អានតួអត្ថបទ
កម្ពុជា

តុលាការ​កំពូល​សម្រេច​ប្រកាស​សាលក្រម​លោក អ៊ុំ សំអាន​នៅ​ថ្ងៃ​ទី ១៧ សីហា

តុលាការ​កំពូល​នឹង​ប្រកាស​សាលក្រម​លោក អ៊ុំ សំអាន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ១៧ សីហា​សប្តាហ៍​ក្រោយ។ ការ​ប្រកាស​របស់​តុលាការ​កំពូល​ដូច្នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សាវនាការ​ដែល​ផ្ដោត​ទៅ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ដែល​ប្តឹង​ដោយ​លោក អ៊ុំ សំអាន​នៅ​ព្រឹក​ថ្ងៃ​ ទី ១០ សីហា​ឆ្នាំ ២០១៦​នេះ។អត្តបទដោយ ប៉ោ គីមហុក៖

តុលាការកំពូលនឹងប្រកាសសាលក្រមលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៧ សីហា
តុលាការកំពូលនឹងប្រកាសសាលក្រមលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ១៧ សីហា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បញ្ចប់​ការ​ជំនុំ​ជម្រះ​លោក ហែម សុជាតិ ការពារ​ក្ដី​ឲ្យ លោក អ៊ុំ សំអាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​លោក​មាន​ក្ដី​រំពឹង​ទុក​ខ្ពស់​ថា តុលាការ​កំពូល​នឹង​ធ្វើ​ការ​ពិចារណា​លើ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្ដី​លោក។ ការ​រំពឹង​ទុក​នេះ​ដោយ​លោក លើក​ហេតុ​ផល​ថា​មេធាវី​ទាំង​៣​រូប​ ដែល​ការពារ​ក្ដី​អោយ​លោក អ៊ុំ សំអាន សុទ្ធ​តែ​បាន​លើក​ឡើង​នូវ សំអាង​ផ្លូវ​ច្បាប់​ដែល​អាច​បញ្ជាក់​ថា លោក អ៊ុំ សំអាន​អាច​មាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ​បាន។ ការ​លើក​ឡើង​នេះ​ដោយសារ​តែ ទី​១ ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មិន​បាន​ចែង​ថា​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក​ជា​បទ​ល្មើស​នោះ​ទេ។ លុះត្រា​តែ មនុស្ស​ណា​ម្នាក់​ចូល​ទៅ​បំផ្លាញ​ទិន្នន័យ​តាម​ប្រព័ន្ធ​កំព្យូទ័រ​ទើប​ចាត់​ទុក​ថា​ជា​បទ​ល្មើស។

សំអាង​ផ្លូវ​ច្បាប់​ទី​២ គឺ​ដោយសារ​តែ ករណី​របស់​លោក អ៊ុំ សំអាន នេះ​មិន​មែន​ជា​បទ​ល្មើស​ជាក់​ស្ដែង​នោះ​ទេ។ តាម​មាត្រា​៨៦ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​បញ្ជាក់​ថា ការ​ចាត់​ទុក​ជា​បទ​ល្មើស​ជាក់​ស្ដែង​លុះត្រាណា​តែ មាន​ការ​ឃាត់​ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ការ​កើត​ហេតុ។ ការ​ឃាត់​ខ្លួន​លោក អ៊ុំ សំអាន នេះ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៦ ខណៈ​ដែល​ការ​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ ហ្វេសប៊ុក​ របស់​គាត់​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ២០១៥​មក​ម៉្លេះ។ បែប​នេះ​ហើយ​ករណី​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​តាម និតិវិធី​ដោយ​ស្នើ​សុំ​ទៅ​រដ្ឋសភា​ឲ្យ​មាន​ការ​ដក អភ័យឯកសិទ្ធិ​ ដែល​ត្រូវ​ធ្វើ​ឡើង​តាម​សម្លេង​ភាគ​ច្រើន ២​ភាគ ៣។ ហើយ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​ដក​អភ័យ​ឯក​សិទ្ធិ​លោក អ៊ុំ សំអាន​នៅ​ឡើយ​ទេ។

ហេតុផល​មួយ​ទៀត​ដោយសារ​តែ លោក អ៊ុំ សំអាន ជា​តំណាង​រាស្រ្ត​ ដែល​គាត់​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​លោក អ៊ុំ សំអាន ផ្អែក​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​នៅ​ក្នុង​មាត្រា ៨០។

គួរ​រម្លឹក​ថា លោក អ៊ុំ សំអាន ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាដិ៍ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ មេសា​ឆ្នាំ ២០១៦ បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​ផែនទី​ក្លែងក្លាយ​ស្ដី​ពី​ព្រំដែន កម្ពុជា វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ