ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​លោក ​ផៃ ​ស៊ី​ផាន​៖ ​ជា​កាត​ព្វ​កិច្ច ​លោក ព្រាប កុល ​ឬ​តំណាង​ត្រូវ​តែ​ចូល​ខ្លួន​តាម​ការ​អញ្ជើញ​

media  
លោក ផៃ ស៊ីផាន @FN

លោក ផៃ ស៊ីផាន រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី ទទួល​បន្ទុក ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក ព្រាប កុល នាយក​ប្រតិ​បត្តិ​ អង្គការ​តម្លាភាព​កម្ពុជា ឬតំណាង​របស់​លោក​ត្រូវ​តែ​ចូល​ខ្លួន​មក​ជជែក​ដោយ​បិទ​ទ្វារ​នៅទី​ស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ ការ​គូសបញ្ជាក់​របស់​លោក ផៃ ស៊ីផាន គឺបន្ទាប់ពី​លោក ព្រាប កុល បាន​ឆ្លើយ​តប​ដោយ​ប្រយោល​ថា លោក​កំពុង​ជាប់​រវល់​បំពេញ​បេសកកម្ម​អន្តរ​ជាតិ​នៅ​ទ្វីប​អឺរ៉ុប ដូច​នេះ​លោក​មិន​អាច​ទៅ​ចូល​រួម​ប្រជុំ​តាម​កាល​វិភាគ​នៃ​ការ​អញ្ជើញ​នេះ​បាន​ទេ​។ 

ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅថ្ងៃចន្ទនេះ លោក ផៃ ស៊ីផាន បាន​សង្កត់​ធ្ងន់ថា ជា​កាតព្វ​កិច្ច លោក ព្រាប កុល ឬ​តំណាង​ត្រូវ​តែ​ចូល​ខ្លួន​មក​ជជែក​គ្នា​តាម​ការ​អញ្ជើញ​នេះ​។ ការ​កោះ​អញ្ជើញរបស់​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល គឺ​តម្រូវ​ឲ្យ​នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ចង្អៀត​(Closed Door Meeting) ចំពោះ​អ្វី​ដែល​លោក ព្រាប កុល បាន​និយាយ​ជាមួយ​សារព័ត៌មាន​បរទេស​មួយ​ឈ្មោះ​ថា Southeast Asia Globe។

ទស្សនាវដ្ដីនេះ បាន​​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ​កន្លង​មក ដោយបាន​​លើក​ថា កម្ពុជា​បាន​ទទួល​កំណើន​សេដ្ឋកិច្ច​រីកលូត​លាស់ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ប៉ុន្តែបានដកស្រង់សំដី លោក ព្រាប កុល ​ដែល​និយាយ​ថា ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន ជា​ពិសេស​អ្នក​ក្រ ឬ​​ពល​រដ្ឋ​ងាយ​រង​គ្រោះ មិន​ទទួល​បាន​ផល​ប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​នេះ​ឡើយ។

ចំណុច​នេះ​ហើយ​ដែល ​​លោក ផៃ ស៊ីផាន អះអាងថា អ្វី​ដែល លោក ព្រាប កុល បាន​ធ្វើ​អត្ថា​ធិប្បាយ​នោះ​ជា​ព័ត៌មាន​មិន​ពិត គឺ​ផ្ទុយ​ពីអ្វី​ដែល​រដ្ឋា​ភិបាល​របស់​លោក​កំពុង​តែ​ធ្វើ​។

យ៉ាង​ណា​ក៏ លោក ព្រាប កុល បាន​កត់​សម្គាល់​ឃើញ​ថា ថ្មីៗ​នេះ មាន​ការ​អញ្ជើញ​ប្រធាន​ស្ថាប័ន ឬ​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់​រដ្ឋា​ភិបាល ក្រោយ​មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​អំពី​បញ្ហា​សង្គម ឬ​ក្រោយ​មាន​ការ​សម្តែង​មតិ​នៅ​តាម​រយៈ​សារ​ព័ត៌​មាន ដែល​នេះ​គឺ​ជា​ការ​វិវត្ត​ថ្មី​មួយ​នៅ​កម្ពុជា ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​។

បើ​តាម លោក ផៃ ស៊ីផាន យន្ត​ការ​កោះ​ហៅ​មន្រ្តី​សង្គមស៊ីល​វិល​ទៅ​ជជែក​គ្នា​ដោយ​បិទ​ទ្វារ​នេះ មិន​មែន​ជា​រឿង​ចម្លែក​ទេ ដោយ​លោក​បានភ្ជាប់​យន្ត​ការ​នេះ​ទៅ​នឹង​អ្វី​ដែល ​លោក ស ខេង បាន​លើក​ឡើង​កន្លង​មក​ថា អង្គការ​សង្គម​ស៊ីវិល​ជាដៃគូ​រដ្ឋាភិបាល​ ដែល​ត្រូវតែ​ចែក​រំលែក​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី១១​កញ្ញា​ឆ្នាំ២០១៩​នោះ តំណាង​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត​ក៏​ត្រូវ​បាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កោះ​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ចង្អៀត​ផង​ដែរ ស្ដី​ពី «មីក្រូហិរញ្ញ​វត្ថុ និង​ផល​ប៉ះពាល់» បន្ទាប់​ពី​អង្គការ​ទាំង​ពីរ​បាន​ចេញ​របាយការណ៍​ថា ពលរដ្ឋ​មួយ​ចំនួន​កំពុង​វ័ន្តក​នឹង​បំណុល​របស់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ