ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
កម្ពុជា

កម្ពុជា​នឹង​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី​នៅ​ខែ​មិថុនា​ខាងមុខ​ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​ការពារ

media  
រដ្ឋមន្ត្រីការងារកម្ពុជានិងរដ្ឋមន្ត្រីធនធានមនុស្សម៉ាឡេស៊ីជួបគ្នានៅភ្នំពេញ FB

រដ្ឋ​​មន្ត្រី​​ក្រសួង​​ការងារ​​កម្ពុជា​​និង​​ រដ្ឋ​មន្ត្រី​​ក្រសួង​​ធនធាន​មនុស្ស​​ម៉ាឡេស៊ី ​​នៅ​​ថ្ងៃ​​អង្គារ​នេះ ​​បាន​​ជួប​​ជជែក​​គ្នា​​នៅ​ទី​ក្រុង​​ភ្នំពេញ​​ស្តីពី​​កា​រ​​ព​ន្លឿ​ន​​យន្តការ​បណ្តុះបណ្តាល​​និង​គ្រប់គ្រង​​ពលករ​​ខ្មែរ​​ទៅធ្វើ​ការ​​នៅ​​ប្រទេស​​ម៉ាឡេស៊ី​​។ ​​ការ​​ជជែក​​គ្នា​​នេះ​​បាន​​ធ្វើ​​ឡើង​បន្ទាប់ពី​​ប្រទេស​​ទាំង​ពីរ​​បាន​​ចុះ​​អនុស្សរណៈ​​កាល​ពី​​ពេល​ថ្មី​ៗ​នេះ ​ក្លាយជា​ប្រទេស​បញ្ជូន​និង​​ទទួល​​ពលករ​ខ្មែរ ​ទៅធ្វើ​ការ​​នៅ​ម៉ាឡេស៊ី​​ដោយ​ស្រប​ច្បាប់​។

បន្ទាប់​ពី​ជំនួប​ពិភាក្សា​គ្នា​រវាង​លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា ​និង​លោក ​Dato’ Sri Richard Riot Anak Jaem ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស​ម៉ាឡេស៊ី​ ក្រសួង​ការងារ​កម្ពុជា​បានប្រកាស​នៅ​ថ្ងៃ​នេះ​ថា ​កិច្ច​ប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​ពេញចិត្ត​យ៉ាងខ្លាំង​នូវ​លទ្ធផល​ដ៏​ល្អ​នៃ​កិច្ចសហប្រតិបត្តិការ​នា​ពេល​កន្លង​មក​។

កន្លង​មក​កម្ពុជា​និង​ម៉ាឡេស៊ី​ បាន​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង និង​ការពារ​ពលករ​កម្ពុជា ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​ឲ្យ​មាន​មណ្ឌល​សម្រាប់​អប់រំ​ ណែនាំ​តម្រង់ទិស​ពលករ​មុននឹង​ចេញ​ដំណើរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី ​និង​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ដល់​ពលករ​ខ្មែរ​។

ទន្ទឹម​នេះ ​កម្ពុជា​និង​ម៉ាឡេស៊ី​បាន​ឯកភាព​គ្នា​បន្ត​កិច្ចប្រជុំ​ថ្នាក់​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់​លើក​ទី​៥​ និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៤ ​នា​សប្តាហ៍​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ខាងមុខ ​នៅ​ម៉ាឡេស៊ី ដើម្បី​បន្ត​ធ្វើ​ការ​ពិភាក្សា​លើ​បញ្ហា​ដែល​នៅ​សេសសល់​ឲ្យ​ចប់​សព្វគ្រប់ ​ដែល​អាច​ដំណើរការ​ចាប់ផ្តើម​ប​ញ្ចូ​ន​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី​លើក​ដំបូង​នា​ដើម​ខែ​មិថុនា​ឆ្នាំ​២០១៨​ខាងមុខ​។

សូម​បញ្ជាក់ថា​កម្ពុជា​និង​ម៉ាឡេស៊ី​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចុងក្រោយ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ផ្អាក​ដំណើរ​ការ​បញ្ជូន​ពលក​រ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ម៉ាឡេស៊ី​ជាង​៥​ឆ្នាំ​កន្លង​មក​។ ​ជាការ​កត់​សម្គាល់​ចំនួន​ពលករ​កម្ពុជា​ដែល​មាន​វត្តមាន​កន្លង​មក​គឺ​ប្រមាណ​ជា​៨​ពាន់​នាក់​ ដែល​ពួកគេ​ភាគ​ច្រើ​បាន​បំរើ​ការងារ​នៅតាម​វិស័យ​ចំនួន​៥ ​ក្នុងនោះ​ភាគច្រើន​ធ្វើការ​លើ​ផ្នែក​ឧស្សាហកម្ម ​និង​ជា​អ្នក​បំរើ​តាម​ផ្ទះ​។

ទាក់ទង​ទៅនឹង​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នេះ ​មិន​ថា​ម៉ាឡេស៊ី​ទេ ​ក្រសួង​ការបរទេស​ក​ម្ពុ​ជា​តាមរយៈ​ស្ថានទូត​និង​ស្ថាន​អគ្គ​កុងស៊ុល​​របស់​ខ្លួន ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ពលករ​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់ពាន់​នាក់​ឲ្យ​បាន​ត្រលប់​មក​ផ្ទះ​វិញ ​បន្ទាប់ពី​ពួកគេ​បាន​ជួប​ប្រទះ​នូវ​លក្ខខណ្ឌ​ការងារ​អាក្រក់ ​ការ​ធ្វើ​ទុក​បុក​ម្នេញ ​ការ​កេង​ប្រ​វ័​ញ្ញ ពី​សំណាក់​ថៅកែ​បរទេស​ទាំងនោះ​។

​ទោះ​យ៉ាងណា​ តាមរយៈ​កិច្ចព្រមព្រៀង​ច្បាស់លាស់​នៅ​ពេលនេះ ​ភាគី​ទាំងពីរ ​មាន​ជំនឿ​ថា នឹង​​ជួយ​ការពារ ​ផ្នែក​ច្បាប់​និង​សង្គម ​ដល់​ពលករ​ខ្មែរ ​ដែល​ទៅ​បំរើការ​ងារ​នៅ​ម៉ាឡេស៊ី ​ហើយ​ចំនួន​ពលករ​នឹង​មាន​ការ​កើន​ឡើង​កាន់តែ​ច្រើន​តាមរយៈ​នៃ​ការ​ចុះបញ្ជី​ការងារ​ស្របច្បាប់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ