អានតួអត្ថបទ
កម្ពុជា

កវី​គង្គ​ ប៊ុន​ឈឿន ​ទទួល​មរណភាព​នៅ​ប្រទេស​ន័រវែស​

លោក គ​ង្គ ប៊ុន​ឈឿន កវី​ម្ចាស់​​ស្ទឹង​​សង្កែ បា​ន​ទទួល​​មរណភាព​​ក្នុង​អាយុ៧៧ឆ្នាំ ​​នៅ​​​ប្រទេស​ន័​រវែ​ស​ វេលា​​ម៉ោង៧ព្រឹក​ថ្ងៃទី១៧ មេសា​​នេះ។​ មរណភាព​​របស់​លោក​​ត្រូវ​បាន​​អ្នក​និពន្ធ​​ជំនាន់​​ក្រោយ​​ចាត់​ទុក​ថា​​​ជា​ការ​​បាត់​បង់​​ធនធាន​មនុស្ស​​ម្នាក់​​ក្នុង​​វិស័យ​​អក្សរសិល្ប៍​​ខ្មែរ​។  

កវី​ម្ចាស់​ស្ទឹង​សង្កែ ​គង្គ​ ប៊ុនឈឿន ​
កវី​ម្ចាស់​ស្ទឹង​សង្កែ ​គង្គ​ ប៊ុនឈឿន ​ @គង្គ​ ប៊ុនឈឿន ​
ផ្សាយពាណិជ្ជកម្ម

 

លោក គ​ង្គ ប៊ុន​ឈឿន រហ័ស​នាម​កវី​ម្ចាស់​ស្ទឹង​សង្កែ​គឺជា​អ្នកនិពន្ធ​មួយរូប ដែល​បាន​និពន្ធ​ប្រលោមលោក កំណាព្យ ចម្រៀង បទ​ភ្លេង និង​ជា​អ្នកដឹកនាំ​សម្តែង ហើយ​ម្តងម្កាល​លោក​ក៏​ធ្លាប់​ច្រៀង​ផងដែរ។ បើតាម​លោក មុត ថា​រី ជា​កូនប្រសា​របស់លោក​គ​ង្គ ប៊ុន​ឈឿន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ថា លោក គ​ង្គ ប៊ុន​ឈឿន បានទទួល​មរណភាព នៅវេលា​ម៉ោង ៧ និង២០នាទី ម៉ោង​នៅក្នុង​ប្រទេស​ន័​រវែ​ស។

កវី​ម្ចាស់​ស្ទឹង​សង្កែ កើត​នៅ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៣៩ នៅ​ភូមិ​ចំការ​សំរោង ឃុំ​ចំការ​សំរោង ស្រុក​បាត់ដំបង ខេត្តបាត់ដំបង។ លោក​គ​ង្គ ប៊ុន​ឈឿន មាន​ភរិយា​នាម តា​ត់ គិ​ម​លន និង​មានកូន៩នាក់ ហើយ២នាក់​បាន​ស្លាប់​នៅក្នុង​របប​ប៉ុលពត។  លោក​បាន​ចូលរៀន​អាយុ៨ឆ្នាំ និង​បាន​បន្ត​ការសិក្សា​រហូត​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា តែ​ដោយ​ទ័លក្រ លោក​ក៏​សម្រេចចិត្ត​ឈប់រៀន​នៅ​ឆ្នាំ១៩៥៧។

ក្នុង​ឆ្នាំ១៩៥៥ លោក​បាន​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ ហើយ​រយៈពេល២ឆ្នាំ​ក្រោយមក​លោក​បាន​ប្រឡង​ជាប់​លេខ១ តាមរយៈ​ស្នាដៃ ដែលមាន​ចំណងជើង​ថា “ស្នេហា​លុះ​អវសាន។ មុននឹង​លោក​ឈានទៅដល់​ការប្រឡង​ជាប់​លេខ​មួយ​នេះ លោក​ក៏មាន​ស្នាដៃ​ដំបូង​បំផុត ដែលមាន​ចំណងជើង​ថា “ទន្លេ​មរណៈ។

ក្នុងសម័យ​សង្គមរាស្ត្រនិយម​លោក​ក៏ត្រូវ​បាន​រាជ​ការចាប់​ដាក់ពន្ធនាគា​រ​អស់​រយៈពេល៦ខែ ដោយសារ​រឿង “វិមាន​នរក” ដែលមាន​ខ្លឹមសារ​រិះគន់​របប​នោះ។ នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​លោក​ក៏​ត្រូវបាន​ជាប់គុក​រយៈ​ពេល៦ខែ​ទៀត​ផងដែរ។ លុះ​ក្រោយពី​របប​នេះ​ចប់​ទៅ នៅ​ឆ្នាំ១៩៧៩ លោក​បាន​ចូល​បំរើការ​ងារ​នៅ​ក្រសួង​ឃោសនាការ។ លោក​គ​ង្គ ប៊ុន​ឈឿន តាមរយៈ​សៀវភៅ​របស់លោក​បាន​ឲ្យ​ដឹងថា​លោក​បាន​សរសេរ​រឿង​ប្រមាណ៨០រឿង​ហើយ។ លោក​បានចេញ​ផ្សាយ​សៀវភៅ​មួយ​នៅ​ឆ្នាំ២០០០ ដោយ​ដាក់​ចំណងជើង​ថា “កំណាព្យ​ស្នេហ៍​មាស” ដែលជា​កំណត់ហេតុ​ស្នាដៃ​ទាំងអស់​របស់លោក​ចាប់ពី​ទស្សវត្សរ៍​ទី៥០មក។

គិត​តាំង​ឆ្នាំ ១៩៦៣ រហូតមកដល់​ខែមេសា​ឆ្នាំ១៩៧៥ លោក​គ​ង្គ  ប៊ុន​ឈឿន​និ​ព​ន្ឋ​ទំនុកច្រៀង និង​បទ​ភ្លេង បាន​ជាង​ពីរ​រយ​បទ។ នៅ​ក្មេង​លោក ប៊ុន​ឈឿន ចូលចិត្ត​អ្នកចម្រៀង​ស៊ិន ស៊ី​សាមុត និង​អ្នកនិពន្ធ​បទ​ភ្លេង ទំនុកច្រៀង ពៅ ស៊ី​ផូ។ លោក​មាន​អនុស្សាវរីយ​ច្រើន​នៅ​ខេត្តបាត់ដំបង ហើយ​បទ​ចម្រៀង​របស់លោក​គ​ង្គ ប៊ុន​ឈឿន​ភាគច្រើន​តែងតែ​រៀបរាប់​ពី​ខេត្តបាត់ដំបង ដែលជា​កន្លែង​កំណើត។

មរណភាព​របស់លោក​ត្រូវបាន​អ្នកនិពន្ធ​ជំនាន់​ក្រោយ​ចាត់ទុកថា​ជាការ​បាត់បង់​ធនធានមនុស្ស​ម្នាក់​ក្នុង​វិស័យ​អក្សរសិល្ប៍​ខ្មែរ។ លោកស្រី​ប៉ាល់ វណ្ណា​វីរ​ក្ស ជា​អ្នកនិពន្ធ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កវី​ជំនាន់​ក្រោយ​គ្រប់រូប​គួរតែ​រៀនសូត្រ​ពី​ស្នាដៃ​ដ៏​ឧដុង្គឧត្តម​របស់គាត់។

ចំណែក​លោកស្រី អ៊ុំ សុ​ផានី ជា​អ្នកនិពន្ធ​បានបញ្ជាក់​ថា​រាល់​ស្នាដៃ​របស់គាត់​គឺមាន​គ្រប់​រសជាតិ ដែល​ធ្វើ​ឲ្យ​មានការ​គាំទ្រ​រហូតមក​ដល់​សព្វថ្ងៃ។ លោកស្រី​បាន​បន្ថែមថា ស្នាដៃ​របស់គាត់​បន្សល់​ទុក​នឹង​ក្លាយជា​មរតក​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ