អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក ផែង វណ្ណៈ ត្រូវ​បាន​ចាប់​ខ្លួន តាម​បណ្តឹង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន​

លោក ផែង វណ្ណៈ ដែល​អះអាង​ថា​ជា​អ្នក​លេង Facebook ល្បី​ម្នាក់​នៅ​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ទៅ​តាម​បណ្តឹង​របស់​លោក គី តិច ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ការ​ចាប់​ខ្លួន​នេះ លោក ផែង វណ្ណៈ ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ លោក គី តិច ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​រសៀល​ម្សិល​មិញ ដោយ​ប្តឹង លោក ផែង វណ្ណៈ ក្រោម​បទ​ចោទ«ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ​ជាអាទិ៍​»។ 

លោក ផែង វណ្ណៈ
លោក ផែង វណ្ណៈ @Pheng Vannak News
ផ្សាយពាណិជ្ជកម្ម

​ការចាប់ខ្លួន ផែង វណ្ណៈ គឺធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​ក្រោយ​ពី​បណ្តឹង​របស់​មេធាវី​ការពារក្តី លោក ហ៊ុន សែន បានទៅដៃតុលាការ​ក្រុង​ភ្នំពេញ​កាលពីរសៀល​ថ្ងៃទី១ខែមេសា ខណៈព្រះរាជអាជ្ញាបានកំណត់ពេលឲ្យ​លោក ផែង វណ្ណៈ ចូល​បង្ហាញខ្លួន​ឲ្យបានមុន​ថ្ងៃទី៣០​ខែមេសា។

បើតាម​មេធាវី​ការពារក្តី​ឲ្យ លោក ហ៊ុន សែន អ្វីដែល លោក ផែង វណ្ណៈ បាន​លើក​ឡើង​តាម​ហ្វេស​ប៊ុក​ថ្មីៗ​នេះ គឺ​ជា​ចេតនា​ទុច្ចរិត ធ្វើ​ការ​ប្រៀប​ធៀប ក្នុង​បំណង​ចោទ​ប្រកាន់ និង​ទម្លាក់​កំហុស​ទៅ​លើ​លោក ហ៊ុន សែន ថា​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ លោក កែម ឡី​។

សូម​រំឭក​ថា មុន​ពេល​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក ផែង វណ្ណៈ នៅ​ព្រឹក​ថ្ងៃ​ទី២​ខែមេសា​នេះ គឺ​អ្នក​លេង​ហ្វេស​ប៊ុក​រូប​នេះ បាន​ធ្វើ​ការ​ប្រៀប​ធៀបគ្នា ករណី ដែល លោក ផែង វណ្ណៈ យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​គ្រួសារ​សព​និស្សិត ឌុំ រីដា ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​។ ករណី​នេះ​ត្រូវ​បាន​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។

ប៉ុន្តែ​លោក ផែង វណ្ណៈ បាន​ចោទ​សួរ​បក​វិញ​ថា ករណី លោក លឹម ជាយុត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន យក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ក្រុម​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ចេតិយ​ហេតុ​អ្វី​លោក ពេជ្រ ស្រស់ មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ? តើ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូច​គ្នា ? នេះ​ជា​ការ​លើកឡើង​របស់ លោក ផែង វណ្ណៈ ដែល​អះអាង​ថា​ខ្លួន​មាន​អ្នក​គាំទ្រ​ច្រើនជាង​អ្នក​ស្អប់​នៅ​តាម​ហ្វេសប៊ុក​។

សូម​បញ្ជាក់​ថា ក្រៅ​ពី​បណ្តឹង​របស់​ លោក ហ៊ុន សែន ក៏នៅ​មាន​បណ្តឹង​យ៉ាង​តិច​មួយ​ទៀត​ប្រឆាំង​នឹង​លោក ផែង វណ្ណៈ។ កាល​ពី​ល្ងាច​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង្គភាព​ព័ត៌មាន Fresh News បាន ប្តឹង​លោក ផែង វណ្ណៈ ពី​បទ «បរិហារ្តិ៍​ជា​សាធារណៈ» ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​៥០ម៉ឺន​ដុល្លារ​អាមេរិក​បន្ទាប់​ពី លោក ផែង វណ្ណៈបាន​និយាយថា «Fresh News ផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​បាន​លុយ​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ