អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ឈាន​ដល់​សម័យ​ដែល​សន្តិសុខ​ថ្លៃ​ជាង​សន្តិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

សន្តិភាព​ដែល​កម្ពុជា​បាន​រក​ឃើញ​ដោយ​កម្រ​សឹង​តែ​លែង​មាន​ន័យ​ទៀត​ហើយ​ចំពោះ​អ្នក​ភូមិ​ដែល​ភ័យ​ខ្លាច​ចំពោះ​អសន្តិសុខ​ជា​រៀង​រាល់​ថ្ងៃ។ ការ​រំលោភ​ផ្លូវ​ភេទ ចោរកម្ម ឃាតកម្ម គ្រោះថ្នាក់​ផ្សេងៗ និង​គ្រឿង​ញៀន រារាំង​ប្រជាជន​កម្ពុជា​មិន​ឱ្យ​មាន​សុវត្ថិភាព​ពេល​លេញ។ ឱ​ជា​រស​នៃ​សន្តិភាព​ទូទាំង​ប្រទេស​កម្ពុជា ហាក់​នៅ​ឆ្ងាយ​ពី​អ្នក​ភូមិ​ដែល​មាន​ឡើង​ៗ។ ពេល​នេះ ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ ជា​សមរភូមិ​ចុង​ក្រោយ​នៃ​អ្នក​នយោបាយ។

@HEAM Chetra
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​មើល​រំលង​បញ្ហា​អសន្តិសុខ គ្រោះ​ថ្នាក់​ផ្សេង​ៗ និង​អនាធិបតេយ្យ​ទេ​ ប៉ុន្តែ​ក៏​មិន​ដែល​បាន​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ដែរ។ អ្នក​ស្រុក ក៏​ដូចជា​ជន​បរទេស​នៅ​កម្ពុជា ត្រូវ​ការ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​ល្អ ក្រោយ​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​សន្តិភាព និង​ការ​បង្រួប​បង្រួម​ទឹកដី​ពេញ​លេញ​នៅ​ឆ្នាំ​១៩៩៨។

ពាក្យថា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ តែង​តែ​ត្រូវ​បាន​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​ដើម្បី​ទប់​នឹង​ចលនា​ប្រឆាំង។ ប៉ុន្តែ មូលហេតុ​ទាំង​ប៉ុន្មាន ​​ជា​លេស​ក្តី ជា​ការ​ពិត​ក្តី អ្នក​ភូមិ​ស្តាប់​ស្ទើរ​សង្កៀរ​ត្រចៀក​ទៅ​ហើយ ខណៈ​ដែល​ការ​រំលោភ​ច្បាប់ អំពើ​ហិង្សា និង​គ្រោះថ្នាក់​ផ្សេង​ៗ ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​រាល់​ថ្ងៃ។
អ្នក​ក្រុង ក៏​ដូច​អ្នក​ជនបទ​នៅ​កម្ពុជា ចង់​ក្រេប​ឱ​ជា​រស​ពិត​នៃ​សន្តិភាព។ ឱ​ជា​រស​នៃ​សន្តិភាព​គឺ​សន្តិសុខ សុវត្ថិភាព និង​អភិវឌ្ឍន៍​នេះ​ឯង។ ការ​រស់នៅ​ដោយ​មាន​សន្តិសុខ និង​សុវត្ថិភាព គឺ​ចាំបាច់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន ដែល​មាន​ជីវភាព​ប្រសើរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ជាមួយ​នឹង​ការ​អប់រំ​កាន់តែ​ទូលំ​ទូលាយ សុខភាព​រឹតតែ​រឹងមាំ ចំណូល​ចេះ​តែ​កើន របស់​ប្រើ​ទំនើប​ៗ និង​សំបូរ​បែប​ឡើង។

ពិត​ហើយ សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បន្ទាប់​ពី​សង្គ្រាម​ មិន​អាច​ផ្តាច់​ចេញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​នយោបាយ​ខ្មែរ​គ្រប់​ភាគី​ដែល​បាន​រក​ឃើញ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១​ឡើយ។ ក្នុង​ចំណោម​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​មាន និង​បន្ត​ថែរក្សា​សមិទ្ធិផល​ខាង​លើ ក្នុង​នាម​ជា​អ្នក​កាន់​ចង្កូត​នាវា​កម្ពុជា ពី​ឆ្នាំ​១៩៩៣ ដើម​នីតិកាល​ទី​១ រហូត​ដល់​បច្ចុប្បន្ន។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ទៀត​ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​នេះ ក៏​បាន​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ដំណាក់​កាល​ទី​៣។ រដ្ឋាភិបាល​នៃ​គណបក្ស​នេះ ផ្តល់​អាទិភាព​ដល់​សន្តិភាព ការ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់​ធ្នាប់​សាធារណៈ ស្រប​ពេល​ដែល​សំឡេង​ប្រឆាំង​កើន​ឡើង​ប្រៀប​ដូច​ទឹក​បាក់​ទំនប់។

មេដឹកនាំ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ច្រើន​ប្រសូត​ចេញ​ពី​គ្រួសារ​អ្នក​ភូមិ​ជនបទ និង​ច្រើន​បាន​តស៊ូ​ខាង​នយោបាយ និង​ដោយ​អាវុធ​ក្នុង​នាម​ជា​ជន​បដិវត្តន៍ ខំ​ទប់​ចរន្ត​ដ៏​ខ្លាំង​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ហៅ​ខ្លួន​ឯង​ថា​«អ្នក​ប្រជាធិបតេយ្យ» នាំ​មុខ​ដោយ​កូន​អភិជន។ ក្នុង​ការ​តស៊ូ​ពេល​នេះ គណបក្ស​កាន់​អំណាច​តាំង​ខ្លួន​ជា​អ្នក​ដែល​បាន​នាំ​សន្តិភាព​មក​ឱ្យ​ប្រជាជន​កម្ពុជា និង​ជា​គណបក្ស​«តែ​មួយ​គត់»​ដែល​អាច​រក្សា​សន្តិភាព​សម្រាប់​កម្ពុជា។ ក្នុង​ទស្សនៈ​អ្នក​ប្រឆាំង ការ​លើក​ឡើង​បែប​នេះ​មាន​ន័យ​ស្មើ​នឹង​យក​ទ្រព្យ​សមូហភាព ធ្វើ​ជា​ចំណាប់​ខ្មាំង។

បញ្ហា​មិន​គួរ​ស្ថិត​លើ​សង្គ្រាម ឬ​សន្តិភាព​ទេ ប៉ុន្តែ​វា​គួរ​តែ​នៅ​ត្រង់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មិន​ចង់​ចាញ់ អាច​ប្រើ​អំណាច​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​នៅ​តាម​ភូមិ ក៏​ដូចជា​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ បាន​ជោគជ័យ​ប៉ុណ្ណា។ នេះ​អាច​ជា​សមរភូមិ​ថ្មី​រវាង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង​ដែល​ជា​ធម្មតា​តែង​តែ​សំលៀង​​មាត់​ចាំ​រិះគន់​អ្នក​កាន់​អំណាច ពេល​ដែល​ឱកាស​ហុច​ឱ្យ។

ជាទូទៅ ​វា​ជា​រឿង​គួរ​ឱ្យ​អៀន​ខ្មាស​ណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា​ខំ​ធ្វើ​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ប៉ុន្តែ​ការ​រំលោភ​ផ្លូវ​ភេទ ចោរកម្ម ឃាតកម្ម គ្រោះថ្នាក់​ផ្សេង​ៗ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍ និង​ឧក្រិដ្ឋកម្ម​នានា​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន ព្រម​ទាំង​ល្បែង​ស៊ី​សង​ជា​ដើម ធ្វើ​ឱ្យ​អ្នក​ភូមិ​ស្លាប់​ របួស ខ្លាច ហិនហោច ខ្លោច​ផ្សា​ឥត​ល្ហែ។ ជាង​នេះ​ទៀត ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ដែល​ខ្វះខាត ក៏​ដូចជា​ការ​រាំង​ខ្ទប់​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​រឿង​ដីធ្លី ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ ក៏​ទំនង​ពិបាក​ទទួល​បាន​ដែរ បើ​អាជ្ញាធរ​កម្ពុជា​មិន​អើ​ពើ​នឹង​ខ្សែ​ភ្លើង​ដូច​សំបុក​ពីងពាង​នៅ​លើ​អាកាស បណ្ដោយ​ឱ្យ​យាន​ជំនិះ ក៏​ដូចជា​ទំនិញ ស្ថិត​នៅ​ពាស​ពេញ​ចិញ្ចើម​ផ្លូវ​សម្រាប់​ថ្មើរ​ជើង ទុក​សំរាម​រលួយ​ស្អុយ​រងំ​នៅ​លើ​ទ្រូង​ផ្លូវ​ក្នុង​ទី​ក្រុង ហើយ​មិន​អាច​ទប់ស្កាត់​ការ​ឆោឡោ​ដោយសារ​អាហារ​ពុល និង​ជាតិ​គីមី​ដ៏​គ្រោះ​ថ្នាក់​​ក្នុង​រោងចក្រ។

ដូច្នេះ មាន​តែ​ការ​ប្រែក្លាយ​សន្តិភាព​លើ​ផ្ទៃ​កម្ពុជា ឱ្យ​ទៅ​ជា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​ការ​រស់នៅ​ទេ ទើប​សន្តិភាព​មាន​ន័យ​ចំពោះ​ប្រជាជន​កម្ពុជា។ សង្គ្រាម​បាន​ចប់ និង​ឃ្លាត​ឆ្ងាយ​ពី​កម្ពុជា​ទៅ​ហើយ នៅ​ឡើយ​តែ​ការ​រំលោភ​ច្បាប់ អំពើ​ហិង្សា និង​គ្រោះថ្នាក់​ផ្សេងៗ​ទេ ដែល​គួរ​ឱ្យ​ខ្លាច។ អ្នក​ក្រុង និង​អ្នក​ជនបទ​ច្រើន​នាក់​ណាស់​ដែល​ស្អប់​ខ្ពើម​បញ្ហា​ទាំង​នេះ​ដល់​ថ្នាក់​ហៅ​លែង​ឮ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ