ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

រម្លឹក​​ខួប ​១១​ឆ្នាំ​នៃ​​មរណភាព​​លោក​ជា ​វិជ្ជា៖សមត្ថកិច្ច​វែក​មុខ​​ឃាតក​ និង​​អ្នក​បញ្ជា​​ពី​ក្រោយ​

media  
ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ​និង​សហជីព​កម្មករ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោកជា វិជ្ជា ​នៅ​ព្រឹក​ថ្ងៃ​ទី២២​ ខែមក​រាឆ្នាំ២០១៥​ RFI/ Siv Chana

សហជីព​​កម្មករ​ ព្រម​ទាំង​​ក្រុមគ្រួសារ​ សាច់ញាតិ ​មិត្ត​ភក្តិ​ ជួបជុំ ​ដាក់​​កម្រងផ្កា​ គោរព​​វិញ្ញាណក្ខន្ធ​​លោក​​ជា ​វិជ្ជា ​នៅ​​ទីតាំង​​តម្កល់​​រូប​សំ​ណាក​​របស់​លោក ​ស្ថិត​នៅ​លើ​​សួនច្បារ​ ខាង​លិច​​វិមាន​ឯករាជ្យ​។ ​ពិធី​ជួបជុំ ​នា​​ព្រឹក​​ថ្ងៃ​ទី​២២​មករា​ ថ្ងៃ​នេះ ​គម្រប់​​ខួប ​១១ ​ឆ្នាំ ​នៃ​​មរណភាព​​លោក​​ជា ​វិជ្ជា ​ត្រូវ​បាន​​អ្នក​ចូលរួម​ អំពាវនាវ​​ដល់​​សមត្ថ​កិច្ច ​និង​​រដ្ឋាភិបាល​ ចាត់ការ​​ស៊ើបអង្កេត​​តាម​​នីតិវិធី​ ស្វែង​រក​មុខ​​ឃាតក​​​ពិតប្រាកដ ​និង​​អ្នកបញ្ជា​​ពី​ក្រោយ​​ខ្នង ​ដែល​​បាន​សម្លាប់​​លោក​​ជា​ វិជ្ជា ​យក​មក​​ផ្តន្ទាទោស​ តាម​ច្បាប់ ​ដើម្បី​​លុបបំបាត់​​វប្បធម៌​​និ​​ទណ្ឌ​ភាព​ និង​​ពង្រឹង​​យុត្តិធម៌​ នៅ​​កម្ពុជា​។​

“សូម​ឲ្យ​អាជ្ញាធរ​រាជរដ្ឋាភិបាល បញ្ឈប់​នូវ​ការបង្ក​ភាព​រើសអើង​សហជីព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មេត្តា​បញ្ឈប់​នូវ​ការប្រើប្រាស់​អំពើហិង្សា​តាម​គ្រប់​រូបភាព ទៅលើ​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​តទៅទៀត"។ នេះ​ជាការ​លើកឡើង​របស់លោក ជា​ មុនី ប្រធាន​សហជីព​សេរី​កម្មករ និង​ជា​ប្អូនបង្កើត​របស់លោក​ជា​ វិជ្ជា។

ក្នុង​ពិធី​ជួបជុំ​អុជធូប ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​ជា​ វិជ្ជា កាលពី​ព្រឹក​ថ្ងៃ២២មករា គម្រប់​ខួប ១១ ឆ្នាំ ទាំង​លោក​ជា​ មុនី លោក​រ៉ុង ​ឈុន លោក​ម៉ម ​សូណង់ដូ លោក​កឹម​ សុខា និង​ទាំង​លោក​សម រង្ស៊ី បានប្រកាស​តាម​ក្បាល​មេក្រូ ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត វែកមុខ​ឃាត​កពិត និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង ដែល​សម្លាប់​លោក​ជា​ វិជ្ជា យកមក​ផ្តន្ទាទោស ដើម្បី​លុបបំបាត់​វប្បធម៌​និ​​ទណ្ឌ​ភាព និង​ពង្រឹង​យុត្តិធម៌​នៅ​កម្ពុជា។

តាម​លោក​ជា​ មុនី សំណុំរឿង​ឃាតកម្ម​លើ​លោក​ជា ​វិជ្ជា ១១ ឆ្នាំ​មកហើយ ឃាតក មិនទាន់​វែកមុខ​នៅឡើយ ខណៈ​តុលាការ​កំពូល កាលពី​ថ្ងៃទី២៥កញ្ញា ឆ្នាំ២០១៣ បានសម្រេច​បង្គាប់​ឲ្យ​ព្រះរាជអាជ្ញា​អម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការស៊ើបអង្កេត​ប្រឆាំង​លើ​ជន​មិន​ស្គាល់មុខ ដែល​បាន​ធ្វើឃាត​លោក​ជា ​វិជ្ជា កាលពី​ព្រឹក​ថ្ងៃទី២២មករា ឆ្នាំ២០០។

លោក​ជា​ មុនី បញ្ជាក់ថា កាលពី​ថ្ងៃទី២៨មករា ឆ្នាំ២០១៤ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិតផ្លូវការ​មួយ ជូន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល ស្រាវជ្រាវ ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទល្មើស និង​ប្រមូល​ភ័ស្តុតាង បញ្ជូនទៅ​តុលាការ។ ប៉ុន្តែ​លោក​ជា ​មុនី អះអាងថា រហូតដល់​ពេលនេះ មាន​រយៈពេល​ជិត ១ ឆ្នាំ​ហើយ សមត្ថកិច្ច​នគរបាល មិនទាន់បាន​ស៊ើបអង្កេត ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ឃាតក​នៅឡើយ។

យ៉ាងណាក៏ដោយ សំណុំ​រឿងក្តី​បាញ់សម្លាប់​មេ​សហជីព​លោក​ជា ​វិជ្ជា ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល និង​ប៉ូលិស​ក្រសួងមហាផ្ទៃ អះអាងថា បន្ត​ស៊ើបអង្កេត តែ​មិនមាន​លទ្ធផល​បែបណា​នោះទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ