អានតួអត្ថបទ
កម្ពុជា

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ចប់​សព្វ​គ្រប់ រាជធានី​ភ្នំពេញ​ដណ្ដើម​បាន​មេដាយច្រើន​ជាង​គេ

ការ​ប្រកួតនៅក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ បាន​ចប់​សព្វ​គ្រប់​ហើយ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា​នេះ​។ ជា​លទ្ធផល កីឡាករ ​កីឡាការិនី​មក​ពី​រាជធានី​ភ្នំពេញ ​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​រហូត​ដល់​ទៅ​១០២ គ្រឿង តាម​ពី​ក្រោយ​ដោយ​ក្រសួង​មហាផ្ទៃ​ទទួល​បាន​មេដាយ​៥៩​គ្រឿង និង​ក្រសួង​ការពារជាតិ ដែល​ស្រូប​បាន​មេដាយ​៥៥​គ្រឿង​។

ពិធី​ហាត់​សម​សម្រាប់​ព្រឹត្តិការណ៍​បើកការ​ប្រកួតកីឡា​ជាតិ​លើក​ទី​១ ថ្ងៃ​ទី​២៧ តុលា ២០១៦
ពិធី​ហាត់​សម​សម្រាប់​ព្រឹត្តិការណ៍​បើកការ​ប្រកួតកីឡា​ជាតិ​លើក​ទី​១ ថ្ងៃ​ទី​២៧ តុលា ២០១៦ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៥​វិច្ឆិកា មេដាយសរុបចំនួន​៥៧២​គ្រឿង ត្រូវបានបំពាក់ដល់កីឡាករកីឡាការិនីមក​ពី​ទូទាំង​ប្រទេស សម្រាប់​វិញ្ញាសា​ប្រកួត​ចំនួន១៨៩ នៅ​ក្នុង​១៥ប្រភេទកីឡា​។ ក្នុង​នោះ អត្តពលិកមកពីរាជធានី​ភ្នំពេញ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ រហូត​ដល់​ទៅ​១០២គ្រឿង (មាស​៤១​គ្រឿង ប្រាក់​៣៤​គ្រឿង សំរិទ្ធ​២៧​គ្រឿង​) តាម​ពី​ក្រោយ​ដោយ​ក្រសួងមហាផ្ទៃដែល​ទទួល​បាន​មេដាយ​៥៩​​គ្រឿង (មាស​២៨ ប្រាក់​១៦ សំរិទ្ធ​១៦) និង​ក្រសួង​ការពារ​ជាតិ​ទទួល​បាន​មេដាយ៥៥​គ្រឿង (មាស​២២ ប្រាក់​១៧ សំរិទ្ធ​១៦)​​។

ក្រៅ​ពី​នោះ ខេត្តកណ្ដាល​ទទួល​បាន​មេដាយ​សរុប​៦៤​គ្រឿង (មាស​១៤ ប្រាក់​២០ សំរិទ្ធ​៣០) ខេត្ត​សៀមរាប​៤៣​គ្រឿង (មាស​១២ ប្រាក់​១១ សំរិទ្ធ​២០) និង​ខេត្ត​កំពង់​ឆ្នាំង​បាន​មេដាយ​សរុប​៣៤ (មាស​១០ ប្រាក់​១០ សំរិទ្ធិ​១៤)។ ដោយ​ឡែក​ខេត្ត​ចំនួន​២០​​ផ្សេង​ទៀត​សុទ្ធ​តែ​ដណ្ដើម​បាន​មេដាយ លើក​លែង​តែ​ខេត្ត​ត្បូង​ឃ្មុំ​មួយ​ប៉ុណ្ណោះ ដែល​គ្មាន​បាន​ទទួល​មេដាយ។

តាម​រយៈ​លទ្ធផល​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​កត់​សម្គាល់​ឃើញ​ថា បច្ចេកទេស​នៃ​អត្តពលិក​ខ្មែរ​នៅ​តាម​ខេត្ត​និង​រាជធានី​មួយ​ចំនួន​មាន​ភាព​លេច​ធ្លោ​ខ្លាំង​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ បច្ចេកទេស​នៃ​អត្តពលិក​មក​ពី​បណ្ដា​ខេត្តមួយ​ចំនួន ពិសេស​ខេត្ត​​ដាច់​ស្រយាល នៅ​តែ​មាន​កម្រិត​នៅ​ឡើយ។ គម្លាត​បច្ចេកទេស​ដាច់​ឆ្ងាយ​ពី​គ្នា​នៃ​អត្តពលិក​នេះ បើ​តាម​លោក​វ៉ាត់ ចំរើន គឺ​​ជា​បញ្ហា​ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អូឡាំពិក​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​ដោះ​ស្រាយ​ជា​បន្ទាន់​។

សម្រាប់​លោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​១ ដែល​ទើប​តែ​បញ្ចប់​នេះ គឺ​ជា​ទុន​ដ៏​សំខាន់​សម្រាប់​កម្ពុជា ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​​​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​វិស័យ​កីឡា ដើម្បី​ឈាន​ទៅ​រៀបចំ​យុទ្ធសាស្ត្រ​និង​ផែនការ​ជាក់​លាក់​សម្រាប់​ការ​អភិវឌ្ឍ​ត​ទៅ​មុខ​ទៀត​។ ជា​ការ​អភិវឌ្ឍ​ដែល​នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា​ឈាន​ទៅ​ឈរ​ជើង​ស្មើ​មុខ​ស្មើ​មាត់​នៅ​ប្រទេស​ដទៃ​ក្នុង​តំបន់ ខណៈ​ដែល​ប្រទេស​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ