាស៊ី ដែល​មាន​កម្ពុជា ឡាវ និង​វៀតណាម។

 
សាការី ជា​អ្នកច្បាប់ ដែល​ប្រកប​វិជ្ជាជីវៈ​សេរី ដែល​ដើរតួនាទី​ជា​អ្នកធានា​ប្រយោជន៍​ផ្នែក​ច្បាប់​សម្រាប់​ប្រជាជន។ ប៉ុន្តែ សាការី មិនមែន​ជា​មេធាវីទេ។ នេះជាអ្វី​ដែល​សិស្ស​សាការី​លី រានាថ​ចង់ ឲ្យ​ប្រជាជន​ខ្មែរ​យល់ និង​បែងចែក​ឲ្យ​បានច្បាស់។ សម្រាប់កាំង ផេង​វិញ សាការី​អាច​ដើរតួ​យ៉ាង​សំខាន់ នៅក្នុង​សង្គម​ខ្មែរ។

តាមលោក​Jean Deleage សេចក្តីព្រាង​ច្បាប់​ស្តី​ពី​សាការី​នឹង​ត្រូវ​សភា​កម្ពុជា​បោះឆ្នោត នៅ​ក្នុង​ឆ្នាំនេះ។ ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​បារាំង​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ច្បាប់​ថ្មី​កម្ពុជា ដើម្បី​សម្រេច​ថា នឹង​បន្ត​ឲ្យ​មាន​កម្មសិក្សា​សាការី ជំនាន់​ទីពីរ នៅ​ប្រទេស​បារាំង ដែរឬទេ។ សម្រាប់ភាគី​បារាំង ដែល​ចង់​ឲ្យ​មាន​សាការី ប្រកបវិជ្ជាជីវៈ​សេរី ឯករាជ្យ មិនស្ថិត​ក្រោម​ក្របខ័ណ្ឌ​រដ្ឋាភិបាល វាច្បាស់ណាស់ថា កម្មសិក្សា​នឹង​អាច​ជា​ថ្មី នៅ​ប៉ារីស បើសិន​ជា​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​សាការី​អាច​ប្រកបវិជ្ជាជីវៈ សេរី ព្រោះថា ក្រុមប្រឹក្សា​សាការី​មិនចង់​ទេ​បណ្តុះបណ្តាល​សាការី​ខ្មែរ ដែល​នឹង​ធ្វើការ​ជា​មន្រ្តី​រាជការ នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ