អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អតីត​ចៅ​សង្កាត់​បក្ស​ប្រឆាំង​មួយ​រូប​ចូល​សារ​ភាព​ក្រោយ​តុលា​ការ​ចោទ​ថា​រួម​គំនិត​ក្បត់​ជាមួយ​ លោក សម រង្ស៊ី​

អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី២ ខណ្ឌ​ទួល​គោក​របស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ លោកស្រី សេង សុខន កាល​ពីថ្ងៃទី០៩ ខែតុលា ម្សិល​មិញ​នេះ បាន​ចូល​សារ​ភាព​ពី​ទោស​កំហុស​របស់​ខ្លួន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​។ នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ក្រៅ​ពី​សារ​ភាព លោកស្រី សេង សុខន ក៏​បាន​ធ្វើ​ការ​ថ្កោល​ទោស​លោក សម រង្ស៊ី ផង​ដែរ ដែល​បាន​អំពាវ​នាវ​ឱ្យ​យោធា និង ពល​រដ្ឋ​ងើប​បះបោរ នឹង​ទង្វើ​ប្រមាថ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​។ 

លោកស្រី សេង សុខន
លោកស្រី សេង សុខន @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង​៤នាទី​ដែល​ផលិត​ឡើង​ដោយ​អង្គ​ភាព​ព័ត៌​មាន និង​ប្រតិ​កម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា លោកស្រី សេង សុខន បាន​សារភាព​ថា កន្លង​មក លោក​ស្រី​បាន​ទទួល​ធ្វើ​សកម្មភាព​តាម​ការ​ណែ​នាំ​របស់​លោក សម រង្ស៊ី ដូច​ជា​ឧស្សាហ៍​ជួប​ជុំ​គ្នា​ឱ្យ​បាន​ញឹក​ញាប់​តាម​រយៈ​កម្មវិធី​ផ្សេងៗ​មាន​ជា​អាទិ៍ ជួប​ជុំ​គ្នា​បរិភោគ​នំ​បញ្ចុក​ជា​ដើម​។ នៅ​ចុង​ក្រោយ​នេះ លោក​ស្រី​បាន​ទទួល​ផែន​ការ​ពី​លោក សម រង្ស៊ី ឱ្យ​ជួយ​បំផុស​បំផុល​ប្រជា​ពល​រដ្ឋ​ឱ្យ​ទៅ​ទទួល​រូប​លោក​ដែល​នឹង​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​។

ជា​ការ​កត់​សម្គាល់ ការ​ចូល​សារ​ភាព​របស់​លោកស្រី សេង សុខន នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​កាល​ពីថ្ងៃទី២៦ ខែ​កញ្ញា​កន្លង​ទៅ​បាន​ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី ក្នុង​ផែន​ការ​ផ្ដួល​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់ និង របប​រាជា​និយម​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ខាង​មុខ​។

ក៏​ប៉ុន្តែ អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី២ ខណ្ឌ​ទួល​គោក​រូប​នេះ បាន​គូស​បញ្ជាក់​ថា មូល​ហេតុ​ដែល​លោក​ស្រី​សុខ​ចិត្ត​ចូល​សារ​ភាព​នេះ គឺ​ព្រោះ​លោក​ស្រី​មើល​ឃើញ​ពី​ការ​ធ្វើ​សកម្ម​ភាព​មិន​ត្រឹម​ត្រូវ​របស់​លោក​សម រង្ស៊ី ដែល​បាន​អំពាវ​នាវ​ឱ្យ​កង​ទ័ព និង ប្រជា​ពលរដ្ឋ​ងើប​បះបោរ​ប្រឆាំងនឹង​រដ្ឋា​ភិបាល​កម្ពុជា និង សកម្មភាព​ប្រមាថ​ដល់​អង្គ​ព្រះ​មហាក្សត្រ​។ លោក​ស្រី​បាន​ថ្កោល​ទោស​សកម្មភាព​របស់​លោក​សម រង្ស៊ីទាំងនេះ និង ហៅ​ទង្វើ​នេះ​ថា ជា​ទង្វើ​ក្បត់​ជាតិ​ដូច​រដ្ឋា​ភិបាល​កម្ពុជា​ដែរ​។ មិន​តែ​ប៉ុណ្ណោះ លោក​ស្រី ក៏​បាន​អំពាវ​នាវ​ដល់​សកម្ម​ជន និង ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀត​ឱ្យ​មក​ចូល​រួម​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​រួម​គា្ន​ថែ​រក្សា​សន្តិ​ភាព​។

សូម​បញ្ជាក់​ថា នេះ គឺ​ជា​ករណី​ទីមួយ​ហើយ​ដែល​សមាជិក​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​បាន​ចូល​សារ​ភាព​នូវ​ទោស​កំហុស​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ និង​ចូល​រូម​សកម្មភាព​ជាមួយ​លោក សម រង្ស៊ី ដែល​រដ្ឋា​ភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ទង្វើ​ក្បត់​ជាតិ​។ ការ​ចូល​សារ​ភាព​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អាជ្ញា​ធរ និង តុលា​ការ​កម្ពុជា កំពុង​បន្ត​ចាត់​វិធាន​ការ​ច្បាប់​លើ​អ្នក​គាំទ្រ និង​ចូល​រូម​ក្នុង​ផែន​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី​។ គិត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ជិត​៤០​នាក់​ហើយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ខណៈ​ជាង​២០០​នាក់​ទៀត​ត្រូវ​បាន​តុលា​ការ​ខេត្ត ក្រុង​នា​នា​ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ