ពលករជាង១,២លាននាក់នៅក្រៅប្រទេស បានផ្ញើថវិកា ២,៣លានដុល្លារមកគ្រួសារក្នុងមួយឆ្នាំ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថាកម្ពុជាបានបង្កើតការងាររហូតដល់ទៅ ៤,៨លាននាក់ ក្នុងនោះនៅក្នុងប្រទេសមានប្រមាណជា ៣,៦លាននាក់ និងពលករ ដែលធ្វើការងារនៅក្រៅប្រទេសមានចំនួន១,២លាននាក់។ ការលើកឡើងរបស់ក្រសួងការងារដូច្នេះ គឺធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃអង្គារម្សិលមិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៥
ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដែលមានការងារធ្វើនៅក្នុងស្រុកចំនួន៣,៦លាននាក់ មាន១,៤លាននាក់ បានបំរើការងារផ្នែកសេដកិច្ចក្នុងប្រព័ន្ធ និង២,២លាននាក់ទៀត បានបំរើការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមរបាយការណ៍ ដែលលើកឡើងដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញថាប្រជាពលរដ្ឋខ្មែរជាង៩៩,៣% មានការងារធ្វើ និងអត្រាអត់ការងារធ្វើមានតែ០,៧%ប៉ុណ្ណោះ នៃកម្លាំងពលកម្មសរុបជិត១០លាននាក់។
ជាទូទៅ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងបានរួមវិភាគទានយ៉ាងធំក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈកម្មករនិយោជិតនៃគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានប្រាក់ចំណូលជិត៣ពាន់លានដុល្លារ។
ក្រៅពីនេះ ពលរដ្ឋខ្មែរមានឱកាសការងារនៅក្រៅប្រទេស បាននាំមកចំណូលដល់ក្រុមគ្រួសារចំនួន២,៣ ពាន់លានដុល្លារ ដោយពលករខ្មែរទាំងនោះ ភាគច្រើនបានបំរើការងារនៅប្រទេស ថៃ គឺជាង១,១លាននាក់។ ក្រៅពីនេះ ពលករកម្ពុជាត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសមួយចំនួនទៀត ដូចជាកូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងអារ៉ាប៊ីសាអូឌីត។
តាមលោករដ្ឋមន្ត្រី អ៊ិត សំហេង ពលករកម្ពុជា ដែលចេញទៅធ្វើការនៅក្រៅប្រទេស ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនដែរពីរដ្ឋាភិបាល ក្នុងនោះមានភាពអនុគ្រោះ ដោយមិនបាច់បង់ថ្លៃលើលិខិតធ្វើដំណើរ ទទួលបានការការពារតាមផ្លូវច្បាប់ ផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនទាន់ស្របច្បាប់ បង្កើតមជ្ឈមណ្ឌលផ្តល់បណ្ណជូនពលករ និងអន្តរាគមន៍សង្គ្រោះនៅពេលមានហានិភ័យជាយថាហេតុ រួមទាំងការយកចិត្តទុកដាក់ផ្សេងៗទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ