អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កត្តា​អាកាស​ធាតុ ​ធ្វើ​ឲ្យ​ទិន្ន​ផល​ម្រេច​កំពត​ធ្លាក់​ចុះ​នា​ឆ្នាំ​២០១៨​

នា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ទិន្នផល​ម្រេច​នៅ​ក្នុង​ខេត្ត​កំពត​ប្រមូល​ផល​បាន​ត្រឹម​តែ​ប្រមាណ​៦៩​តោន​តែ​ប៉ុណ្ណោះ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៧ ទិន្ន​ផល​ម្រេច​កំពត​បាន​ថយ​ចុះ​ប្រមាណ​៣៣​តោន ដោយ​សារ​កត្តា​អាកាសធាតុ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាគម​ម្រេច​កំពត​។ ប៉ុន្តែ​ម្រេច​កំពត​អាច​នឹង​កើន​ទិន្នផល​ឡើង​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​។ 

ការប្រមូល​ផលម្រេច​នៅ​ខេត្ត​កំពត ខែ​មករា ឆ្នាំ​២០១៧ (រូបភាពឯកសារ)
ការប្រមូល​ផលម្រេច​នៅ​ខេត្ត​កំពត ខែ​មករា ឆ្នាំ​២០១៧ (រូបភាពឯកសារ) RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា នេះ​ថា មូល​ហេតុ ដែល​ម្រេច​កំពត​បាន​ធ្លាក់​ចុះ​ទិន្នផល​នា​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ គឺ​ដោយ​សារ​តែ​អាកាស​ធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បន្ថែម​ថា​នៅ​ឆ្នាំ​មុន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ជ្រុះ​ផ្កា​ម្រេច រហូត​ដល់​ចម្ការ​ម្រេច​ខ្លះ​ធ្លាក់​ទិន្នផល​ពី​៥តោន មក​៣០០​គីឡូ​ក្រោម ប៉ុន្តែ​ក៏​មាន​ចម្ការ​ម្រេច​ខ្លះ​មិន​បាន​បាត់​បង់​ទិន្នផល​របស់​ខ្លួន​នោះ​ទេ​។

ប្រធាន​សមាគម​ម្រេច​កំពត​រូប​នេះ​លើក​ឡើង​ថា នា​ឆ្នាំ​២០១៨ ទិន្នផល​ម្រេច​កំពត​ប្រមូល​ផល​បាន​ប្រមាណ​៦៩​តោន និង​ចរាចរណ៍​លើ​ទីផ្សារ​បាន​ប្រមាណ​៥០​តោន​។ ចំណែក​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ទិន្នផល​ម្រេច​កំពត​ប្រមូល​បាន​ប្រមាណ​១០២​តោន និង​បាន​ចរាចរណ៍​លើ​ទីផ្សារ​ប្រមាណ​៦៩​តោន​។ ទីផ្សារ​អន្តរជាតិ​ធំ​ជាង​គេ​ដែល​ទិញ​ម្រេច​កំពត គឺ​សហភាព​អឺរ៉ុប អាមេរិក និង​កាណាដា​។

ទោះ​បី​ជា​ម្រេច​កំពត​មាន​ការ​ថយ​ចុះ​ទិន្ន​ផល​មែន ប៉ុន្តែ​តម្លៃ​ម្រេច​កំពត​មិន​បាន​ឡើង​ថ្លៃ ឬ​ចុះ​ថ្លៃ​នោះ​ទេ​។ លោក ងួន ឡាយ អះ​អាង​ថា កាល​ពី​ឆ្នាំ​២០១៧​តម្លៃ​ម្រេច​ខ្មៅ របស់​ខេត្ត​កំពត​មាន​តម្លៃ​១៥​ដុល្លារ, ម្រេច​សរបស់​ខេត្ត​កំពត​មាន​តម្លៃ​២៨​ដុល្លារ, និង​ម្រេច​ក្រហម​មាន តម្លៃ​២៥​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ តម្លៃ​ម្រេច​កំពត​ស្ថិត​ក្នុង​តម្លៃ​ដូច​នឹង​ឆ្នាំ​២០១៧​ដែរ​។

យោង​តាម​អគ្គ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជ​កម្ម ម្រេច គឺ​ជា​ផលិតផល​មួយ​ ក្នុង​ចំណោម​ផលិត​ផល​សក្តា​នុ​ពល​សំខាន់ៗ​ទាំង​១៩​មុខ របស់​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ ក្នុង​បញ្ជី​មុខ​ទំនិញ​អាទិភាព​សម្រាប់​ធ្វើ​ពិពិធកម្ម និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ នា​ពេល​បច្ចុប្បន្ន ម្រេច​ត្រូវ​បាន​ដាំដុះ​ក្នុង​ខេត្ត​ចំនួន​១៩ ចាប់​ពី​តំបន់​និរតី ភូមិ​ភាគ​ពាយ័ព្យ និង​តំបន់​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

បើ​តាម​ប្រធាន​សមាគម​ម្រេច​កំពត នៅ​ឆ្នាំ​២០១៩​នេះ ទិន្ន​ផល​ម្រេច​កំពត​នឹង​មាន​ការ​កើន​ឡើង​វិញ ដោយ​សារ​អំណោយ​ផល​ពី​អាកាសធាតុ ម្រេច​ចាប់​ផ្តើម​ផ្កា​ដើម​រដូវ ហើយ​នៅ​ដើម​ខែ​មិនា​ខាង​មុខ​នេះ​ការ​ប្រមូល​ផល​ម្រេច​នឹង​ចាប់​ផ្តើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ