អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្ស​ប្រឆាំង​សុំ​ការ​យោគ​យល់​ពី​ក្រសួង​មហាផ្ទៃ​រឿង​លែង​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​នៅ​ក្នុង​ពន្ធនាគារ

នៅ​ព្រឹក​នេះ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​យោគ​យល់​ចំពោះ​រឿង​ដែល​ឈប់​ឲ្យ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ត​ទៅ​ទៀត។ ការ​សុំ​យោគ​យល់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ប្រកាស​លែង​អនុញ្ញាត​ដោយ​ចោទ​ថា តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មិន​ស្មោះ​ត្រង់​ជាមួយ​នឹង​សមត្ថកិច្ច​ប្រចាំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​ដឹកនាំ​ដោយ​លោក​ សុន ឆ័យ​ ក្នុង​ពេល​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​​ពន្ធនាគារព្រៃស នា​ពេល​កន្លង​មក។​
ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ​ដឹកនាំ​ដោយ​លោក​ សុន ឆ័យ​ ក្នុង​ពេល​ទៅ​សួរ​សុខ​ទុក្ខ​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជាប់​ឃុំ​នៅ​​ពន្ធនាគារព្រៃស នា​ពេល​កន្លង​មក។​ @Facebook
ផ្សាយពាណិជ្ជកម្ម

 

លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មាន​មូលហេតុ​ធំៗ​ចំនួន​ពីរ​ដែល​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ​សម្រេច​លែង​អនុញាត​ឲ្យ​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​ដូច​សព្វ​មួយ​ដង​ទៀត។ មូល​ហេតុ​ទី ១ គឺ​ដោយ​សារ​តែ​កាល​ពី​ថ្ងៃ​ពុធ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បន្លំ​នាំ​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ចូល​សុខ​ទុក្ខ​ជាមួយ​ខ្លួន។ ទី​២ គឺ​ដោយ​សារ​តែ​ការ​ចូល​សួរ​សុខ​ទុក្ខ​របស់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​កន្លង​មក មិន​មែន​ជា​ការ​សួរ​សុខ​ទុក្ខ​ធម្មតា តែ​ជា​ការ​សួរ​សុខ​ទុក្ខ​បែប​នយោបាយ ព្រោះ​ថា​បន្ទាប់​ពី​សួរ​សុខ​ទុក្ខ ក្រុម​តំណាង​រាស្រ្ត​តែង​តែ​ពាំនាំ​នូវ​សារ​នយោបាយ​របស់​អ្នក​ជាប់​ឃុំ​ប្រាប់​ដល់​ប្រជាពលរដ្ឋ។ លោក​ខៀវ សុភ័គ បាន​ចាត់​ទុក​ទង្វើ​ទាំង​នេះ​ថា គឺ​ជា​ការ​មិន​ស្មោះ​ត្រង់ និង​មើល​ស្រាល​ពន្ធនាគារ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ មាន​តែ​មេធាវី និង​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ប៉ុណ្ណោះ​ដែល​អាច​អនុញ្ញាត​ឲ្យ​ចូល​សុខ​ទុក្ខ​ពួក​គេ​បាន។

ប្រឈម​នឹង​បញ្ហា​នេះ លោក​ស្រី​មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​យោគ​យល់ និង​បន្ត​ឲ្យ​តំណាង​រាស្រ្ត​ និង​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ដូច​សព្វ​មួយ​ដង។ លោក​ស្រី​បាន​គូស​បញ្ជាក់​ថា រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ គឺ​ជា​រឿង​អចេតនា​បំផុត។ លោក​ស្រី​គូស​បញ្ជាក់​បន្ថែម​ថា រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នោះ គឺ​មិន​មែន​ជា​ការ​ប៉ុនប៉ង ឬ​ជា​ការ​រៀប​ចំ​ឡើង​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ​ឡើយ។ ដូច្នេះ​ហើយ​លោក​ស្រី​សង្ឃឹម​ថា ក្រសួង​មហាផ្ទៃ​នឹង​មាន​ការ​យោគ​យល់ និង​មាន​ដំណោះ​ស្រាយ​ចំពោះ​រឿង​នេះ។

លោក​ខៀវ សុភ័គ បាន​លើក​ឡើង​ថា លោក​ទទួល​យក​សំណើ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ប៉ុន្តែ​ដោយ​សារ​តែ​លោក​មិន​មែន​ជា​អ្នក​សម្រេច​លើ​បញ្ហា​នេះ ដូច្នេះ​លោក​មិន​អាច​បញ្ជាក់​បាន​ភា្លមៗ​ទេ ថា​តើ​ក្រសួង​នឹង​យោគ​យល់​ឫ​ក៏​យ៉ាង​ណា​នោះ​។ យ៉ាង​ណា​ក៏​ដោយ​ បើ​តាម​លោក​ខៀវ សុភ័គ នៅ​ពេល​នេះ ក្រសួង​មហាផ្ទៃ​កំពុង​រង់ចាំ​របាយការណ៍​ផ្លូវ​ការ​ពី​ពន្ធនាគារ​ទាក់​ទង​នឹង​រឿង​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ដែល​លោក​ចោទ​ថា តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បន្លំ​នាំ​ចូល​ក្នុង​ពន្ធនាគារ ដើម្បី​យក​មក​ពិនិត្យ និង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ