អានតួអត្ថបទ
កម្ពុជា

លោកអ៊ូ វីរៈ ចេញ​ផ្សាយ​កំណត់ត្រា និង​ការវិភាគ​ស្ថានភាព​នយោបាយ​​កម្ពុជាបច្ចុប្បន្ន

កំណត់​ត្រា​សង្ខេប​ស្តីពី​ទិដ្ឋភាព​រួម និង​ការ​វិភាគ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា ដែល​មាន​កំរាស់​៣៩ ​ទំព័រ​ជា​ភាសាខ្មែរ និង​ជា​ភាសា​អង់គ្លេស កំរាស់​២០​ទំព័រ របស់​វេទិកា​អនាគត ដែល​មាន​លោក​អ៊ូ វីរៈជា​ប្រធាន​នោះ ត្រូវ​បាន​ដាក់​ចេញ​ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​៣ កុម្ភៈ​ម្សិល​មិញ​នេះ តាម​រយៈ​អន​ឡាញ។ កំណត់​ត្រា​សង្ខេប​នេះ​មាន​៧​ចំណុច​ធំៗ​ដែល​និយាយ​ពី​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា។ ក្នុង​នោះ​មាន​សេចក្តី​ផ្តើម បរិបទ​រួម ការ​វិភាគ ហានិភ័យ យុទ្ធសាស្ត្រ អនុសាសន៍​ផ្នែក​គោល​នយោបាយ និង​ចំណុច​ចុង​ក្រោយ​គឺ​សេចក្តី​សន្និដ្ឋាន។

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តី​ផ្តើម​បាន​បង្ហាញ​ថា កំណត់​ត្រា​សង្ខេប​នេះ​លើក​ឡើង​ពី​ទិដ្ឋភាព​រួម និង​ការ​វិភាគ​ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ជុំវិញ​ស្ថាន​ភាព​នយោបាយ​នា​ពេល​បច្បុប្បន្ន។ ដំបូង​កំណត់​ត្រា​នេះ ពិនិត្យ​មើល​លើ​ការ​វិវឌ្ឍ​ស្ថាន​ភាព​នយោបាយ​នានា​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​៦​ខែ​ចុងក្រោយ នៃ​ឆ្នាំ​២០១៥ មុន​នឹង​ធ្វើ​ការ​តាម​ដាន​ការ​វិវឌ្ឍ​ជុំវិញ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ទាំង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត និង​លទ្ធផល​ក្រោយ​ការ​បោះឆ្នោត ដែល​ជា​បរិបទ​សំខាន់​នាំ​ឲ្យ​មាន​ស្ថានភាព​នយោបាយ​មួយ​ដែល​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទាល់​តែ​សោះ។

ក្នុង​បរិបទ​រួម បង្ហាញ​ថា បើ​សង្កេត​មើល​ចាប់​ពី​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា និង​ប្រឈម​នឹង​បាតុកម្ម​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ប្រឆាំ​និង​រដ្ឋាភិបាល​អស់​ជា​ច្រើន​ខែ​រួច​មក លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន និង​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​ខ្លួន​ទំនង​ដូច​ជា​គ្រប់​គ្រង​ស្ថានការ​នយោបាយ​ឡើង​វិញ។ ក៏​ប៉ុន្តែ​ពាក់​កណ្តាល​ឆ្នាំ​២០១៥ គណបក្ស​ប្រជាជន​បាន​ធ្វើ​ការ​បង្រ្កាប​យ៉ាង​ហិង្សា និង​ដោយ​គ្មាន​ការ​រំពឹង​ទុក ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ប្រើ​យុទ្ធសាស្ត្រ​ជា​ច្រើន រួម​ទាំង​អំពើ​ហិង្សា ការ​បំភិត​បំភ័យ និង​ការ​យាយី​តាម​ផ្លូវ​តុលាការ។

បន្ត​ចូល​មក​ដល់​ចំណុច​វិភាគ​វិញ។ ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ជា​របត់​នៃ​ការ​ផ្លាស់​ប្តូរ​មួយ។ ថ្វី​បើ​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ជា​ច្រើន និង​យុទ្ធនាការ​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន​ដែល​មិន​មាន​លក្ខណៈ​ស្មើ​ភាព​គ្នា​យ៉ាង​ណា​ក្តី​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ក​បញ្ហា​ជា​ខ្លាំង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បញ្ហា​ដំបូង​នៅ​មណ្ឌល​បោះ ឆ្នោត និង​បញ្ហា​បន្ទាប់​គឺ​នៅ​តាម​ដង​វិថី​ក្នុង​រាជ​ធានី​ភ្នំពេញ។ ការ​ផ្លាស់​ប្តូរ​មួយ​ដែល​គណបក្ស​ប្រជាជន​បាន​ធ្វើ​នោះ​គឺ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​លោក​សាយ សំអាល់ ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក​សាយ ឈុំ ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ដោះស្រាយ​ករណី​រំលោភ​បំពាន​ធ្ងន់ធ្ងរ​កើត​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច។ បន្ទាប់​មក​មាន​លោក​ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ថ្មី​ទទួល​បន្ទុក​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ប្រាកដ​ប្រជា និង​ឃើញ​លទ្ធផល​ជាក់​ស្តែង​នៅ​ក្នុង​វិស័យ​អប់រំ។

ស្រដៀង​គ្នា​នេះ​ដែរ ក៏​មាន រដ្ឋ​មន្ត្រី​ថ្មី​ទទួល​បន្ទុក​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម លោកស៊ុន ចាន់ថុល បាន​ធ្វើ​ការ​ធានាថា​ សហគ្រាស​អាជីវកម្ម​អាច​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ថ្មី​តាម​ប្រព័ន្ធ​អនឡាញ​ផ្ទាល់ គិត​ត្រឹម​ថ្ងៃ​ទី​៤ មករា ឆ្នាំ២០១៦ ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ​មាន​តម្លៃ​ថោក ឆាប់​រហ័ស និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​ច្រើន​ជាង​មុន។

ក្នុង​កំណត់​ត្រា​សង្ខេប​របស់​លោក​អ៊ូ វីរៈ បាន​លើក​ឡើង​ថា ថ្វី​បើ​មាន​ចំណុច​អវិជ្ជមាន​ច្រើន​ក្តី តែ​ទាំង​អស់​នេះ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ដែល​គួរ​តែ​លើក​សរសើរ​ពី​គុណ​សម្បត្តិ​ខ្លះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ហេតុផល​ច្រើន​ណាស់ ដើម្បី​បង្កើត​ឡើង​ក្នុង​ការ​ចាប់​ផ្តើម​ប្រកួត​ប្រជែង​ជាមួយ​នឹង​គណបក្ស​ប្រជាជន​ដោយ​ផ្តោត​លើ​មូលដ្ឋាន​គ្រឹះ​នៃ​គោល​នយោបាយ និង​បង្ហាញ​ថា​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​ដឹកនាំ​រដ្ឋាភិបាល។

ក្រៅ​ពី​ចំណុច​ដែល​បាន​រៀប​រាប់​ខាង​លើ នៅ​មាន​ចំនុច​ហានិភ័យ យុទ្ធសាស្រ្ត អនុសាសន៍​ផ្នែក​គោល​នយោបាយ និង​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ ដែល​មាន​លម្អិត​នៅ​ក្នុង​កំណត់​ត្រា​សង្ខេប​ជា​ភាសា​ខ្មែរ ដែល​មាន​កំរាស់​៣៩ ទំព័រ​របស់​លោក​វិទ្យាស្ថាន​វេទិកា​អនាគត ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​អ៊ូ វីរៈ ជា​ប្រធាន និង​ជា​សកកម្មជន​សិទ្ធ​មនុស្ស ​និង​ជា​អ្នក​វិភាគ​ស្ថានភាព​នយោបាយ​ដ៏​សកម្ម​ម្នាក់​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ