អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋាភិបាល​ត្រៀម​បញ្ជូន​វិសោធនកម្ម​ច្បាប់​បក្ស​នយោបាយ​ទៅ​ប្រមុខ​រដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​ជំនួស​ព្រះ​មហាក្សត្រ

បន្ទាប់​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​សម្រេច​អនុម័ត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​ទទួល​ស្គាល់​កាល​ពី​រសៀល​ម្សិល​មិញ នៅ​ពេល​នេះ សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​ធ្លាក់​ដល់​ដៃ​រដ្ឋាភិបាល​កម្ពុជា​ហើយ។ ជំហាន​បន្ទាប់ និង​ចុង​ក្រោយ រដ្ឋាភិបាល​នឹង​បញ្ជូន​វិសោធនកម្ម​ច្បាប់​នេះ ទៅ​កាន់​ប្រមុខ​រដ្ឋ​ស្តី​ទី ដើម្បី​ចុះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

រូបភាពចាស់៖​ រដ្ឋសភា​អនុម័ត​​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ
រូបភាពចាស់៖​ រដ្ឋសភា​អនុម័ត​​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ
ផ្សាយពាណិជ្ជកម្ម

ប្រហែល​ជា​មិន​ផុត​ពី​សប្តាហ៍​នេះ​ទេ សេចក្តី​ស្នើ​វិសោធនកម្ម​ថ្មី​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​អាច​នឹង​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​ដោយ​លោក​សាយ ឈុំ ដែល​កំពុង​កាន់​តួ​នាទី​ជា​ប្រមុខ​រដ្ឋ​ស្តីទី។ លោក​សាយ ឈុំ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​ផង នឹង​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដ៏​ចម្រូង​ចម្រាស​នេះ​ជំនួស​ព្រះ​មហាក្សត្រ​កម្ពុជា​ដែល​បាន​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​នៅ​ឯ​ស្រុក​ចិន។

សេច​ក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​រដ្ឋសភា​ដែល​មាន​តែ​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រឹទ្ធសភា​កម្ពុជា ក៏​បាន​ឯកភាព​ទាំង​ស្រុង​លើ​សេចក្តី​វិសោធនកម្ម​ថ្មី​នេះ​ផង​ដែរ។ ចំណែក​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ថា វិសោធនកម្ម​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ និង​បាន​បិទ​ផ្លូវ​តវ៉ា​ថែម​ទៀត។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ពោល គឺ​ល្ងាច​ថ្ងៃ​ដដែល រដ្ឋសភា​កម្ពុជា ក៏​បាន​បញ្ជូន​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ទៅ​កាន់​រដ្ឋាភិបាល​ភ្លាមៗ​តែ​ម្តង ដើម្បី​បញ្ជូន​បន្ត​ទៅ​ឲ្យ​ប្រមុខ​រដ្ឋ​ស្តីទី​ចុះ​ហត្ថលេខា​ជំនួស​ព្រះ​មហាក្សត្រ។

សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ ត្រូវ​បាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ថែម​នូវ​ចំណុច​សំខាន់ៗ​ដូច​ជា ហាម​គណបក្ស​នយោបាយ​មិន​ឲ្យ​ឃុប​ឃិត​ជាមួយ​ទណ្ឌិត​នោះ​ឡើយ សូម្បី​តែ​ការ​ប្រើ​ប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ ឬ​ក៏​សកម្មភាព​របស់​ទណ្ឌិត​ក៏​មិន​ឲ្យ​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ដែរ។ លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​កែ​ច្បាប់​នេះ បាន​អះ​អាង​ថា ការ​កែ​ច្បាប់​ថ្មី​ឡើង​វិញ​នេះ គឺ​ដើម្បី​កំចាត់ និង​ផ្តាច់​ជីវិត​នយោបាយ​របស់​លោក​តែ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ កាល​ពី​ថ្ងៃ​អង្គារ គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រាប់​ឲ្យ​សាខា​គណបក្ស​របស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​នានា ឲ្យ​រៀប​ចំ​ដក​រូប​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស​ទាំង​អស់ ដើម្បី​តម្រូវ​តាម​ច្បាប់​ថ្មី។ គណបក្ស​ប្រឆាំង បាន​បញ្ជាក់​ជា​បឋម​ថា នឹង​ប្រើ​ប្រាស់​រយៈ​ពេល​ប្រមាណ​មួយ​ខែ ដើម្បី​ធ្វើ​កិច្ច​ការ​ទាំង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ