អានតួអត្ថបទ
កម្ពុជា

ទោះ​​ថ្លៃ​​សាំង​​ធ្លាក់​ចុះ​​តែ​​ថ្លៃ​​ដឹក​​អ្នកដំណើរ​​នៅ​​ខ្ពស់​​ដដែល​

​ថ្លៃឈ្នួល​​ដឹក​ជញ្ជូន​​រថយន្តក្រុង​​ ក៏​ដូចជា​​រថយន្ត​​តាក់ស៊ី​​ពី​​ភ្នំពេញ​​ទៅ​តាម​​បណ្តា​ខេត្ត ​ពី​​ខេត្ត​​មក​​ទីក្រុង​ នៅតែ​​មិន​មាន​​ការ​ធ្លាក់​ចុះ ​ខណៈ​ដែល​​ប្រេង​ឥន្ធនៈ​​នៅក្នុង​​ប្រទេស​​កម្ពុជា​​បាន​​ធ្លាក់​​ថ្លៃ​​ជិត​​មួយ​ខែ​​ទៅហើយ​។ ការ​មិន​ចុះ​ថ្លៃ​​ដឹក​ជញ្ជូន​​នៅ​ពេល​ដែល​​សាំង​​ចុះថ្លៃ​​នេះ ​ត្រូវ​បាន​​គេ​​រិះគន់​ថា ​អ្នក​​ប្រកប​របរ​​ដឹកជញ្ជូន​​បាន​​ឆ្លៀត​ឱកាស ​កេង​​យក​ចំណេញ​​ដោយ​​យក​​លេស​​មិន​​សម​​ហេតុ​ផល​។

តម្លៃរថយន្ត​ឈ្នួល​នៅ​តែថ្លៃ ទោះបី​តម្លៃ​ប្រេងសាំង​បាន​ធ្លាក់​ចុះ​
តម្លៃរថយន្ត​ឈ្នួល​នៅ​តែថ្លៃ ទោះបី​តម្លៃ​ប្រេងសាំង​បាន​ធ្លាក់​ចុះ​ ©Reuters
ផ្សាយពាណិជ្ជកម្ម

ប្រេងឥន្ធនៈ​បាន​ចុះថ្លៃ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ។ ការចុះ​ថ្លៃ​នេះ​យោងទៅលើ​ស្ថានភាព​ទី​ផ្សារ​ប្រេង​ឆៅ​ពិភពលោក។ ក៏ប៉ុន្តែ​អ្វីដែល​ជាប់ទាក់ទង​គ្នា​ទៅនឹង​ការចុះ​ថ្លៃ​ប្រេង​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ដូចជា​តម្លៃ​សេវា​ដឹកជញ្ជូន មិនមាន​ការប្រែប្រួល​តា​ម​ទីផ្សារ​ប្រេងឥន្ធនៈ​ឡើយ។

ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ក៏ដូចជា​រថយន្ត​តាក់ស៊ី បាន​លើកឡើងថា
តម្លៃ​ធ្វើដំណើរ​ពី​ខេត្ត​ទៅ​ក្រុង​និង​ពី​ក្រុង​ទៅ​ខេត្ត​នៅតែ​ថ្លៃ​ដដែល​នៅពេលដែល តម្លៃ​សាំង​បាន​ធ្លាក់​ចុះក្រោម​មួយ​ដុល្លារ​ក្នុង​មួយ​លីត្រ​ឬ​ស្មើ​មួយ​ដុល្លារ។

លោកសន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ចាប់អារម្មណ៍​ថា​កន្លងមក​ការ​ដំឡើងថ្លៃ​លើ​មធ្យោបាយ​ដឹកជញ្ជូន​មាន​រថយន្តក្រុង​និង​រថយន្ត​តាក់ស៊ី​ជាដើម​បានធ្វើ​ឡើង​ដោយ​សំអាងថា​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ។ ក៏ប៉ុន្តែ​ពេលនេះ​សាំង​បាន​ចុះថ្លៃច្រើន​​ថ្ងៃ តែ​សេវា​ដឹកជញ្ជូន​មិនបាន​ចុះថ្លៃ​តាម​ប្រេងសាំង​ទេ។ លោកសន ជ័យ បាន​ផ្ទាន់​ថានេះ​​គ្រាន់តែ​ជា​លេស​របស់​ក្រុមហ៊ុន​រកស៊ី​លើ​សេវា​ដឹកជញ្ជូន​ប៉ុណ្ណោះ ដែលជា​ការរកស៊ី​ដឹង​តែ​ពី​យកចំណេញ គ្មាន​ការយោគយល់។

ជាមួយគ្នានេះ លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ផងដែរ​ថា សាលា​រាជធានី​មិនមាន​គម្រោង​ធ្វើការ​អំពាវនាវ​ដល់​ដ​ល់​ក្រុមហ៊ុន​ដឹង​ជញ្ជូន​ឲ្យ​មានការ​ចុះថ្លៃ​អ្វី​ទេ ដោយសារ​មិនមែនជា​សមត្ថកិច្ច​រប​ស់​ខ្លួន។ ទោះជា​យ៉ាងនេះ​ក្តី​ អ្នកនាំពាក្យ​រូបនេះ​យល់ថា ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​គួរតែ​ក្រុមហ៊ុន​ប​ញ្ជុះ​តម្លៃ​ណាមួយ​ឲ្យ​សមាមាត្រ​ទៅនឹង​ស្ថានភាព​តម្លៃ​ប្រេងសាំង​បច្ចុប្បន្ន។

សូមបញ្ជាក់ថា​កន្លងមក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អង្គការ​សហជីព តែង​ធ្វើការ​អំពាវនាវ​ទៅដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ក៏ដូចជា​រថយន្ត​តាក់ស៊ី កុំ​ឲ្យ​ឆ្លៀត​ដំឡើង​​តម្លៃ​ឡាន​នៅក្នុង​ឱកាស​មានបុណ្យ​ទានម្តងៗ ក៏ប៉ុន្តែ​មិនមាន​ប្រសិទ្ធភាព​ទេ​តម្លៃ​នៅតែ​ឡើងដល់​ទៅ​ពីរដង ដោយសារតែ​យក​លេស​ថា​តម្លៃ​សាំង​ឡើងថ្លៃ​ឬ​ទីផ្សារសេរី​ជាដើម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ