អានតួអត្ថបទ
កម្ពុជា-ច្បាប់

​សកម្ម​ជន​អតីត​បក្ស​ប្រឆាំង​៥រូប​ចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃ​នេះ ខណៈ​២១​នាក់​ទៀត​ត្រូវ​ចូល​នៅ​ថ្ងៃ​បន្ត​បន្ទាប់​

ដូចការ​កំណត់​របស់​តុលាការ​ខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​ពុធ​នេះ គឺ​មាន​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​ចំនួន​៥រូប ក្នុង​ចំណោម​២៦​រូប​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ ក្រោម​ការ​ចោទ​ប្រកាន់​ថា «ប្រឆាំង​នឹង​សាល​ដីកា​តុលាការ​កំពូល»​ដែល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧​។ បើ​ទោះ​ជា​តុលាការ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​ជោគ​វាសនា​របស់​សកម្មជន​ទាំង​នោះ​ក៏​ដោយ ប៉ុន្តែ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ទទួច​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ចប់​យុទ្ធនា​ការ​បៀត​បៀន​ដែល​មិន​សម​ហេតុ​ផល​ទៅ​លើ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ទាំង​នោះ​។ 

សកម្មជនអតីតបក្សប្រឆាំងដែលនឹងចូលបំភ្លឺក្នុងតុលាការ
សកម្មជនអតីតបក្សប្រឆាំងដែលនឹងចូលបំភ្លឺក្នុងតុលាការ @FB
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ គឺ​មាន​អតីត​មេឃុំ ចៅ​សង្កាត់ និង​អតីត​ក្រុម​ប្រឹក្សារបស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​៣​រូប​បាន​ចូល​បំភ្លឺ​តាម​ការ​កំណត់ មាន លោក តុន សាម៉ន ​លោក រឿន កែម និងលោក សម វង្ស​ដារា ខណៈ​មន្រ្តី​២រូប​ផ្សេង​ទៀត ត្រូវ​ចូល​បំភ្លឺ​នា​ពេល​រសៀល​។ នៅ​គ្រា​នោះ​ក៏​មាន​អ្នក​គាំទ្រ​ជា​ង​៦០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្រៅតុលាការ​ផងដែរ។

តាមរយៈ​សេចក្តី​ថ្លែងការណ៍នៅថ្ងៃទី៨​ខែឧសភា អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​អន្តរជាតិ Human Rights Watch បាន​ទទួច​ថា​អាជ្ញាធរ​កម្ពុជា​គួរ​តែ​បញ្ឈប់​ការ​យាយី​អតីត​សមាជិក​គណបក្ស​ប្រឆាំង​តាម​ផ្លូវ​តុលាការ​។ លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​នេះ បាន​និយាយ​ថា "រដ្ឋា​ភិបាល​កម្ពុជា​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​ដោយ​ប្រើ​តុលាការ​និង​គំរាម​កំហែង​ពួក​គេ​ដោយ​ចាប់​ដាក់​គុក​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ត្រូវ​បាន​រំលាយ​ដោយ​អយុត្តិធម៌​"។

បើ​ទោះ​ជា​បែប​នេះ​ក្តី រដ្ឋា​ភិបាល​គួរ​បញ្ចប់​យុទ្ធនា​ការ​បៀត​បៀន​នយោបាយ​ភ្លាមៗ​ទៅ​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ទម្លាក់​ចោល​រឿង​ក្តី​ចុង​ក្រោយ​នេះ ដែល លោក Brad Adams ចាត់​ទុក​ថា ធ្វើ​ឡើង«មិន​សម​ហេតុ​ផល»។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​។

​គួរ​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​០៨​ឧសភា គឺ​មាន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌ​និង​ខេត្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់តំបង​ចំនួន​២៦​រូប​ហើយ ត្រូវ​បាន​តុលាការ​ខេត្ត​នេះ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ជា​បន្ត​បន្ទាប់​គ្នា​ចាប់​ពី​ថ្ងៃទី៨​ខែ​ឧសភា​ដល់​ចុង​ខែ​នេះ​។

បើ​តាម​ដីកា​របស់​តុលាការ​ខេត្ត​បាត់​ដំបង ការ​កោះ​ហៅ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ហោច​ណាស់​២៦​នាក់ ក្នុង​នោះ​ក៏​ស្រ្តី​ម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​៣ខែ​ផង​ដែរ(បើតាម លោកស្រី មូរ សុខហួរ) ឲ្យចូល​បំភ្លឺ​ក្នុងសំណុំ​រឿង​ប្រឆាំង​សាលដីកា​តុលាការ​កំពូល។​ តុលាការកំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៧ មុន​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ថ្ងៃ២៩​កក្កដា​ឆ្នាំ​២០១៨​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ