ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

​ការ​ស្ទង់​មតិ​៖ ​ពល​រដ្ឋ​ច្រើន​លើស​លប់​ចង់​ឲ្យ​រក្សា​ទុក​ឯកសារ​ពាក់​ព័ន្ធ​ខ្មែរ​ក្រហម ​នៅពេ​ល​សាលា​ក្តី​បិទ​ទ្វារ​

media  
មេដឹកនាំសម័យខ្មែរក្រហម @RFI

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ឬ​ហៅ​កាត់​ថា DC-Cam បាន​ចេញរបាយការណ៍ស្ទង់​មតិ​របស់​ខ្លួន​មួយ​កាលពី​ថ្ងៃពុធ ដោយបង្ហាញ​ថា ពលរដ្ឋប្រមាណ​៩៦​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិចំនួន១៥០០នាក់ ចង់​ឲ្យ​រក្សា​ទុក​សំណុំ​ឯកសារ​ និង​នីតិវិធី ដែល​​សាលា​ក្តី​ខ្មែរ​ក្រហមបាន​ប្រើ​ប្រាស់​ក្នុង​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​កន្លងមក។ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម បានគូសបញ្ជាក់ថា តាំងពីបើកទ្វារជាងមួយ​ឆ្នាំមកនេះគឺ មានឯកសារ​ជិត​១ម៉ឺនឯកសារ ​ត្រូវទុករក្សាទុក​នៅមជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ពាក់​ព័ន្ធ​នឹង​សាលាក្តី​ខ្មែរ​ក្រហម ​ដែលហៅកាត់ថាLCD។ 

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​គូសបញ្ជាក់ថា ការ​ស្ទង់​មតិ​នេះជាសិទ្ធិរបស់​អង្គការ​មួយ តែ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិតទេ ដោយសារតែ​មាន​សំណួរ​ជា​ច្រើន​ជា​សំណួរ​នាំ​មុខ​ហើយ​ពាក់​ព័ន្ធ​តែលើ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ (DC-Cam) បណ្ណាសារ​ជាតិ ​បណ្ណាល័យ ហ៊ុន សែន និង​កន្លែង​ផ្សេងទៀត។ ប៉ុន្តែ​ភ្លេចលើក​ឡើង ​អំពី​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ច្បាប់ពាក់​ព័ន្ធ​នឹង​សាលាក្តី​ខ្មែរ​ក្រហម ​ដែល​ហៅ​កាត់​ថាLCD។ នេះជា​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ដដែល​។

​បើតាម លោក នេត្រ ភក្ត្រា តាំងពី​បើក​ទ្វារ​ជាង​មួយ​ឆ្នាំ​មក​នេះ LCD ទទួល​បាន​ឯកសារ​ជិត​១ម៉ឺន​ឯកសារ​ហើយ ដើម្បី​ទុក​សម្រាប់​សាធារណៈ​ជន​ចូល​ទៅ​សិក្សា​ស្រាវ​ជ្រាវ បន្ទាប់​ពី​មាន​ការ​ឯកភាព​រវាង​អង្គការ​សហប្រជាជាតិ​ និង​រដ្ឋាភិបាល​កម្ពុជា​។ ចំណែក​អគារ និង​សាល​សវនាការ​របស់​សាលាក្តី​ខ្មែរ​ក្រហម គឺ​ជា​ផ្នែក​មួយ​កាត់​ចេញ​ពី​ទីតាំង​របស់​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​គោក ដែលតាម​កិច្ចព្រម​ព្រៀង​​នឹង​ត្រូវ​ប្រគល់ជូន​ទៅកងទ័ពវិញនៅពេល​តុលាការ​បញ្ចប់​ការងារ​របស់​ខ្លួន។ ប៉ុន្តែ​នៅ​ពេល​សួរថា តើ​គេអាចរក្សា​ទុក​សាល​សវនាការ​សម្រាប់​ឲ្យ​សាធារណៈ​ជន​ទៅ​ទស្សនាដែរឬទេ? លោក ភក្ត្រា​ បានបញ្ជាក់ថា សាលា​ក្ដី​កំពុងរង់​ចាំ​​ការ​សម្រេច​ជាថ្មី​របស់​រដ្ឋាភិបាល។

​យោង​តាម​ការ​​ស្ទង់​មតិ​​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ គឺពលរដ្ឋប្រមាណ​៩៦​ភាគ​រយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ គិត​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ទុក​សំណុំ​ឯកសា​រ​​​និង​នីតិវិធី​តុលាការរបស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ហៅ​​ថា​សាលា​ក្តី​ខ្មែរក្រហម​។

ការ​ស្ទង់​មតិនេះ គឺធ្វើទៅលើ​មនុស្ស​ចំនួន​ជាង​១៥០០​នាក់​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន ​៥ គឺមាន ខេត្ត​ព្រៃវែង កណ្តាល បាត់ដំបង កំពង់​ចាម និង​រាជធានី​ភ្នំពេញ​។

​របាយការណ៍​ស្ទង់​មតិ​នេះក៏បានសង្កត់បន្ថែមថា ​ស្ថាប័ន​ដែល​​រក្សា​ទុកឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម គឺត្រូវ​តែ​ជា​ស្ថាប័ន​​ឯករាជ្យ អព្យាក្រឹត និង​មិន​ត្រូវ​ពាក់ព័ន្ធ​ខាង​នយោបាយ​ឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ