អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្រ្គោះ​ជាតិ​សម្រេច​មិន​ចូល​ប្រជុំ​សភា​នៅថ្ងៃស្អែក ខណៈ​បក្ស​ប្រជា​ជន​នឹងអនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ​បាន​សម្រេច​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា​វិសាមញ្ញនៅ​ថ្ងៃទី២០​ ខែ​​កុម្ភៈ​ទេ។ បក្ស​ប្រឆាំងថាខ្លួន​មិន​គាំទ្រ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ឡើយ។ បក្ស​កាន់​អំណាច​វិញ​បញ្ជាក់​ថា សម្លេង​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជនគ្រប់​គ្រាន់​ហើយ សម្រាប់​ការ​ធ្វើវិសោធនកម្មច្បាប់​នេះ​នៅថ្ងៃស្អែក។

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិទាំង៥៥រូបចូលស្បថនៅព្រះបរមរាជវាំងថ្ងៃទី០៥ខែសីហាឆ្នាំ២០១៤ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ នេះ​ បាន​បើក​កិច្ច​ប្រជុំ​មួយ ដើម្បី​ពិនិត្យលើ​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​បាន​សម្រេច​មិន​ចូល​រួម​ក្នុង​កិច្ចប្រជុំសភា ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ទេ។  

 
បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​ក្រោយ​កិច្ច​ប្រជុំ ក្រុម​សមា​ជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ មិន​គាំទ្រ​លើ​សំណើ​ធ្វើវិសោធន​កម្ម​ច្បាប់​នេះ​ ដោយ​សារ​តែ​ទី​១ សេច​ក្តី​ស្នើ​ច្បាប់​នេះ​នឹង​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​ឯក​ភាព​ជាតិ, ទី២ ខ្លឹម​សារ​ក្នុង​សេច​ក្តី​ស្នើ​ច្បាប់​មាន​លក្ខណៈ​ផ្ទុយ​ពី​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស, ទី៣ សំណើ​វិសោធន​កម្ម​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ទី៤វិសោធនកម្ម​នេះ គឺ​ធ្វើ​ឡើង​ដោយប្រញាប់​ប្រញាល់ ​ហើយ​អាច​យក​មក​ប្រើ ដើម្បី​គាប​សង្កត់ និង​បំផ្លាញ​គណបក្ស​ដែរ​។

បើទោះ​បី​ជា​មិន​ចូល​រួម​ប្រជុំ​រដ្ឋស​ភាវិសាមញ្ញ ក៏​ដោយ ​លោក​យឹម សុវណ្ណអ្នកនាំពាក្យគណបក្សប្រឆាំងបាន​ឲ្យ​ដឹង​ថា​ក្រុម​តំណាង​រាស្ត្ររបស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តែ​បន្ត​ធ្វើ​ការងារ​​នៅ​ក្នុង​រដ្ឋ​សភា​ដដែល​។ លោក​បន្ថែម​ថា​ ក្រុម​តំណាង​រាស្ត្របក្ស​ប្រឆាំង នឹង​ចូល​រួម​ជជែក​ពិភាក្សា​រាល់​សេច​ក្តី​ព្រាង​ច្បាប់​ទាំង​ឡាយ​ណា ដែល​មាន​ប្រយោជន៍​ដល់​ជាតិ និង​ប្រជា​ពលរដ្ឋ ហើយ​មិន​ប៉ះពាល់​ដល់​រដ្ឋ​ធម្មនុញ្ញ និង​គោល​ការណ៍​ប្រជា​ធិបតេយ្យ។

លោក​សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ​ នេះ​ថា​ការសម្រេច​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​នេះ​ចំពោះ​មុខរដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ចំពោះ​បទ​បញ្ជា​ផ្ទៃ​ក្នុង​​រដ្ឋ​សភា។ លោក​បន្ថែម​ថាទោះ​បី​ជា​គ្មាន​វត្ត​មាន​តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​ក៏​រដ្ឋ​សភា​នៅ​តែ​ប្រជុំ​បាន​សម្រេច​ដដែល​ទេ ព្រោះ​តំណាង​រាស្ត្រ​របស់​គណបក្ស​កាន់អំណាច​គឺ​មាន​លើស​ពី៥០ភាគរយ​បូក​១ហើយ​។

កាល​ពី​ថ្ងៃទី១៧ ខែកុម្ភៈ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត (ERA) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ចោទប្រកាន់​ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដោយ​គណបក្ស​ប្រជា​ជន តាម​សំណើរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា​ជា​ចេតនា​ដើម្បី​ផ្អាក បញ្ឈប់ ឬ​រំលាយ​គណបក្ស​នយោបាយ និងថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ។

 
សូម​បញ្ជាក់​ថា សំណើ​សុំ​ធ្វើ​វិសោធន​កម្ម​លើ​ច្បាប់ ស្តីពី​គណបក្ស​នយោបាយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្តួច​ផ្តើម​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា។ លោក​ហ៊ុន សែន​ធ្លាប់​លើក​ឡើង​ថា​អ្នក​មាន​ទោស នឹង​មិន​អាច​ធ្វើជា​ប្រធាន អនុ​ប្រធាន គណបក្ស នយោបាយ​បានទេ ហើយ​បើ​ទោស​ធ្ងន់​ធ្ងរ និង​អាច​រំលាយ​គណបក្ស ​ថែមទៀត​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ