ការឆ្លើយតបចំពោះកំណើនពលរដ្ឋទៅចាក់ថ្នាំក្រោយសត្វឆ្កែឬឆ្មាខាំនៅមានកម្រិត ឆ្លុះបញ្ជាំងដូចម្តេចពីវិស័យសុខាភិបាល?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥២
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ពលរដ្ឋបានសម្រុកទៅចាក់ថ្នាំនៅមន្ទីរពេទ្យប៉ាស្ទើរមានការកើនឡើងកាន់តែច្រើន បន្ទាប់ពីពួកគេមានការបារម្ភតៗគ្នាកាន់តែខ្លាំង ក្រោយពីមានមនុស្សស្លាប់បណ្តាលមកពីសត្វឆ្កែ ឬឆ្មាដែលមានកើតជំងឺឆ្កែឆ្កួតខាំ។ នៅចំពោះមុខកំណើនពលរដ្ឋសម្រុកទៅរកសេវាការពារឬព្យាបាលយ៉ាងបន្ទាន់ដូចនេះ គេសង្កេតឃើញថា ការឆ្លើយតបរបស់មន្ទីរពេទ្យជំនាញរបស់រដ្ឋនៅមិនទាន់បានគ្រប់គ្រាន់នៅឡើយ ដោយសារចំនួនអ្នកជំងឺ ឬអ្នកមកចាក់ថ្នាំការពារបានឡើងលើសពីការរំពឹងទុក។
នៅឆ្នាំ២០១៨កន្លងនេះ ជនរងគ្រោះដោយសត្វខាំ ដែលភាគច្រើនគឺជាសត្វឆ្កែនិងឆ្មាខាំមានចំនួនជាង២ម៉ឺន៦ពាន់នាក់ ពោលគឺកើនឡើងលើសពីឆ្នាំ២០១៧ចំនួន៤ពាន់នាក់។ ជំងឺប្រភេទនេះ បណ្តាលឲ្យមនុស្សយ៉ាងតិច៨០០នាក់បានស្លាប់។ នេះបើតាមវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដោយឡែកនៅឆ្នាំ២០១៩នេះ ក្តីបារម្ភដោយសារជំងឺឆ្កែឆ្កួតនេះ រិតតែមានការកើនឡើងថែម នោះដោយសារតែចំនួនពលរដ្ឋដែលទៅរកសេវាព្យាបាលនិងចាក់ថ្នាំការពារមានការកើនយ៉ាងគំហុកនារយៈពេលប៉ុន្មានសប្តាហ៍មកនេះ។
មែនទែនទៅជំងឺឆ្កែឆ្កួតនេះ មិនមែនជាប្រភេទជំងឺថ្មីនោះទេ។ តែអ្វីដែលថ្មី គឺពលរដ្ឋមានការបារម្ភកាន់តែខ្លាំងដោយសារតែមានការផ្សេព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីមានមនុស្សស្លាប់ជាបន្តបន្ទាប់ក្រោយពីពួកគេត្រូវបានសត្វឆ្កែនិងសត្វឆ្មាខាំ។ ជាប្រភេទសត្វដែលកើតជំងឺឆ្កែឆ្កួត។ ជនងរងគ្រោះដែលបានស្លាប់រាប់ទាំងកុមារនិងមនុស្សពេញវ័យ កន្លងមក ត្រូវបានគេអះអាងថា ជនរងគ្រោះសុទ្ធតែធ្លាប់សត្វឆ្កែ និងសត្វឆ្មាខាំ ប៉ុន្តែមិនបានទៅចាក់ថ្នាំការពារឬ ព្យាបាលទាន់ពេល។
យោងតាមមន្ទីរពេទ្យប៉ាស្ទឺរ ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។ ប៉ុន្តែគេមានថ្នាំបង្ការ សម្រាប់ចាក់ក្រោយពីសត្វខាំភ្លាមៗ ឬយ៉ាងយូរមិនឲ្យលើសរយៈពេល២ថ្ងៃ ដើម្បីកុំឲ្យហួសពេលដែលអាចសង្រ្គោះបាននោះ។ ការតម្រូវឲ្យចាក់ថ្នាំបង្ការនេះគឺដោយសារគេមិនអាចដឹងមុនថាសត្វដែលខាំមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតឬយ៉ាងណានោះឡើយ។
តែអ្វីដែលជាការកត់សំគាល់នៅពេលនេះ គឺពលរដ្ឋកាន់តែច្រើនឡើងកាន់តែបារម្ភពីជំងឺនេះ បើទោះជាពួកគេធ្លាប់ត្រូវបានឆ្កែឬឆ្មាខាំរាប់ឆ្នាំមកហើយក្តី។
បើតាមវិទ្យាស្ថានប៉ាស្ទ័រ អ្នកជំនាញនៅតែបន្តធ្វើតេស្តរកមេរោគជំងឺឆ្កែឆ្កួតលើវត្ថុវិភាគខួរក្បាលសត្វឆ្កែដែលទទួលបានពីតាមបណ្តាខេត្តនានា។ លទ្ធផលបានបង្ហាញថា មានមេរោគជំងឺឆ្កែឆ្កួតជាបន្តបន្ទាប់ដោយសារអ្នកចិញ្ចឹមសត្វឆ្កែភាគច្រើននៅកម្ពុជាគឺមិនបានយកឆ្កែរបស់ខ្លួន ទៅចាក់វ៉ាក់សាំងដើម្បីការពារជំងឺឆ្កែឆ្កួតនោះទេ។ តើបញ្ហានេះគួរបន្តោសអ្នកចិញ្ចឹមឆ្កែ ឬមកពីក្រសួងសុខាភិបាលខ្វះការផ្សព្វផ្សាយអប់រំ?
បើតាមនិយាយពីក្រសួងសុខាភិបាល ការអប់រំផ្សព្វផ្សាយពីវិធីបង្កាជំងឺឆ្កែដូចនៅមានកម្រិត។ ពោលឃើញផ្សព្វផ្សាយនៅតាមហ្វេសប៊ុករបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ តែចំនួនអ្នកចូលមើលមាននៅមានតិចតួចនៅឡើយ។ រីឯអ្នកចិញ្ចឹមឆ្កែពិសេសនៅទីជនបទ គឺកម្រឃើញពលរដ្ឋយកសត្វឆ្កែឬឆ្មារបស់ខ្លួនទៅចាក់ថ្នាំបង្កាទេ លុះត្រាតែឆ្កែឆ្កួតទើបរកពេទ្យសត្វថ្នាំឬជួនក៏សម្លាប់សត្វឆ្កែនោះតែម្តងហេតុផលខ្លាចខាំមនុស្ស។
ឆ្លើយតបនឹងបញ្ហាចំពោះមុខ រដ្ឋគួរតែបង្កើនការផ្សព្វផ្សាយឲ្យពលរដ្ឋមានការយល់ដឹងពីរបៀបការពារឬវិធីបង្កាជំងឺឆ្កែឆ្កួតនេះឲ្យបានទូលំទូលាយ និយាយជារួម។ និយាយដោយឡែក គួរតែមានការពន្យល់ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យពលរដ្ឋមានការបារម្ភហួសហេតុពេក ហើយសម្រុកនាំគ្នាមកចាក់ថ្នាំក្នុងពេលតែមួយធ្វើឲ្យមានការកកស្ទះ ខណៈពេទ្យជំនាញខាងជំងឺនេះ គឺមាននៅតែវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងនៅខេត្តបាត់ដំបងដែលទើបតែបង្កើតឡើង។
ផលវិបាកដែលបាននិងកំពុងកើតឡើង របស់ពលរដ្ឋមួយចំនួនដែលមករកសេវាចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនៅមន្ទីរពេទ្យប៉ាស្ទឺរ គឺពួកគេត្រូវរងចាំរយៈពេលយូរ។ ម្យ៉ាងទៀត ដោយសារខែនេះជារដូវក្តៅខ្លាំង បានបង្កការលំបាកកាន់តែខ្លាំងថែមដល់កុមារតូចៗ ឬទារកជាពិសេស ដែលត្រូវបាននាំរកថ្នាំការពារជំងឺឆ្កែឆ្កួតនេះ បើទោះជាខាងមន្ទីរពេទ្យបានសង់រោងបន្ថែមឲ្យពលរដ្ឋបានជ្រកក៏ដោយ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក នៅគ្រាដែលកម្ពុជាមានអ្នកស្លាប់ដោយជំងឺឆ្កែឆ្កួតប្រមាណ៨០០នាក់ក្នុងមួយឆ្នាំៗ។
សម្រាប់កម្ពុជាដើម្បីសម្រេចគោលដៅលុបបំបាត់ជំងឺឆ្កែឆ្កួត ក្នុងឆ្នាំ២០៣០ខាងមុខ ក្រៅពីបើកមជ្ឈមណ្ឌលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទី២ ក្នុងខេត្តបាត់ដំបង គឺពលរដ្ឋដែលចិញ្ចឹមឆ្កែឬឆ្មា ត្រូវនាំពួកវាទៅចាក់ថ្នាំបង្កាជំងឺឲ្យបានត្រឹមត្រូវ។ លើសពីនេះ ត្រូវប្រុងប្រយ័ត្ន កុំឲ្យឆ្កែឆ្កួតខាំ ពិសេសឆ្កែដើរតាមផ្លូវ ហើយបើឆ្កែខាំភ្លាម ត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចាក់ថ្នាំឲ្យបានគ្រប់ចំនួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ