អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋកម្ពុជា​ផ្លាស់​ប្តូរ​មក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយទំ​នើប​

តាមរយៈ​វេទិកានៃ​ព្រឹត្តិការណ៍​អ៊ីន​ធឺណិត​បើក​ទូលាយ នៅ​ថ្ងៃទី១៦ សីហា នេះ ​ក្រុម​អ្នក​សារព័ត៌​មាន​កម្ពុជា បាន​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​កម្ពុជា​បច្ចុប្បន្ន បាន​ផ្លាស់​ប្តួរ​ទំលាប់​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដែល​មានដូច​ជាវិទ្យុ ទូរទស្សន៍ កាសែត​ជា​ដើម​នោះ ​មក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប Digital ទំនើប ជា​ពិសេស​ការប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណិត ដើម្បី​ទទួល​បាន​ព័ត៌​មាន​។

វេទិកា​នៃ​ព្រឹត្តិការណ៍​អ៊ីន​ធឺណិត​បើក​ទូលាយ ​នៅ​ថ្ងៃ​ទី១៦ សីហា ​នៅ​ភោជ​នីយ​ដ្ឋាន​ទន្លេ​បាសាក់២ ​
វេទិកា​នៃ​ព្រឹត្តិការណ៍​អ៊ីន​ធឺណិត​បើក​ទូលាយ ​នៅ​ថ្ងៃ​ទី១៦ សីហា ​នៅ​ភោជ​នីយ​ដ្ឋាន​ទន្លេ​បាសាក់២ ​ Open Cyber Talk
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ ប្រជា​ពល​រដ្ឋ​កម្ពុជា មួយ​ភាគ​បាន​បោះ​បង់​ចោល​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចាស់ ដោយបាន​ងាក​មក​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ទំនើប​វិញ។ មូល​ហេតុ​នៃ ការ​ផ្លាស់​ប្តូរ​និន្នាការ​នៃ​ការ​ប្រើ​ប្រាស់​ឬទទួល​យក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប​នេះ ត្រូវ​បាន​លោក សាយ ​មុន្នី ​ជា​សាស្ត្រាចារ្យផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​វិវឌ្ឍ​របស់​ពិភព​លោក ដែល​មាន​ការ​ជឿន​លឿនផ្នែក​បច្ចេក​វិទ្យា។ ដូច្នេះ ចង់ ឬ​មិន​ចង់ ប្រជា​ពល​រដ្ឋ​កម្ពុជា ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាទាំង​នោះ ដើម្បី​ទទួល​បាន​ព័ត៌​មាន​។​

ម្យ៉ាង​វិញ​ទៀត ដោយ​សារ​តែ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម័យ​ថ្មី​នេះ អាច​ផ្តល់​ជូន​អ្នក​ស្តាប់​ អ្នក​ទស្សនា អ្នក​អាន​នូវ​ព័ត៌​មាន​គ្រប់​បែប​យ៉ាង ដូច​ជា​វីដេអូ​ សម្លេង អត្ថបទ​ជាដើម ធ្វើ​ឲ្យ​ពួក​គាត់​ងាយ​ស្រួល​ក្នងការ​ជ្រើស​រើស។

ក្នុងវេទិកា ដែល​មាន​សិស្ស​និស្សិត​ចូល​រួម​ប្រមាណ ៤០​នាក់​នេះ ​លោក​ លាង ​ឌឺលុច មក​ពី​គេហ​ទំព័រ​សារព័ត៌​មាន​ថ្មីៗ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណិត ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​នេះ គឺដោយ​សារ​តែ​ព័ត៌​មាន​លឿន​ជាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាល​ពី​១០​ឆ្នាំ​មុន និង​តម្លៃ​ឧបរកណ៍ ​ដែល​អាច​ភ្ជាប់​អ៊ីន​ធឺណិតបាន​ក៏​មាន​តម្លៃ​សមរម្យ​ក្នុង​ប្រើប្រាស់។ ម៉្យាង​ទៀតដោយ​សារ តែ​ធម្មជាតិ​របស់​មនុស្ស​ចង់​ដឹង​ព័ត៌​មាន​ផងនោះ ទើប​ធ្វើ​ឲ្យ​មាន​ការ​តាម​ដាន​ព័ត៌​មាន​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន។
 

សេចក្តី​បំភ្លឺ​ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិតរបស់ក្រសួង​ប្រៃសនីយ៍​ កាល​ពីថ្ងៃទី ​២៥ ខែ​ឧសភា បានឲ្យ​ដឹង​ថា​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​បាន​ហក់​ពី​ជាង​៣សែន​នាក់​ ក្នុង​ឆ្នាំ​២០១០ មក​ដល់ ជាង ៥លាននាក់ ក្នុង​ខែកុម្ភៈ​ឆ្នាំ២០១៥ គឺ​កើន​ឡើង​ប្រមាណ​១៦​ដង ។ចំនួន​អ្នក​ប្រើប្រាស់​សេវា​ទូរ​ស័ព្ទ​ចល័ត​បាន​កើន​ឡើង​ចំនួន ២១,៩២ លាន​នាក់ ​ត្រឹម​ខែមិថុនា​ឆ្នាំ​២០១៤។

ខណៈ​ពេល​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ងាក​មក​ប្រើ​ប្រាស់​អ៊ីន​ធឺណិត ​ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Digital កាន់​តែច្រើន​នោះ រដ្ឋា​ភិបាល​បាន​ត្រៀម​នឹង​បង្កើត​ច្បាប់​មួយ​ ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម និង​បទ​ល្មើស​ទាំង​ឡាយតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍។ យ៉ាង​ណា​មិញ សង្គម​ស៊ីវិល​មួយ​ចំនួន​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះសេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ។ 

សូម​បញ្ជាក់​ថា​ព្រឹត្តិ​ការណ៍​អ៊ីន​ធឺណិត​បើក​ទូលាយ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋានទន្លេបាសាក់២ នៅ​ថ្ងៃ​ទី​១៦ សីហា នេះ បាន​លើក​ឡើង​នូវ​ប្រធាន​បទ​ចំនួន​បួន ដែល​មាន​ដូច​ជា សិទ្ធិ​ប្រើប្រាស់​អ៊ីន​ធឺ​ណិត បណ្តាញ​សង្គម​យក្ស ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​សុវត្ថិភាព​អ៊ីន​ធឺណិត និង​សារព័ត៌មាន​លើ​បណ្តាញ និងព័ត៌មាន​ទាន់​ហេតុការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ