អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ ៧​រូប ទំនង​មាន​វាសនា​មិន​ល្អ​ក្រោម​ឥទ្ធិពល​ច្បាប់​បក្ស​នយោបាយ​ថ្មី

យប់​មិញ​លោក​មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ទោស​ព្រោះ​សំណុំ​រឿង​ហិង្សា​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ ២០១៤​នោះ បាន​លា​លែង​ពី​សមាជិក​ភាព​គណៈកម្មា​ធិការ​នាយក​បក្ស​សង្រ្គោះ​ជាតិ ដែល​បើ​តាម​ការ​បញ្ជាក់​របស់​លោក គឺ​ព្រោះ​តែ​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​បក្ស​ដោយ​សារ​វិសាលភាព​ច្បាប់​គណបក្ស​នយោបាយ​ថ្មី។ ចេញ​ពី​ករណី​នេះ ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ៧​នាក់​ទៀត​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​ហិង្សា​នោះ​ដែរ។ នេះ អាច​ឲ្យ​គេ​សន្និដ្ឋាន​ជា​បឋម​ថា វាសនា​របស់​ពួក​គេ​ទំនង​ជា​មិន​ខុស​គ្នា​នឹង​លោក​មាជ សុវណ្ណារ៉ា​ទេ បើ​សិន​តុលាការ​ងាក​មក​បន្ត​ចាត់​ការ​ពួក​គេ​ក្នុង​សំណុំ​រឿង​នេះ។ ចាត់​ការ​ឬ​មិន​ចាត់​ការ​យ៉ាង​ណា​នោះ វា​ជា​រឿង​របស់​តុលាការ តែ​ពេល​នេះ វណ្ណ សុគន្ធា សូម​រំលឹក​ដំណើរ​រឿង​ក្តី​ក្តាំង​របស់​ពួក​គេ​ជូន​លោក​អ្នក​ស្ដាប់​ត​ទៅ៖

ក្រុមបាតុករ​គណបក្សសង្គ្រោះជាតិ​នៅទីលានប្រជាធិបតេយ្យ​នា​ពេល​កន្លង​មក
ក្រុមបាតុករ​គណបក្សសង្គ្រោះជាតិ​នៅទីលានប្រជាធិបតេយ្យ​នា​ពេល​កន្លង​មក Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដ៏​ហិង្សា​មួយ​រវាង​អ្នក​គាំទ្រ​គណបក្ស​​សង្រ្គោះ​ជាតិ និង​ក្រុម​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ ដែល​ពេល​នោះ គេ​ក៏​ឃើញ​មាន​វត្តមាន​តំណាង​រាស្រ្ត​ និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ទី​នោះ​ផង​ដែរ។ ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រមូល​ផ្តុំ​គ្នា​ដង្ហែ​ទៅ​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​ដែល​អាជ្ញាធរ​ហ៊ុម​ព័ន្ធ​ដោយ​បន្លា​លួស។ សន្តិសុខ​មួយ​ចំនួន បាន​របួស​នៅ​ក្នុង​អំពើ​ហិង្សា​នា​ពេល​នោះ។

បន្ទាប់​ពី​រឿង​រ៉ាវ​ប៉ះ​ទង្គិច​គ្នា​នេះ​ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ៥​នាក់​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​នៅ​នឹង​ខ្លួន ហើយ​ពីរ​នាក់​ក៏​បាន​ជាប់​ចោទ​ក្នុង​អំពើ​ហិង្សា​នេះ​ដែរ។ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ៧​នាក់ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ដឹក​នាំ​បាតុកម្ម​ខុស​ច្បាប់ ដែល​បាន​បង្ក​អំពើ​ហិង្សា​ដាក់​លើ​សមត្ថកិច្ច នៅ​ឯ​ទី​លាន​ប្រជាធិបតេយ្យ ។

ក្រោយ​ពី​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​សង្រ្គោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​បន្ទាប់​មក ចំណាត់​ការ​របស់​តុលាការ​មិន​មាន​សកម្មភាព​ណា​មួយ​ទៅ​លើ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ គឺ​មាន​តែ​ទៅ​លើ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ពេល​នេះ​កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ យ៉ាង​ណា​ក៏​ដោយ សំណុំ​រឿង​របស់​អ្នក​តំណាង​រាស្រ្ត​ទាំង ៧​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។ លោក​សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​លើក​ឡើង​ថា តុលាការ​អាច​បើក​កកាយ​សំណុំ​រឿង​ណា​មួយ​ឡើង​វិញ​នៅ​ពេល​ណា​ក៏​បាន បើ​សិន​សំណុំ​រឿង​នោះ​មិន​ទាន់​បិទ។

ប្រសិន​បើ​តុលាការ​ងាក​មក​ចាត់​ការ​លើ​សំណុំ​រឿង​នេះ និង​ផ្តន្ទា​ទោស​លើ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង ៧​នាក់​នោះ វាសនា​របស់​ពួក​គេ​ទំនង​មិន​ខុស​គ្នា​នឹង​លោក​មាជ សុវណ្ណារ៉ា​ឡើយ។ លោក​មាជ សុវណ្ណារ៉ា ដែល​សុំ​លា​លែង​មុន​ត្រូវ​អស់​តំណែង​ដោយ​សារ​តែ​វិសាលភាព​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ថ្មី។ សម្រាប់​លោក​ស្រី​មួរ សុងហួរ លោក​ស្រី ប្រាប់​ថា មិន​ព្រួយ​បារម្ភ​ទេ​ចំពោះ​បញ្ហា​ទាំង​អស់​នេះ។ ប៉ុន្តែ​អ្វី​ដែល​លោក​ស្រី​ព្រួយ​បារម្ភ និង​ចង់​បាន​នោះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ