ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
កម្ពុជា

​សមាគម GMAC ​ចេញ​មុខ​ការពារ​រោង​ចក្រ​កាត់​ដេរ W&D ​ដែល​បញ្ឈប់​កម្មករ​ជាង​១​ពាន់​នាក់​

media  
កម្មការិនី​កាត់ដេរ​កំពុង​បំពេញ​ការងារ (រូបតំណាង) Samer Muscati/Human Rights Watch

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ការ​បញ្ឈប់​កម្មករ និយោជិត ដែល​មិន​ចូល​ធ្វើ​ការ គឺ​ធ្វើ​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​។ ការ​ថ្លែង​របស់​ GMAC ដូច្នេះ គឺ​បន្ទាប់​ពី វិវាទ​រវាង​កម្មករ និយោជិត និង​និយោជក នៃ​រោងចក្រ​កាត់​ដេរ W&D បាន​ឆ្លង​កាត់​ដំណាក់​កាល​ជា​ច្រើន​នៃ​ដំណោះ​ស្រាយ​ ដោយ​ទីបំផុត​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ រួម​ទាំង​មាន​ដីការ​រក្សា​ការពារ​ពី​តុលាការ​ទៀត​ផង​។ 

វិវាទ​រវាង​កម្មករ និយោជិត នៃ​រោងចក្រ​កាត់ដេរ W&D និង​និយោជក ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២៤ ខែធ្នូ​ឆ្នាំ២០១៨​កន្លង​ទៅ​នោះ ទីបំផុត​រោងចក្រ​បាន​ផ្តល់​ឱកាស​ដល់​កម្មករ ឲ្យ​ចូល​ធ្វើ​ការ​វិញ​លើក​លែង​តែ​កម្មករ​ណា​ដែល​បាន​បិទ​ផ្លូវ​សាធារណៈ និង​បង្ក​ការ​រាំង​ស្ទះ​ដល់​កម្មករ​ឯ​ទៀត​មិន​ឲ្យ​ចូល​ធ្វើ​ការ ដោយ​រក្សា​ប្រាក់​អតីតភាព​នៅ​ដដែល និង​ប្រាក់​រង្វាន់​ទៀង​ទាត់​តាម​ចំនួន​ថ្ងៃ​ដែល​បាន​ធ្វើ​ការ​។ ក៏​ប៉ុន្តែ មាន​តែ​កម្មករ​ចំនួន​៧៦០​នាក់​ប៉ុណ្ណោះ បាន​ចូល​ធ្វើ​ការ​វិញ ក្នុង​ចំណោម​កម្មករ​និយោជិត​ចំនួន​១៧២៩​នាក់ ដែល​បាន​ធ្វើ​កូដ​កម្ម​។

វិវាទ​ការងារ​នេះ ផ្តើម​ចេញ​ពី​ការ​ទាម​ទារ​របស់​កម្មករ​និយោជិត ដែល​សុំ​ឲ្យ​ថៅ​កែ​រោងចក្រ​បើក​ប្រាក់​បំណាច់​អតីត​ភាព​មុន​ឆ្នាំ​២០១៩ ជា​កញ្ចប់​ក្នុង​ពេល​តែ​មួយ​។ ក៏​ប៉ុន្តែ​តាម​រយៈ​លិខិត​សមាគម​រោង​ចក្រ​កាត់​ដេរ GMAC ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ បញ្ជាក់​ថា រោង​ចក្រ​មិន​មាន​កាតព្វកិច្ច​ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​បែប​នេះ​បាន​ឡើយ​ ដោយ​យោង​ទៅ​លើ​ខ្លឹមសារ​ប្រកាស​៤៤៣ របស់​ក្រសួង​ការងារ​។ ជា​ខ្លឹម​សារ ដែល​តម្រូវ​ឲ្យ​និយោជក ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​មុន​ឆ្នាំ​២០១៩ ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដែល​ចំណុច​នេះ​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៩​នេះ​ទៅ​។

ដោយ​ឡែក​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែង​ថា ក្រុម​កម្មករ ដែល​មិន​បាន​ចូល​ធ្វើ​ការ ដោយ​សារ​ក្រុម​ហ៊ុន​ចោទ​ថា​ធ្វើ​កូដកម្ម​ខុស​ច្បាប់ ប្រមាណ​ជា​១២០០​នាក់ បញ្ជាក់​ថា​ពួក​គេ​ត្រូវ​ការ​កិច្ច​ព្រម​ព្រៀង​មួយ​ច្បាស់​លាស់ មុន​នឹង​ចូល​ធ្វើ​ការ​វិញ ដោយ​បញ្ហា​ប្រាក់​បំណាច់​អតីតភាព​ការងារ លែង​ជា​ការ​ទាម​ទារ​ចំបង​ទៀត​ហើយ​។

ជាមួយគ្នា​នេះ លោក អាត់ ធន់ បញ្ជាក់​ដែរ​ថា សហជីព​របស់​លោក កំពុង​សម្រប​សម្រួល​ជាមួយ​ក្រសួង​ការងារ ក្រុមហ៊ុន និង​អ្នក​បញ្ជារ​ទិញ ដើម្បី​ស្វែង​រក​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ