អានតួអត្ថបទ
កម្ពុជា

កម្ពុជា​គ្រោង​សង់​មជ្ឈ​មណ្ឌល​ព័ត៌​មាន​នុយ​ក្លេអ៊ែរ​២កន្លែង

​កម្ពុជា​គ្រោ​​ងសាង​សង់​​មជ្ឈ​មណ្ឌល​ព័ត៌​មាន​អំពី​ថាមពល​នុយក្លេអ៊ែរ២កន្លែង ​ដើម្បី​អប់​រំផ្សព្វ​ផ្សាយ ​និង​លើក​កម្ពស់ការ​យល់​ដឹង​របស់សាធារណជន​ និង​ទាក់​ទាញ​សិស្ស​និស្សិត​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៍​លើ​វិទ្យា​សាស្ត្រ ​ជា​ពិសេស​រូប​វិទ្យា ​និង​គីមី​វិទ្យា។​ គម្រោង​សហការ​ជា​មួយ​រុស្ស៊ី​នេះ ​ធ្វើ​​ឡើង​​ក្រោយ​​ពេល​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុ​ន សែន ​បាន​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវ​ការ​នៅ​រុស្ស៊ី​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។​

រូបភាព​តំណាង​៖ កម្ពុជា​​គ្រោង​សាង​សង់​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​ថាមពល​នុយក្លេអ៊ែរ​២​កន្លែង​ ដើម្បី​អប់រំ​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​ និង​ទាក់ទាញ​សិស្ស​និស្សិត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍លើវិទ្យាសាស្ត្រ ជាពិសេសរូបវិទ្យា និងគីមីវិទ្យា។
រូបភាព​តំណាង​៖ កម្ពុជា​​គ្រោង​សាង​សង់​មជ្ឈមណ្ឌល​ព័ត៌មាន​អំពី​ថាមពល​នុយក្លេអ៊ែរ​២​កន្លែង​ ដើម្បី​អប់រំ​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សាធារណជន​ និង​ទាក់ទាញ​សិស្ស​និស្សិត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍លើវិទ្យាសាស្ត្រ ជាពិសេសរូបវិទ្យា និងគីមីវិទ្យា។ ©Reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​​ដំណាក់​កាល​នេះ ​កម្ពុជា​នឹង​ផ្តោត​លើ​ការ​អប​រំលើក​កម្ពស់ការ​យល់​ដឹង ​និង​ទាក់​ទាញ​សិស្ស​និស្សិត​ឲ្យ​ចាប់​អារម្មណ៍​លើការ​សិក្សា​​វិទ្យា​សាស្ត្រ ​ដូច​ជាគី​មី​វិទ្យា និ​ងរូប​វិទ្យា និ​ងវិស្វកម្ម​ជា​ដើម​។ នេះ​បើ​តាម​លោក​ ទិន​ ពន្លក អគ្គ​លេខាធិការ​ក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ទី១៨ ​ខែសី​ហា។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​កម្ពុជា​ក៏​នឹងផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​​ នៅ​ក្នុង​វិស័យ​ស៊ីវិល​ផ្សេង​ៗ ​ក្រៅ​ពី​ការ​ផលិត​ថាមពល​អគ្គិសនី​ជំហាន​ដំបូង ​ដូច​ជា​វិស័យ​ឧស្សា​ហកម្ម ​វិស័យ​កសិកម្ម ​និង​វិស័យ​​វេជ្ជសាស្ត្រជា​ដើម​។ ​

លោក​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​លើក​ឡើង​ថា​ជំហាន​ទី​១មួយ ​នេះ​គឺ​ធ្វើ​ឡើង​ ដើម្បី​បង្កើត​ធន​ធានមនុស្ស ​និង​អ្នក​ជំនាញ​គ្រប់​គ្រាន់​សម្រាប់​ការ​អភិឌ្ឍ​ទៅ​មុខ​ទៀត។​ ចំពោះ​ការ​អភិវឌ្ឍ​ផ្សេងៗ ទៀត​លើប​ច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា។​

ក្រោយ​ពី​ឯក​ភាព​គ្នា​ជា​មួយ​ក្រសួង​អប់រំ ​លោក​ទិន ​ពន្លក​ បា​នឲ្យ​ដឹង​ថា​វិទ្យាសា្ថន​បច្ចេក​វិទ្យា​កម្ពុជា ​ឬ​សាលា​ទិច​ណូ ​បាន​ផ្តល់​ទី​តាំង​សម្រាប់​ការ​វាយ​តម្លៃ ​ក្នុង​ការ​សាង​សង់ ​និង​គូរប្លង់​ មជ្ឈ​មណ្ឌល​​ព័ត៌មាន​​ថា​ម​ពល​នុយ​ក្លេអ៊ែរ។ បើ​តាម​លោក​ ទិន ពន្លក ប្រសិន​បើ​គម្រោងទី១​នេះ ​ទទួល​បាន​ជោគ​ជ័យ​នោះ ​កម្ពុជា​នឹង​ស្នើ​ឲ្យ​ភាគី​រុស្ស៊ី​ពិចារណា​លើ​គម្រោងនេះ​មួយ​ទៀត ដែល​អាច​មាន​ទី​តាំង​ក្នុង​ខេត្ត​បាត់​ដំបង​។

កាល​ពី​ថ្ងៃទី១៧ ​ខែសី​ហា ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​​ដោយ​​ចីរភាព​​ បាន​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ទី១​ នៃ​ក្រុម​ការងា​ររួម ​កម្ពុជា-រុស្ស៊ី ​សម្រាប់​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិ​ការ​ ក្នុង​ការ​ប្រើ​ប្រាស់​ថា​មពលនុយ​ក្លេអ៊ែរ​ សម្រាប់​បម្រើ​ឱ្យ​គោល​បំណង​សន្តិភាព​នៅ​ក្រសួង​បរិស្ថាន​​។ នេះ​តាម​ព័ត៌​មាន​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​ក្រសួង​បរិស្ថាន​។

នៅ​ថ្ងៃទី១៨ ​នេះ ​កម្ពុជា ​និង​រុស៊្សី បា​ន​ទៅ​សិក្សា​ទី​តាំង​នៅ​ក្នុង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ​ដើម្បី​​រៀប​ចំមជ្ឈ​មណ្ឌល​ព័ត៌​មាននុយ​ក្លេអ៊ែរ​នេះ។​ យ៉ាង​ណាមិ​ញ ​បើតា​មលោក ​ទិន​ ពន្លក កម្ពុជា​មិន​ទាន់​បាន​ជជែក​គ្នា ​ពី​ពេល​វេលា​ច្បាស់​លាស់​ក្នុង​សាងសង់​មជ្ឈ​មណ្ឌល​នេះ​នៅ​ឡើយ​ទេ។​

គួរ​រំលឹក​ជូន​ថា ​ក្នុង​ដំណើរ​ទស្សនៈកិ​ច្ច​រយៈ​ពេល​៥ថ្ងៃ ​រប​ស់លោក​នាយ​ក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ក្នុង​ប្រទេស​រុស្ស៊ី កា​ល​ពី​ខែឧសភា ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-រុស្ស៊ី ​ខួប​លើក​ទី២០ ​កម្ពុជា ​និង​រុស្ស៊ី ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​៨ ក្នុង​នោះ​ក៏​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ ស្តីពី​ ការ​បង្កើត​ក្រុម​ការ​ងារ​រួម​ កម្ពុជា​-រុស្ស៊ី ​លើ​កិច្ច​ប្រតិ​បត្តិ​ការ​ក្នុង​ការ​ប្រើប្រាស់​ថាម​ពល​បរមាណូ​ក្នុង​គោល​បំណង​សន្តិភាព​ផង​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ