អានតួអត្ថបទ
កម្ពុជា-នយោបាយ

​កិច្ច​ព្រម​ព្រៀង​ចំនួន​៦​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​រវាង​កម្ពុជា​និង​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ លោក ហ៊ុន សែន​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បិទ​បញ្ចប់​ទស្សន​កិច្ច​ជាផ្លូវការ​នៅប្រទេស​ចិន​ ហើយ​មក​ដល់​កម្ពុជា​វិញ​នៅរសៀល​ថ្ងៃចន្ទនេះ។ ក្នុង​រយៈពេល៥​ថ្ងៃ​នៃ​ដំណើរទស្សនកិច្ចនេះ គឺមានកិច្ចព្រម​ព្រៀង​ចំនួន​៦​ ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​សមភាគីកម្ពុជា និង​ ចិន ក្រោម​វត្តមាន​របស់​នាយករដ្ឋមន្ត្រីនៃប្រទេស​ទាំង​ពីរ​។ កិច្ចព្រម​ព្រៀង​ទាំងនោះ គឺសុទ្ធសឹងតែពាក់​ព័ន្ធ​នឹងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​របស់ប្រទេស​កម្ពុជា​និង​ចិន។ 

លោក​ ហ៊ុន សែន ជួបជាមួយភាគីខាងចិននាពេលថ្មីៗនេះ
លោក​ ហ៊ុន សែន ជួបជាមួយភាគីខាងចិននាពេលថ្មីៗនេះ @REUTERS
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយក​រដ្ឋ​មន្ត្រី​ចិន កាល​ពី​ថ្ងៃ​អាទិត្យ មេដឹក​នាំ​ទាំង​ពីរ​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ចំនួន៦ រួមមាន៖

ទី១៖ អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​បញ្ជី​គម្រោង​គន្លឹះ​វង់​ទី២ សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សមត្ថភាព​ផលិត និង​ការ​វិនិយោគ​។ ទី២៖ អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ នៃ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ច​ការ​គយ​។ ទី៣៖ អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ ស្តី​ពី​ការ​នាំ​អង្ករ​កម្ពុជា​ចំនួន​៤០​ម៉ឺន​តោន ចូល​ទីផ្សារ​ចិន​។ ទី៤៖ អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្រោម​យុទ្ធ​សាស្រ្ត​ចតុ​កោណ និង​គំនិត​ផ្តួច​ផ្តើម «ខ្សែ​ក្រវ៉ាត់ និង​ផ្លូវ»។ ទី៥៖ ផែន​ការ​សកម្មភាព ស្តី​ពី​ការ​បង្កើត​សហគមន៍​វាសនា​រួម កម្ពុជា-ចិន និងទី៦៖ កិច្ច​ព្រម​ព្រៀង ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច និង​បច្ចេក​ទេស ជា​ហិរញ្ញប្បទាន​ឥត​សំណង​។

ក្រៅ​ពី​កិច្ច​ព្រម​ព្រៀង​ចំនួន​៦ខាង​លើ​នេះ ក៏​មាន​កិច្ច​ព្រម​ព្រៀង​ចំនួន​៣ទៀត ដែល​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា ដោយ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា និង​តំណាង​ធនាគារ​របស់​ចិន ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ធនាគារ​ចិន ជាមួយ​នឹង​វិស័យ​ទេសចរណ៍ និង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា​។

ទាក់​ទង​នឹង​បញ្ហា​នយោបាយ​វិញ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា បាន​អះអាង​ថា រដ្ឋា​ភិបាល​ចិន​បាន​បង្ហាញ​ជំហរ​យ៉ាង​មុត​មាំ ក្នុង​ការ​ជួយ​ដោះ​ស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា ដែល​កម្ពុជា​ជួប​ប្រទះ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផង​ដែរ​។

បើ​តាម លោក វ៉ាន់ ហូនីង លេខា​ធិការ​នៃ​លេខា​ធិការ​ដ្ឋាន​បក្ស​កុម្មុយ​នីស្ត​ចិន ភាគី​ចិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ដក EBA របស់​សហភាព​អឺរ៉ុប​ពី​កម្ពុជា​រួច​ហើយ តែ​ចិន​យល់​ថា​មិន​មាន​ការ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេងៗ​ជួយ​ដល់​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ