ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
កម្ពុជា

គណបក្ស​ប្រឆាំង គ្រោង​ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ

media  
លោក អេង ឆៃអ៊ាង ​អនុប្រធាន​គ​ណបក្ស​​សង្គ្រោះ​​ជាតិ។​ សហការី

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​៥៥​រូប គ្រោង​នឹង​សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​ព្រះ​មហាក្សត្រ​នៅ​ត្រឹម​ចុង​សប្តាហ៍​នេះ​ ដើម្បី​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ព្រះ​អង្គ​កុំ​ឲ្យ​ឡាយ​ព្រហស្ថ​លេខា​លើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី គណបក្ស​នយោបាយ ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ សម្រាប់​គណបក្ស​ប្រឆាំង នេះ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​បាន។ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច​ហើយ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ នឹង​បាន​ទៅ​ដល់​ដៃ​ព្រឹទ្ធសភា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ១២ កក្កដា។

លិខិត​សុំ​ព្រះ​រាជ​អន្តរាគមន៍​នេះ នឹង​ធ្វើ​ឡើង​យ៉ាង​យ៉ូ​នៅ​ត្រឹម​ចុង​សប្តាហ៍​នេះ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​មុន​ពេល​ដែល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី គណបក្ស​នយោបាយ ដ៏​ចម្រូង​ចម្រាស់​នេះ ត្រូវ​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ១២ កក្កដា នេះ។ លោក សុន ឆ័យ បាន​បញ្ជាក់​ថា នេះ​គឺ​ជា​នីតិវិធី​តែ​មួយ​គត់ ដែល​គណបក្ស​ប្រឆាំង​នៅ​មាន​សង្ឃឹម​និង​អាច​ធ្វើ​បាន ដើម្បី​ទប់​ស្កាត់​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ។

 

បើ​តាម​នីតិវិធី​ច្បាប់ ក្រោយ​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​នេះ​ហើយ នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​កាន់​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ពិនិត្យ មុន​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ ដើម្បី​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​អនុវត្ត។ ប៉ុន្តែ​បើ​តាម​លោក សុន ឆ័យ គឺ​ព្រះ​មហាក្សត្រ​អាច​ប្រើ​ប្រាស់​ព្រះ​រាជបុព្វ​សិទ្ធិ​របស់​ព្រះ​អង្គ ដើម្បី​មិន​ឡាយ​ព្រះ​ហស្តលេខា​លើ​ច្បាប់​នេះ​បាន។

គួរ​ជំរាប​ជូន​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ថ្មី បច្ចុប្បន្ន​បាន​ទៅ​ដល់​ដៃ​ព្រឹទ្ធសភា​ហើយ នៅ​ថ្ងៃ​ទី ១២ កក្កដា​នេះ បន្ទាប់​ពី​រដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៦​រូប បាន​អនុម័ត​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​គ្មាន​ការ​ចូល​រួម​ពី​ភាគី​គណបក្ស​ប្រឆាំង។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា ដែល​បាន​បើក​កិច្ច​ប្រជុំ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ក៏​បាន​សម្រេច​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ ទៅ​កាន់​គណៈកម្មការ​ទី​៦​របស់​ខ្លួន​ដើម្បី​ពិនិត្យ​មុន​ពេល​អនុម័ត ដោយ​ចាត់​ទុក​ជា​ការ​ប្រញាប់។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ផុស​ផុល​លើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់​ទុក​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ​ថា មិន​ត្រឹម​តែ​បាន​ផ្តាច់​ទំនាក់​ទំនង​រវាង​គណបក្ស​សង្រ្គោះ​ជាតិ និង​អតីត​ប្រធាន​គណបក្ស​លោក សម រង្ស៊ី នោះ​ទេ តែ​វិសោធនកម្ម​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខាត​បង់​ថវិកា​ជា​ច្រើន ដើម្បី​ផ្លាស់​ប្តូរ​ផ្ទាំង​ប៉ាណូ​គណបក្ស​របស់​ខ្លួន ដែល​មាន​រូប​លោក សម រង្ស៊ី នៅ​ទូទាំង​ប្រទេស។ ត្បិត​ច្បាប់​ថ្មី​នេះ បាន​ហាម​ឃាត់​មិន​ឲ្យ​គណបក្ស​នយោបាយ​ឃុប​ឃិត​ជាមួយ​ទណ្ឌិត​នោះ​ឡើយ សូម្បី​តែ​ការ​ប្រើ​ប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត ដែល​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ​ឬ​បទ​មជ្ឈិម​នោះ​ឡើយ។ បើ​មិន​ដូច្នោះ​ទេ គណបក្ស​នយោបាយ​នោះ​នឹង​ត្រូវ​ផ្អាក​សកម្មភាព​មិន​លើស​រយៈ​ពេល​៥​ឆ្នាំ ឫ​ត្រូវ​រំលាយ​ចោល​តែ​ម្តង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ