អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​នឹង​កោះ​ហៅ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​សួរ​នាំ​អំពី​ការ​មិន​ឲ្យ​កម្មករ​ឈប់​សម្រាក​គ្រប់​គ្រាន់ទៅ​បោះ​ឆ្នោត

ក្រុម​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ​កំពុង​សរសេរ​លិខិត​ដាក់​ទៅ​រដ្ឋសភា​បន្ត​ទៅ​រដ្ឋាភិបាល ដើម្បី​ស្នើ​កោះ​អញ្ជើញ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​លោក​អ៊ិត សំហេង មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​ជុំវិញ​ការ​មិន​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​ឃុំ សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ មិថុនា​កន្លង​ទៅ។ លោក​សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា បើ​លិខិត​ស្នើ​សុំ​ធ្វើ​រួច​ថ្ងៃ​នេះ​គឺ​ដាក់​ទៅ​រដ្ឋសភា​ថ្ងៃ​ហ្នឹង​តែ​ម្តង ហើយ​ក្រុម​តំណាង​រាស្រ្ត​ចង់​ឲ្យ​លោក​អ៊ិត សំហេង​ចូល​មក​រដ្ឋសភា​នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ @RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សំណួរ​សំខាន់​ដែល​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចង់​សួរ​ដេញ​ដោល​ទាមទារ​រក​ចម្លើយ​ពី​លោក​រដ្ឋមន្រ្តី​អ៊ិត សំហេង​នោះ គឺ​ថា​ហេតុអ្វី​បាន​ជា​ក្រសួង​ការងារ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​គ្រប់​គ្រាន់ ដើម្បី​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ដូច​អាណត្តិ​មុនៗ​ដូច្នេះ។ បើ​តាម​លោក​សុន ឆ័យ ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ចង់​បាន​ចម្លើយ​នេះ​ចេញ​ពី​មាត់​លោក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​តែ​ម្តង​នៅ​វិមាន​រដ្ឋសភា។ គួរ​ឲ្យ​ដឹង​ថា​ការ​ដែល​លោក​សុន ឆ័យ សម្រេច​ចិត្ត​សរសេរ​ស្នើ​ដូច​នេះ ដោយ​សារ​តែ​លោក​បាន​បរាជ័យ​ក្នុង​ការ​សួរ​ដោយ​ផ្ទាល់​និង​ចំពោះ​មុខ​ទៅ​កាន់​លោក​ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ដែល​តំណាង​រដ្ឋាភិបាល​កម្ពុជា​អំពី​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​អង្គារ ដោយ​លោក​ស ខេង​បាន​ឲ្យ​លោក​សរសេរ​លិខិត​ស្នើ​សុំ​មក​កាន់​រដ្ឋាភិបាល។

មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មិន​បាន​សួរ​ដេញ​ដោល​ទៅ​លើ​រដ្ឋមន្រ្តី​ណា​មួយ​ដែល​ខ្លួន​ចង់​បាន​ព័ត៌មាន​នោះ​ទេ។ នេះ គឺ​ដោយ​សារ​តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្រ្តី​របស់​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​ទៀត​ទេ ត្បិត​អី​ថា​តំណាង​រាស្រ្ត​សង្រ្គោះ​ជាតិ​បាន​ធ្វើ​ពហិកា​មិន​ចូល​រួម​ប្រជុំ​សភា។ នេះ គឺ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​លោក​សុន ឆ័យ ដែល​មិន​ហ៊ាន​រំពឹង​ជា​មុន​ថា លោក​អ៊ិត សំហេង​នឹង​ចូល​តាម​ការ​កោះ​អញ្ជើញ​ឫ​ក៏​យ៉ាង​ណា​នោះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក​សុន ឆ័យ អះអាង​ថា នឹង​ព្យាយាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កាល​ពី​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​ថ្ងៃ​ទី​៤ មិថុនា​កន្លង​ទៅ ថៅកែ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​កម្មការិនី​បាន​ឈប់​សម្រាក ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ឯ​ស្រុក​កំណើត​នៅ​បណ្តា​ខេត្ត​នានា​ឡើយ។ បើ​តាម​លោក​សុន ឆ័យ មាន​ការ​លើក​ឡើង​ថា ការ​ដែល​ក្រសួង​ការងារ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​នេះ ក៏​ព្រោះ​តែ​រឿង​នយោបាយ​ព្រោះ​ថា កម្មករ​កម្មការិនី​ខ្លះ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច។

លោក​ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ បាន​ពន្យល់​ជុំវិញ​ការ​ដែល​មិន​មាន​ការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​នេះ​ថា​ គឺ​ដោយ​សារ​តែ​ច្បាប់​បោះ​ឆ្នោត​ថ្មី។ ច្បាប់​បោះ​ឆ្នោត​ថ្មី ដែល​អនុញ្ញាត​ឲ្យ​កម្មករ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ជិត​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ។ ម៉្យាង​វិញ​ទៀត គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ក៏​មិន​បាន​ប្រាប់​ទៅ​ខាង​រោងចក្រ​ឲ្យ​ផ្តល់​ការ​ឈប់​សម្រាក​ណា​មួយ​ដល់​កម្មករ​ដែរ។ ជាមួយ​គ្នា​នេះ លោក​ហេង សួរ ក៏​បាន​សម្តែង​ការ​សោក​ស្តាយ​ដែល​ក្រុម​តំណាង​រាស្រ្ត​សង្រ្គោះ​ជាតិ​មិន​បាន​មើល​ច្បាប់​ឲ្យ​ច្បាស់​លាស់ ហើយ​នឹង​បរាជ័យ​ក្នុង​ការ​លើក​បញ្ហា​នេះ​ក្នុង​អំឡុង​ពេល​ចរចា​នយោបាយ និង​អនុម័ត​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ថ្មី។ សម្រាប់​លោក​ហេង សួរ ការ​ចង់​សួរ​ដេញ​ដោល​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ពី​សំណាក់​ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង គឺ​ផ្អែក​លើ​ទម្លាប់​ចាស់ មិន​មែន​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ