ស្ថាបនិកនៃគណបក្សសិទ្ធិមនុស្សចេញមុខជំទាស់នឹងការរំលាយ
មួយថ្ងៃបន្ទាប់ពីគណបក្សសិទ្ធិមនុស្សបានប្រកាសរំលាយខ្លួនឯងចេញពីឆាកនយោបាយនោះ ស្រាប់តែនៅថ្ងៃនេះស្ថាបនិកនៃគណបក្សសិទ្ធិមនុស្សលោក អ៊ូ ច័ន្ទរ័ត្ន បានចេញមុខជំទាស់នឹងការរំលាយនេះ។ ហើយថា គ្មានហេតុផលណាដែលសមទំនងឈានដល់ការរំលាយនោះទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៣៨
លោក អ៊ូ ច័ន្ទរ័ត្ន ដែលបានអះអាងថា ជាអ្នកចូលរួមបង្កើតគណបក្សសិទ្ធិមនុស្សជាមួយលោក កឹម សុខា ប្រធានគណបក្ស បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា លោកមិនចូលរួមក្នុងការរំលាយគណបក្សសិទ្ធិមនុស្សឡើយ។ លោកក៏បានចោទជាសំណួរទៅកាន់សមាជិកដទៃទៀតថា តើការរំលាយគណបក្សសិទ្ធិមនុស្សនេះទទួលបានប្រយោជន៍អ្វីត្រឡប់មកវិញ។
តែយ៉ាងណាមិញ បើតាមការឯកភាពនៅក្នុងសេចក្ដីសម្រេចរបស់គណបក្សសិទ្ធិមនុស្សកាលពីថ្ងៃចន្ទម្សិលមិញ ការរំលាយគណបក្សសង្គ្រោះជាតិយោងទៅលើគោលការណ៍៣ចំណុច។ ទី១ បញ្ជាក់ពីជំហរនៃការរួបរួមក្រោមស្លាកគណបក្សសង្រ្គោះជាតិតែមួយគត់ មិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម។ ទី២ គឺមិនធ្វើតាម អ្វីដែលគូរប្រកួតឱ្យដើរ គឺក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ គេមានបំណងឱ្យយើងបែកគ្នាទៅរកគណបក្សចាស់រៀងៗខ្លួន។ ទី៣ គឺគោរពឆន្ទៈ:របស់ប្រជាពលរដ្ឋនិងម្ចាស់ឆ្នោតជាង៣លាននាក់ដោយនៅជាមួយគណបក្សសង្រ្គោះជាតិ។
ទោះជាមានហេតុផលបែបនេះក្ដី លោក អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា ជាហេតុផលមិនសមស្រប។ ឆ្លើយទៅនឹងសំណួរដែលសួរថា តើលោកនឹងធ្វើអ្វីបន្តទៀតបើមិនពេញចិត្តនឹងការរំលាយនេះ? លោក អ៊ូ ច័ន្ទរ័ត្ន បានគូសបញ្ជាក់ថា លោកកំពុងរងចាំមើលមតិមិនពេញចិត្តដទៃទៀត មុននឹងសម្រេចថាធ្វើអ្វីបន្តទៀត។
ជាការកត់សម្គាល់ជុំវិញការរំលាយគណបក្សសិទ្ធិមនុស្សនេះ មតិជាច្រើនក៏សម្ដែងការភ្ញាក់ផ្អើលមិនតិចដែរ ហើយថែមទាំងមិននឹកស្មានថា ស្ងាត់ៗគណបក្សមួយនេះចេញមុខមករំលាយខ្លួនឯងស្របពេល ដែលចលនាសង្គ្រោះជាតិថ្មីក្រោមការដឹកនាំរបស់លោក សម រង្ស៊ី បានប្រកាសលេចចេញរូបរាងជាផ្លូវការនៅថ្ងៃចន្ទម្សិលមិញដែលជាថ្ងៃតែមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ