អានតួអត្ថបទ
កម្ពុជា

លោក ផៃ ស៊ីផាន ចាត់ទុក យុទ្ធនាការ ឈុតខ្មៅ ឬ ការស្លៀកខ្មៅពាក់ខ្មៅ របស់សង្គមស៊ីវិលជាសកម្មភាពឧទ្ទាម

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​ហៅ​គម្រោង​នៃ​ការ​ធ្វើ​យុទ្ធនាការ​មួយ​ដែល​មាន​ឈ្មោះ​ថា ”ឈុតខ្មៅ” ឬ ការ​ស្លៀក​ខ្មៅ ពាក់​ខ្មៅ របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ដែល​ទទួល​លុយ​ពី​បរទេស​។ តាម​គម្រោង អង្គការ​សង្គម​ស៊ីវិល និង ប្រជា​សហគមន៍ ដែល​រង​គ្រោះ​ដោយ​សារ​ដី​ធ្លី​នឹង​ជួប​ជុំគ្នា​ នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃទី ០៩ ឧសភា ស្អែកនេះ ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង មន្រ្តី​ផ្នែកសិទ្ធិ​មនុស្ស​អាដហុក ៤ រូប និង​មន្រ្តីជាន់ខ្ពស់គជប មួយ​រូប។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី RFI
ផ្សាយពាណិជ្ជកម្ម

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី​រូប​នេះ​បាន​ចាត់​ទុក យុទ្ធនាការ ឈុត​ខ្មៅ ឬ ស្លៀកខ្មៅ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នេះ ថា​ជា​ចលនា​ប្រឆាំង​នីតិរដ្ឋ។

ប្រឈម​នឹង​បញ្ហា​នេះលោក ផៃ ស៊ីផាន បាន​ប្រលយ​ថា រដ្ឋាភិបាល​នឹង​ចាត់វិធានការ​រក​ឬស​គល់​អ្នក​ផ្ដើម​គំនិត​នៃ​យុទ្ធនាការ​នេះ ប្រសិន​បើ​ការ​អំពាវនាវ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្លាយ​ជា​ចលនា​មួយ​បំផ្លាញ​សណ្ដាប់​ធ្នាប់​សង្គម​នោះ។

ការ​លើក​ឡើង​របស់ លោក ផៃ ស៊ីផាន យ៉ាង​ដូច្នេះ​គឺបន្ទាប់​ពី សង្គម​ស៊ីវិល ប្រជា​សហគមន៍​ដែល​រង​គ្រោះ​ដោយ​សារ​ដីធ្លី​បាន​ប្រកាស​ថា ពួក​គេ​នឹង​ជួប​ជុំ​គ្នា​ នៅ​មុខ​ពន្ធនាគារព្រៃ​ស ចាប់ពី​ថ្ងៃទី ០៩ ឧសភា តទៅ ដើម្បី​ធ្វើ​យុទ្ធនាការ​ពាក់​អាវ​ពណ៌​ខ្មៅ។ ជា​យុទ្ធនាការ​ដើម្បី​បង្ហាញ​​ថាពួក​គេ​មិន​ពេញ​ចិត្ត​ទៅ​នឹង​រដ្ឋាភិបាល ដែល​ចាប់​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួនបួន​រូប និង​ លោក នី ចរិយា អគ្គលេខា​ធិការ​រង​គជប។ និង បង្ហាញ​ពី​ការ​កាន់​ទុក្ខ​​ចំពោះ​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​ថ្មី​ៗនេះ។

បើ​តាម​សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី៦​ខែ​ឧសភា ក្រៅ​ពី​ធ្វើ​យុទ្ធនាការ​ពាក់​អាវ​ពណ៌​ខ្មៅ មុខ​ពន្ធនាគារ នៅ​ថ្ងៃទី​៩​ខែឧសភា​នោះ ក៏​មាន និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌ ឲ្យ​ពរ​ជ័យ​តាម​បែប​ជំនឿសាសនា​ដល់​មន្រ្តីទាំង ៥ រូប ដែល​តុលាការ​សម្រេច​ឲ្យ​ឃុំ​ខ្លួន​នោះ​ដែរ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤រូប និង មន្ត្រីគ.ជ.ប មួយរូប ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី​និង​សម​គំនិត​សូកប៉ាន់ កាល​ពី​ថ្ងៃ​ទី២ ខែ ឧសភា​។ មន្ត្រី​អាដហុក៤ រូប​នោះ រួម​មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុនី។ ជា​ការ​ចោទ​ប្រកាន់​ដែល​ត្រូវ​បាន សង្គមស៊ីវិល និង អង្គការ​អន្តរជាតិ ជា​ច្រើន រិះគន់ និង ថ្កោលទោស។

សូម​រំឮកជូនថា កាលពីថ្ងៃទី ៧ ឧសភា ក្រុម​ប្រជាពលរដ្ឋ​និង​យុវជន​ជាង២០០០នាក់ ដែល​គ្រោង​​ជួបជុំគ្នា​នៅ​រមណីយដ្ឋាន​វត្តភ្នំ ដើម្បី​ហែ​ញត្តិ​យកទៅដាក់​នៅACU ដើម្បី​ទាមទារ​ឲ្យ​អង្គភាព​មួយ​នេះ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព មកលើ​អ្នកការពារ​សិទ្ធិមនុស្ស​អាដ​ហុក មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អគ្គលេខាធិការរង គ.ជ.ប ។ ក៏ប៉ុន្តែ​គម្រោង​ជួប​ជុំ​គ្នា ដែល​​​ពុំមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​នេះ ត្រូវបាន​រំសាយ​ទៅវិញ ដោយ​សារ​តែ​បារម្ភ​ពី​ការប៉ះទង្គិច​គ្នា ជាមួយ​ក្រុមយុវជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង ការ​បង្ក្រាប​​ពី​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ៕

អត្ថបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ