អានតួអត្ថបទ
កម្ពុជា-សង្គម

​ទីប្រឹក្សា​ច្បាប់​និង​ក្រុម​មេធាវី​ការពារ​ក្ដី នឹង​ចូល​រួម​ពិធី​បូជា​សព លោក នួន ជា នៅ​យប់​ថ្ងៃ​ស្អែក​

សាក​សព​របស់ លោក នួន ជា អតីត​បង​ធំទី២​នៃ​របប​ខ្មែរ​ក្រហម នឹង​ត្រូវ​ប្រារព្ធ​ពិធី​បូជា​តាម​ប្រពៃណី​ខ្មែរ នៅ​យប់​ថ្ងៃ​ទី​០៩​ខែ​សីហា​ស្អែក​នេះ​។ ពិធី​បូជា នឹង​រៀប​ចំ​ធ្វើ​ក្នុង​បរិវេណ​វត្ត​ព្រំ​គិរីមរកត នៅ​ខេត្ត​ប៉ៃលិន ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​គ្រួសារ សាច់​ញាតិ និង​ទីប្រឹក្សា​ច្បាប់​បរទេស ព្រម​ទាំង​ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​ នួន ជា ផង​ដែរ​។ 

រូបថត ជនជាប់ចោទ នួន ជា បងធំទី២នៃរបបខ្មែរក្រហម
រូបថត ជនជាប់ចោទ នួន ជា បងធំទី២នៃរបបខ្មែរក្រហម @REUTERS
ផ្សាយពាណិជ្ជកម្ម

លោក លីវ សុវណ្ណា សហ​មេធាវី​ការពារ​ក្ដី​របស់​លោក នួន ជា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​សព​របស់​ជន​ជាប់​ចោទ នួន ជា នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៧យប់ នៅថ្ងៃសុក្រ ទី​០៩​សីហា ក្នុង​វត្ត​ព្រំគិរីមរកត ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ក្បែរ​ទល់​ដែន​កម្ពុជា-ថៃ​។

ពិធី​បូជា​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ឡើង​តាម​រយៈ​ប្រពៃណី​សាសនា​ទំនៀម​ទម្លាប់ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក នួន ជា ដែល​មាន​ដូច​ជា សហ​មេធាវី​ទាំង​ជាតិ​និង​អន្តរ​ជាតិ ព្រម​ទាំង​ទីប្រឹក្សា​ច្បាប់​បរទេស ក៏​នឹង​ទៅ​ចូល​រួម​ក្នុង​ពិធី​បូជា​នោះ​ផង​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម​ពី លោក លីវ សុវណ្ណា​។

សូម​រំឮក​ជូន​ថា ជន​ជាប់​ចោទ នួន ជា គឺ​ជា​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​ជួរ​មេដឹក​នាំ នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ ជា​បង​ធំទី២​បន្ទាប់​ពី ប៉ុល ពត និង​ជា​ដៃ​ស្ដាំ​របស់​លោក ប៉ុល ពត ដូច​គ្នា​។ ក្នុង​សម័យ​ខ្មែរ​ក្រហម នួន ជា មាន​មុខងារ​ជា​អនុ​លេខា​បក្ស​កុម្មុយ​នីស្ត​កម្ពុជា និង​ជា​ប្រធាន​តំណាង​សភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​។

បង​ធំទី២​របស់​ខ្មែរ​ក្រហម​មួយ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ឆ្នាំ២០០៧ ហើយ​នៅ​ក្នុង​ឆ្នាំ២០១៨ នួន ជា ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម ផ្ដន្ទា​ទោស​ពី​បទ​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​ការ​រំលោភ​បំពាន​ទៅ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩​។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ផ្ដន្ទា​ទោស​ទៅ​កាន់​ជន​ជាប់​ចោទ នួន ជា ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ នួន ជា បាន​ទទួល​មរណភាព នៅ​យប់​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​សារ​តែ​ជំងឺ​ប្រចាំ​កាយ នៅ​ក្នុង​វ័យ​៩៣​ឆ្នាំ​៕

អត្ថបទ​ដោយ៖ ងួន វឌ្ឍនៈ​បណ្ឌិត

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ