ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT
កម្ពុជា

សហរដ្ឋ​អាមេរិក​ទុក​ឱកាស​ឲ្យ​កម្ពុជា​ងាក​ក្រោយ ដើម្បី​ស្តារ​ស្ថានការណ៍​ឡើង​វិញ

media  
លោក Patrick Murphy ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍ @REUTERSSamrang Pring

ឧបការី​រង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​លោក Patrick Murphy បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ បន្ទាប់​ពី​បាន​ចំណាយ​ពេល​២​ថ្ងៃ។ មុន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នេះ លោក​ឧបការីរង បាន​​ធ្វើ​សន្និសីទ​កាសែត​មួយ ដោយ​បាន​ធ្វើ​សេចក្តី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​ក្រោយ ដើម្បី​ស្តារស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឡើង​វិញ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ លោក Murphy ក៏​បាន​ព្រមាន​ថា អាមេរិក​នឹង​ចាត់​វិធានការ​បន្ថែម​ទៀត បើ​ស្ថានការណ៍​បន្ត​ធ្ងន់​ធ្ងរ។

ការ​លើក​ឡើង​របស់​លោក​ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក បាន​ផ្អែក​ទៅ​លើ​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ, ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា។ នៅ​ក្នុង​ជំនួប​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​ក្រុម​អ្នក​កាសែត​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​ឯ​និវេសនដ្ឋាន​នៃ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទី​ក្រុង​ភ្នំពេញ មុន​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី ១៣ ធ្នូ លោក Patrick Murphy ឧបការី​រង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក បាន​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ងាក​ក្រោយ ដើម្បី​ស្តារ​ស្ថានការណ៍​នយោបាយ​ដែល​លោក​ចាត់​ទុក​ថា ជា​គុណ​វិបត្តិ​នោះ ឲ្យ​វិល​មក​រក​គន្លង​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ ហើយ​ថា សហរដ្ឋ​អាមេរិក អាច​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសាសន៍​របស់​ខ្លួន។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ថ្លែង​ការ​ពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា​នោះ​ថា គឺ​ដើម្បី​ការពារ​ប្រទេស​កម្ពុជា ពី​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​តាម​រយៈ​បដិវត្តន៍​ពណ៌។ លោក​បាន​ថ្លែង​ថា កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ដែល​មិន​អាច​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​ពី​ប្រទេស​ណា​មួយ ឲ្យ​ប្រឆាំង​នឹង​នីតិរដ្ឋ ឬ​ស្ថាប័ន​កំពូល​របស់​ខ្លួន​នោះ​ទេ។

គួរ​ជំរាប​ជូន​ថា សហរដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​បាន​សម្រេច​ផ្អាក​ផ្តល់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ឈប់​ឲ្យ​ក្រសួង​ការ​បរទេស​អាមេរិក​ផ្តល់​ទិដ្ឋាការ​ (VISA) ដល់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្រោម​ហេតុ​ផល​ថា ​បាន​រួម​ចំណែក​បំផ្លាញ​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​ ១២ ធ្នូ អនុគណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​សភា​សហរដ្ឋ​អាមេរិក​ ក៏​ទើប​តែ​បាន​បើក​សវនាការ​មួយ​ទៀត ដើម្បី​ស្វែង​រក​ការ​ចាត់​វិធានការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​លោក​ឧបការីរង​បាន​លើក​ឡើង​ថា រាល់​ជំហាន​ទាំង​អស់​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​កម្ពុជា គួរ​ត្រូវ​បាន​ត្រលប់​ថយ​ក្រោយ។

សូម​បញ្ជាក់​ថា លោក Patrick Murphy ឧបការីរង​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​ឥត​ព្រៀង​ទុក កាល​ពី​ដើម​សប្តាហ៍​នេះ ដោយ​បាន​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ តួ​យ៉ាង លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា, លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ និង​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។ ជំនួប​ដែល​ភាគ​ច្រើន​បាន​លើក​ឡើង​អំពី​ការ​ស្តារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ជា​ពិសេស​ទាក់​ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ