ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
កម្ពុជា

​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​ថ្ងៃ​ស្អែក​៖ គណបក្ស​ភាគ​ច្រើន​មិន​ហែ​ក្បួន​ឃោសនា​ដូច​ការ​បោះ​ឆ្នោត​ទូទៅ​ទេ​

media  
ការឃោសនាគណបក្សនយោបាយកាលពីពេលកន្លងទៅ @RFI

ការឃោសនា​បោះ​​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ឆ្នាំ២០១៩នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី១៧ឧសភា​ស្អែក​នេះ​ហើយ​។ ខុសពី​អាណត្តិ​ទី១ និង អាណត្តិ​ទី​២ ដែលការឃោសនា​បោះឆ្នោត​មាន​រយៈពេល១៥ថ្ងៃ នៅ​ក្នុង​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នេះ ការ​ឃោសនា​បោះ​ឆ្នោត​មាន​រយៈ​ពេល​ពេល​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ​។ ប៉ុន្តែ​គណបក្ស​នយោបាយ​ភាគ​ច្រើន​ដែល​ចូលរួម​បោះ​ឆ្នោត រួម​ទាំង​គណបក្ស​កាន់​អំណាច​ផង​មិន​ធ្វើ​ការ​ហែ​ក្បួន​ឃោសនា​ទ្រង់​ទ្រាយ​ធំ​ដូច​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​ប្រជាពលរដ្ឋឡើយ​។ 

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​ថា គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូល​រួម​ការ​បោះឆ្នោត​នៅថ្ងៃទី២៦​ខែ​ឧសភានេះ សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​ធ្វើ​ការ​ឃោសនា​នៅ​ទីតាំង​របស់​ខ្លួន ដោយ​បាន​ជូន​ដំណឹង​ទៅ​កាន់​គណៈ​កម្ម​ការ​រាជធានី ខេត្ត រៀប​ចំ​ការ​បោះ​ឆ្នោត​រួច​ហើយ​។ ការ​ឃោសនា​បោះឆ្នោត​អសកល​នេះ គឺ​មាន​រយៈ​ពេល​៨ថ្ងៃ​ដោយ​រាប់​ចាប់​ពីថ្ងៃទី១៧​ខែឧសភា​។

ទោះ​ជា​យ៉ាង​ណា ​គណបក្ស​នយោបាយ​ភាគ​ច្រើន​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​នេះ រួម​ទាំង​គណបក្ស​កាន់​អំណាច​ផង​មិន​ធ្វើ​ការ​ហែ​ក្បួន​ឃោសនា​ទ្រង់​ទ្រាយ​ធំ​ដូច​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូល​រួម​ផ្ទាល់​ពី​ប្រជា​ពល​រដ្ឋ​ឡើយ​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា ការ​មិន​ឃោសនា​ទ្រង់​ទ្រាយ​ធំ​ព្រោះ​គេ​ដឹង​ច្បាស់​ហើយ​ថា ​អង្គ​បោះ​ឆ្នោត​គឺជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​របស់​គណបក្ស​ដែល​ជាប់​ឆ្នោត។

ដូចគ្នា​អញ្ចឹង​ដែរ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ដែល​មាន​អង្គ​បោះឆ្នោត​តែចំនួន​៣នាក់​ក៏​មិន​ធ្វើ​ការ​ឃោសនា​ហែ​ក្បួន​ឡើយ ខណៈ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូន​ប្រុស​ លោក គង់ គាំ នឹង​ធ្វើ​ការ​ឃោសនា​ហែ​ក្បួន​ខ្នាត​តូច ក្រោយ​ពីធ្វើ​សមាជ​វិសមញ្ញ​រួច​នៅថ្ងៃអាទិត្យទី១៩​ខែឧសភា​។

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ដែល​នឹង​ធ្វើឡើង​នាថ្ងៃ​ទី​២៦​ឧសភា​ខាងមុខនេះ គឺមាន​គណបក្សនយោបាយ​ចូលរួម​​ចំនួន៧​៖ ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មរ​រួបរួម​ជាតិ យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ