អានតួអត្ថបទ
កម្ពុជា-នយោបាយ

ជំនួប១​ម៉ោង​កន្លះ​រវាង​បក្ស​ប្រឆាំង និង​ក្រសួង​មហាផ្ទៃ គ្មាន​បាន​ដោះ​ស្រាយ​បញ្ហា​អី​ចេញ

តំណាង​បក្ស​សង្រ្គោះ​ជាតិ​ និង​តំណាង​ក្រសួង​មហាផ្ទៃ បាន​ចំណាយ​ពេល ១​ម៉ោង​កន្លះ​កាល​ពី​រសៀល​ម្សិល​មិញ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សមាជ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​ដែល​ក្រសួង​ចោទ​ថា ខុស​នឹង​លក្ខន្តិក​បក្ស។ ប៉ុន្តែ​ជំនួប​នេះ មិន​បាន​ផ្តល់​លទ្ធផល​អ្វី​ទេ គឺ​គ្មាន​បាន​ដោះ​ស្រាយ​បញ្ហា​អ្វី​ចេញ​ឡើយ ។

ជំនួប ១​​ម៉ោង​​កន្លះ​​រវាង​​បក្ស​​ប្រឆាំង និង​​ក្រសួង​​មហា​ផ្ទៃ គ្មាន​​បាន​​ដោះ​​ស្រាយ​​បញ្ហា​​អី​​ចេញ
ជំនួប ១​​ម៉ោង​​កន្លះ​​រវាង​​បក្ស​​ប្រឆាំង និង​​ក្រសួង​​មហា​ផ្ទៃ គ្មាន​​បាន​​ដោះ​​ស្រាយ​​បញ្ហា​​អី​​ចេញ @RFI
ផ្សាយពាណិជ្ជកម្ម

បញ្ហា​គឺ​នៅ​ត្រង់​ថា ក្រសួង​មហាផ្ទៃ​នៅ​តែ​អះអាង​ថា សមាជ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​របស់​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​ឡើង​ផ្ទុយ​នឹង​លក្ខន្តិក​គណបក្ស​ប្រឆាំង​ដែល​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​ដដែល។ ក៏​ប៉ុន្តែ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ បាន​បញ្ជាក់​បញ្រ្ចាស​គ្នា​វិញ​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​នូវ​ដំណើរការ​នៃ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​ថែម​ទាំង​មិន​យល់​ទាស់​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​ ៤៥ និង​ប្រការ ៤៧​នៃ​លក្ខន្តិក​របស់​គណបក្ស​សង្រ្គោះ​ជាតិ។ បន្ថែម​លើ​នេះ លោក​អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​ថ្មី​គណបក្ស​ប្រឆាំង ចង់​ឲ្យ​ក្រសួង​មហាផ្ទៃ​ចេញ​លិខិត​ផ្លូវ​ការ​មួយ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ដំណើការ​ទាំង​នេះ​ថែម​ទៀត។

សូម​ជំរាប​ជូន​ថា មុន​កិច្ច​ប្រជុំ​នេះ​កើត​ឡើង ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ថា គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បី​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​គណបក្ស​កាល​ពី​ថ្ងៃ​ទី ២ មីនា​កន្លង​ទៅ គឺ ខុស​នឹង​លក្ខន្តិក​របស់​ខ្លួន​ឯង​ត្រង់​ប្រការ ៤៧ ចំណុច​ទី ២ ។ គឺ​ប្រការ​នោះ តម្រូវ​ឲ្យ​អនុប្រធាន​គណបក្ស​គឺ​លោក​កឹម សុខា​ឡើង​ធ្វើ​ជា​ប្រធាន​ស្តីទី ​ខណៈ​ដែល​លោក​សម រង្ស៊ី​លា​លែង​តិច​ជាង ១៨​ខែ ហើយ​គណបក្ស​ត្រូវ​ជ្រើស​រើស​អនុប្រធាន​ថ្មី​មួយ​រូប​ទៀត​ចេញ​ពី​គណៈកម្មាធិការ​នាយក​គណបក្ស ​ដើម្បី​ជួយ​ការងារ​ប្រធាន​ស្តីទី ហើយ​ក្នុង​រយៈ​ពេល​លើសពី ១៨​ខែ​ទើប​គណបក្ស​អាច​ធ្វើ​សមាជ ​ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុ​ប្រធាន​បាន ​ដើម្បី​ដឹក​នាំ​រហូត​ដល់​ចប់​អាណត្តិ។ ក៏​ប៉ុន្តែ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​សមាជ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​គណបក្ស គឺ​បន្ទាប់​ពី​លោក​សម រង្ស៊ី បាន​លា​លែង​ប្រមាណ​ជា​ពីរ​ខែ​ប៉ុណ្ណោះ។

នៅ​ត្រង់​ចំណុច​នេះ ក្រសួង​មហាផ្ទៃ​បាន​សង្កត់​ធ្ងន់​ថា គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​សំណើរ​មក​កាន់​ក្រសួង​មហាផ្ទៃ​ឲ្យ​ទទួល​ស្គាល់​លក្ខន្តិក​ថ្មី​សិន ទើប​គណបក្ស​អាច​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដែល​មាន​ប្រធាន ១​រូប និង​អនុប្រធាន ៣​រូប​បាន ដែល​នេះ គឺ​ត្រឹម​ត្រូវ​តាម​លក្ខន្តិក។ លោក​ប្រាក់ សំអឿន ដែល​អគ្គនាយក អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ បាន​តម្រូវ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​កែ​តម្រូវ​ឲ្យ​ស្រប​តាម​លក្ខន្តិក​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ បើ​មិន​ដូច្នេះ​ទេ​ ក្រសួង​មហាផ្ទៃ​នឹង​មាន​វិធាន​ការ​ផ្សេង​ទៀត តែ​លោក​មិន​បាន​បង្ហាញ​ថា ជា​វិធានការ​បែប​ណា​ឡើយ។

សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ លោក​អេង ឆៃអ៊ាង បាន​គូស​បញ្ជាក់​ថា រឿង​ទាំង​នេះ គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស ហើយ​ក្រសួង​មហាផ្ទៃ​បាន​លូក​ដៃ​ចូល​មក​ជ្រៅ ដូច្នេះ គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ពិនិត្យ​ពិភាក្សា​បន្ថែម​ទៀត ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ ប៉ុន្តែ​លោក​អេង ឆៃអ៊ាង បាន​អះអាង​ហើយ​ថា បើ​ទោះ​បី​លក្ខន្តិក​ចាស់​ក្តី​ឬ​ថ្មី​ក្តី ក៏​លោក​កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ