អានតួអត្ថបទ
កម្ពុជា

លោក ឱម យ៉ិនទៀង​៖ ​អ្នក​អ​ង្គេ​ត​ការណ៍​ជាង ៣ ពាន់​នាក់ នឹងធ្វើ​អធិការកិច្ច​នៅក្នុង​ការប្រលង​បាក់​ឌុប

ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ឆ្នាំ ២០១៥ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែ សីហា ខាងមុខនេះ នឹងមាន​ការចូលរួម​អង្កេត​ការណ៍​ពី​ក្រុមនិស្សិត​ប្រមាណ​ជា ៣ ពាន់​នាក់ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ទៀត។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។
សិស្សថ្នាក់ទី១២ កំពុងពិនិត្យឈ្មោះចូលប្រលងបាក់ឌុប កាលពីថ្ងៃទី ៤ សីហា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃទី ១៤ កក្កដា នេះ មានការ​ចុះឈ្មោះ​ចូលរួម​ពី​និស្សិត ដើម្បី​ចូលរួម​សង្កេតការណ៍ ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រមាណ ជា ៣ ពាន់ នាក់​ហើយ ដែល​រួមបញ្ចូល​ទាំង សមាគម អង្គការ​សង្គម​ស៊ីវិល មួយចំនួន​ផង។ ប៉ុន្តែ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជាក់ថា បរិមាណ​នៃ​អ្នក​អង្កេត​ការណ៍ អាច​នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំមុន​បន្តិចបន្តួច។

លោក បាន​សង្កត់ធ្ងន់ថា សន្ទុះ​នៃ​ការចូលរួម​របស់​យុវជន សមាគម អង្គការក្រៅរដ្ឋាភិបាល ជា​ចំណុច​វិជ្ជមាន​មួយ ដែល​អាច​ធានាថា ការប្រលង​ឆ្នាំនេះ​នឹង​ប្រព្រឹត្តិ​ទៅកាន់​តែមាន ប្រសិទ្ធិភាព តម្លាភាព យុត្តិធម៌ ដូច​អ្វីដែល​លោក ហុង​ជួនណា​រ៉ុ​ន បញ្ជាក់​រួចហើយ​ថា អ្នកចេះ​ពិត​ច្បាស់លាស់ ប្រាកដជា​ជាប់។

យ៉ាងណាក៏ដោយ លោក ឱម យិន​ទៀន មិនបាន​បញ្ចេញយោបល់​អ្វី ពាក់ព័ន្ធ​នឹង​លទ្ធផល​ដែលថា​ឆ្នាំនេះ​នឹងមាន​បេក្ខជន​ប្រលង​ជាប់​ច្រើនជាង​ឆ្នាំមុន ឬ យ៉ាងណា​នោះទេ។ មិន​បញ្ចេញ​យោល់ ដោយសារតែ លោក អះអាងថា លទ្ធផល​នៃ​ការជាប់​ធ្លាក់ វា​គឺជា​ការទទួលខុសត្រូវ​របស់ សិស្សម្នាក់ៗ និង កិច្ចខិតខំ​ប្រឹងប្រែងរ​បស់ ក្រសួង​អប់រំ​យុវជន​និង​កីឡា។ ប៉ុន្តែ អង្គភាព​ប្រឆាំង​អំពើពុករលួយ គ្រាន់​តែមាន​តួនាទី ធានា ថា ការប្រលង​នឹង​ប្រព្រឹត្តិ​ទៅដោយ​ស្របច្បាប់ និង មាន​សុ​ក្រិ​ត្យ​ភាព។

ដោយឡែក លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ ខាង​ក្រសួង​នៅតែ​បន្ត​អនុវត្តន៍​វិធានការណ៍​ដដែល ដូចជា ផ្នែក​បច្ចេកទេស រដ្ឋបាល និង កិច្ចសហការ​ណ៍​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ។

លើសពីនេះទៅទៀត លោក​មាន​សុទិដ្ឋិនិយម​ថា នៅ​ឆ្នាំនេះ នឹងមាន​បេក្ខជន​ប្រឡង​ជាប់​ច្រើនជាង​ឆ្នាំមុន។ បេក្ខជន​ជាប់​ច្រើន ដោយសារតែ ការផ្តល់​ពត៌មាន​ទាក់ទង​នឹង​ការប្រលង​ទៅដល់​សាធារណៈជន​ទូទៅ ជាពិសេស បេក្ខជន​ផ្ទាល់ គឺមាន​ទូលំទូលាយ។ ទី​ពីរ ក្រសួង​អប់រំ​យុវជន បានរៀបចំ​ជា​ឯកសារ ទាកទង​នឹង​មុខវិជ្ជា​វិទ្យាសាស្ត្រ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ជីវៈវិទ្យា ចែកជូន​ឲ្យ​គ្រូបង្រៀន នៅ​គ្រប់​រាជធានី​ខេត្ត ដើម្បី​បង្រៀន​សិស្ស។ និង ទី​បី ក្រសួង​អប់រំ បាន​បង្កើត​ឲ្យ​មាន​ថ្នាក់​បំប៉ន រយៈពេល​មួយថ្ងៃ​ពេញ នៅ​ថ្ងៃអាទិត្យ ដោយ​មិន​គិតថ្លៃ​ដល់ បេក្ខជន​ផងដែរ។

គួរ​ជម្រាបជូន​ថា នៅក្នុង​ឆ្នាំ​សិក្សា ២០១៤-២០១៥ នេះ​មាន​បេក្ខជន​ប្រឡង​ចំនួន ៨៨ ៤៨៨នាក់ និង​មាន​មណ្ឌល​ប្រឡង១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥ ។ បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង ១ម៉ឺន​នាក់ ក៏​នឹងចូលរួម​ប្រឡង​ក្នុង​ឆ្នាំ ២០១៥ម្តងទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ