អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​លោក​ប៉ាវ ស៊ីណា ទៅ​សាកសួរ​ករណី​ក្លែង​លិខិត និង​ផ្តល់​ព័ត៌មាន​មិន​ពិត

នៅ​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា រួម​នឹង​មេធាវី​ម្នាក់ នឹង​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង ក្លែង​លិខិត និង​ផ្តល់​ព័ត៌មាន​មិន​ពិត តាម​ការ​កោះ​ហៅ​របស់​តុលាការ។ លោក​ប៉ាវ ស៊ីណា បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ ថា លោក​មិន​បាន​ភិត​ភ័យ និង​ព្រួយ​បារម្ភ​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​ទេ។

លោក​ប៉ាវ ​ស៊ីណា ​
លោក​ប៉ាវ ​ស៊ីណា ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្តីក្ដាំ​ជា​ថ្មី​របស់​លោក​ប៉ាវ ស៊ីណា នៅ​តុលាការ​ក្រុង​ភ្នំពេញ​នេះ បាន​ប្តឹង​ឡើង​ដោយ​ថៅកែ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៦។ និយោជក បាន​ប្តឹង​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​រូប​នេះ ពី​បទ​ក្លែង​លិខិត និង​ផ្តល់​ព័ត៌មាន​មិន​ពិត បន្ទាប់​ពី​លោក​ប៉ាវ ស៊ីណា បាន​ប្រមូល​កម្មករ​នៅ​ក្នុង​រោងចក្រ​នោះ ចង​បណ្តាញ​បង្កើត​ជា​សហជីព។

លោក​ប៉ាវ ស៊ីណា បាន​ពន្យល់​ថា ថៅកែ​រោង​ចក្រ​ប្តឹង​លោក​បែប​នេះ ព្រោះ​តែ​ក្រុម​ការងារ​របស់​លោក​មាន​កំហុស​ឆ្គង​បន្តិច​បន្តួច​លើ​ផ្នែក​អក្ខរាវិរុទ្ធ ដោយ​សរសេរ​ឈ្មោះ​ក្រុម​កម្មករ​ខុស​នៅ​ក្នុង​លិខិត​ចុះ​បញ្ជី​ការ​សហជីព​ដាក់​ទៅ​កាន់​ក្រសួង​ការងារ។ ត្រង់​ចំណុច​នេះ ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​ចោទ​ប្រកាន់​ថា កម្មករ​ទាំង​នោះ​មិន​មាន​នៅ​ក្នុង​រោងចក្រ​របស់​ខ្លួន ដូច្នេះ​ក៏​បាន​ប្តឹង​លោក​ប៉ាវ ស៊ីណា ទៅ​កាន់​តុលាការ​តែ​ម្តង។ បើ​តាម​មេ​សហជីព​រូប​នេះ ប្រសិន​បើ​មាន​កំហុស​ឆ្គង​ផ្នែក​អក្ខរាវិរុទ្ធ​ណាមួយ​នៅ​ក្នុង​លិខិត​ចុះ​បញ្ចី​ការ​សហជីព​នោះ ក្រសួង​ការងារ​តែង​តែ​ផ្តល់​ព័ត៌មាន​មក​សហជីព ដើម្បី​កែ​តម្រូវ។ ប៉ុន្តែ​ចៅកែ​រោងចក្រ​នេះ បែរ​ជា​ប្រកាន់​ហើយ​ប្តឹង​ទៅ​វិញ។

សម្រាប់​លោកប៉ាវ ស៊ីណា ទង្វើនេះ គឺ​ជា​ការ​គម្រាម​កំហែង និង​មាន​ចេតនា​ចង់​បំបាក់​ស្មារតី​កម្មករ​ក្នុង​ការ​ចង​ក្រង​គ្នា​បង្កើត​ជា​សហជីព។ លោក​ក៏​បាន​ហៅ​ការ​ប្តឹង​ផ្តល់​នេះ ថា​គឺ​ជា​ការ “វាយ​មេ​កំលាច​កូន”ផងដែរ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​គូស​បញ្ចាក់​ថា លោក​មិន​មាន​ការ​ភិត​ភ័យ និង​ព្រួយ​បារម្ភ​អ្វី​នោះ​ទេ​ចំពោះ​បណ្តឹង​ពី​និយោជក​នេះ។

គួរ​បញ្ជាក់​ជូន​ថា ទាំង​បណ្តឹង​ថ្មី​នេះ លោក​ប៉ាវ ស៊ីណា ទទួល​បាន​បណ្តឹង​ចំនួន​៥​ហើយ​ក្នុង​បេសសកម្ម​បំពេញ​ការងារ​ជា​អ្នក​ការពារ​កម្មករ​ខ្មែរ។ ៤​បណ្តឹង​របស់​លោក​កន្លង​ទៅ ប្តឹង​ឡើង​ដោយ​និយោជក និង​អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​កំពង់​ស្ពឺ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មេសហជីព​រូប​នេះ បាន​អះអាង​ថា លោក​មិន​បាន​បាក់​ស្បាត ហើយ​នៅ​តែ​បន្ត​ការងារ​របស់​លោក​ទៅ​មុខ​ជា​បន្ត​ទៀត ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ និង ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​កម្មករ​ឲ្យ​បាន​ពេញ​លេញ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ