អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ទទួល​ស្គាល់បេក្ខជន​​តំណាង​រាស្ត្រ​ថ្មីចំនួន​៤៤​រូប ជំនួស​ឲ្យ​តំណាង​រាស្ត្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​នេះ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា និង​ទទួល​ស្គាល់​រួចហើយ បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​ចំនួន​៤៤​រូប ដែលគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គជប បញ្ជូន​ទៅ​កាល​ពី​ថ្ងៃ​ទី​២៣​វិច្ឆិកា​ម្សិលមិញ​​។ បញ្ជី​ឈ្មោះ​បេក្ខជន​នោះ មានសមាសភាព​​មក​ពី​៣​គណបក្ស៖ គឺ​គណបក្សហ៊្វុនស៊ិនប៉ិច មាន​៤១​រូប, គណបក្ស​សញ្ជាតិ​កម្ពុជា មាន​២​រូប, និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​១​រូប​។​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ​បើក​កិច្ច​ប្រជុំ​ពិភាក្សា
គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ​បើក​កិច្ច​ប្រជុំ​ពិភាក្សា REUTERS/SAMRANG PRING
ផ្សាយពាណិជ្ជកម្ម

ផ្ដើម​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ ក្នុង​ចំណោម​មន្ដ្រី​ហ៊្វុនស៊ិនប៉ិច​ទាំង​៤១​រូបនោះ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឬទ្ធិ ទទួល​បាន​អាសនៈ​នៅ​មណ្ឌល​កំពង់ចាម ជំនួស​ឲ្យ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​។ ក្រៅ​ពី​នេះ មន្ដ្រី​សំខាន់​ៗ​របស់​គណបក្ស​រាជានិយម​មួយ​នេះ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី គជប ដែរ ទៅ​តាម​មណ្ឌល​នានា។ ក្នុង​នោះ​រួម​មាន៖ លោក យូ ហុកគ្រី អតីត​តំណាង​រាស្ត្រ និង​សហរដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​កៅអី​នៅ​កំពង់ចាម។ លោក នុត សុខុម អតីត​រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​។ ក៏​មាន​ផង​ដែរវត្តមាន លោក ចាប ញ៉ាលីវុធ លោក ហេង ចាន់ថា លោក សាយ ហាក់ ដែល​ជា​អតីត​អភិបាល​ខេត្តក្នុង​​អំឡុង​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​រដ្ឋាភិបាល ព្រម​ទាំង​​មន្ដ្រី​ជា​ច្រើន​ទៀត ដែល​ជា​អតីត​សមាជិក​សភា​និង​មន្ដ្រី​រដ្ឋាភិបាល​​​ស្និទ្ធ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ អ្នក​ទាំង​នេះ​ ជាប់​ឈ្មោះ​ឈរ​ជា​តំណាងរាស្ត្រ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​មណ្ឌល​ផ្សេ​ងៗ​គ្នា​ នៅ​២១​ខេត្ត​រាជធានី​ទូទាំង​ប្រទេស​។

ចំណែក​គណបក្ស​សញ្ជាតិ​កម្ពុជា។ លោក សេង សុខេង ដែល​ជា​ប្រធាន​គណបក្ស ទទួល​បាន​មួយ​អាសនៈ​នៅ​ខេត្ត​កំពង់ចាម​ ខណៈ​សហការី​របស់​លោក គឺ​លោក គង្គ សាវ៉ន ក្លាយ​ជា​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង​។

រី​ឯ​ពី​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​វិញ​ ​មាន​តែប្រធាន​គណបក្ស គឺ​លោក ហួន រាជចំរើន មួយ​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ប្រកាស​ជា​តំណាងរាស្ត្រ​។ លោក​ឈរ​ឈ្មោះ​នៅ​មណ្ឌល​ខេត្ត​កណ្ដាល​។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​គណបក្ស​ទាំង​៣​ខាង​ដើម​នេះ នៅ​មាន​គណបក្ស​ចំនួន​២​ទៀត ដែល​ត្រូវ​ទទួល​បាន​អាសនៈនៅ​ក្នុង​រដ្ឋសភា ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ​។ គណបក្ស​ទាំង​២​នោះ រួម​មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់​លោក ខឹម វាសនា ទទួល​បាន ៦​អាសនៈ, និង​គណបក្ស​ខ្មែរ​ឈប់​ក្រ របស់​លោក​ក្រវ៉ាញ ដារ៉ន ទទួល​បាន​៥​អាសនៈ​។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ទាំង​២​នេះ បាន​ប្រកាស​មិន​ទទួល​យក​អាសនៈ​ដែល គជប បែង​ចែក​ឲ្យ​ទេ​។ នេះ​មាន​ន័យ​ថា គជប មាន​អាសនៈ​ចំនួន​១១​ទៀត​នៅ​ក្នុង​ដៃ ដើម្បី​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ ដែល​បាន​ចូល​រួម​បោះ​ឆ្នោត​នៅ​រាជធានី​ខេត្ត​ជាមួយ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដែល​ដឹក​នាំ​រដ្ឋាភិបាល​។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋសភា​នឹង​នៅ​តែ​បន្ត​រង់ចាំ​បញ្ជី​បេក្ខជន​តំណាង​រាស្ត្រ​ចំនួន​១១​រូប​ផ្សេងទៀត​ពី គជប​ ដើម្បី​ប្រជុំ​ពិភាក្សា​ជា​បន្ត​ទៀត​។ លោក​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​ពិភាក្សា​ទទួល​ស្គាល់​បេក្ខជន​តំណាង​រាស្ត្រ​ទាំង​៤៤​រូប ដែល គជប បញ្ជូន​ឈ្មោះ​មក​រួច​រាល់​ហើយ​។ បេក្ខជន​តំណាង​រាស្ត្រ​ទាំង​៤៤​រូប នឹង​ត្រូវ​រដ្ឋសភា​ប្រកាស​សុពលភាព​នៅ​ថ្ងៃ​ចន្ទ ទី​២៧​វិច្ឆិកា មុន​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​តំណាងរាស្ត្រ​ជា​ផ្លូវ​ការ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ នេះ​បើ​តាម​លោក ឡេង ប៉េងឡុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ