អានតួអត្ថបទ
កម្ពុជា

សមាគម​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សាទរ​ចំណាត់ការ​របស់​សាលា​ក្រុង​បង្រៀន​ច្បាប់​ដល់​អ្នក​បើក​កង់បី​

ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ចាត់​ទុកការ​បង្រៀន​ច្បាប់​ដល់​អ្នក​បើក​រ៉ឺម៉កកង់បី​ថា​ជា​ចំណុច​វិជ្ជ​មាន​មួយ ហើយ​លោក​សាទរ​ចំពោះ​អ្វី​ដែល​សាលាក្រុង​រៀប​ចំ​ធ្វើ​នា​ពេល​នេះ ដើម្បី​សម្រួល​សណ្តាប់​ធ្នាប់ និង​កុំ​ឲ្យ​មាន​ការ​បើកបរ​ខុស​ច្បាប់​ចរាចរណ៍។ កាលពីថ្ងៃទី​១ ខែ​មីនា សាលា​ក្រុង​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​ត្រីចក្រយាន និងទោចក្រយាន​សណ្តោង​រ៉ឺម៉ក​មក​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដោយ​ឥតគិត​ថ្លៃ​។

រ៉ឺម៉ក​កង់បី​ឥណ្ឌា​កំពុង​ចរាចរ​លើ​ស្ពាន​អាកាស ​៥ ​មករា​
រ៉ឺម៉ក​កង់បី​ឥណ្ឌា​កំពុង​ចរាចរ​លើ​ស្ពាន​អាកាស ​៥ ​មករា​ @RFI
ផ្សាយពាណិជ្ជកម្ម

លោក វន់ ពៅ​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​រ៉ឺម៉ក​​កង់បី​ឥណ្ឌា​បាន​នាំចូល​មក​ប្រទេស​កម្ពុជា​ អ្នក​បើកបរ​រ៉ឺម៉ក​កង់បី​ឥណ្ឌា​ភាគ​ច្រើន​មិន​មាន​បណ្ណ​បើកបរ និង​មិន​បាន​ឆ្លង​កាត់​ការ​រៀន​ពី​ច្បាប់​ចរាចរណ៍​ទេ។ លោក​បន្ថែម​ថា​អ្នក​បើក​កង់បី​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ថែម​ទៀត​ផង​។

សាលា​ក្រុង​ភ្នំ​ពេញ តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​កាល​ពី​ថ្ងៃទី១ ខែ​មីនា ក៏​បាន​មើល​ឃើញ​ថា​អ្នក​បើក​បរ​ត្រីចក្រយាន និង​ទោចក្រយាន​សណ្តោង​រ៉ឺម៉ក ភាគ​ច្រើន​បាន​បើកបរ​យានយន្ត​លើ​ដង​ផ្លូវ​ដោយ​ពុំ​មាន​បណ្ណ​បើកបរ​ត្រឹម​ត្រូវ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​ចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ និង​ដើម្បី​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​រៀប​ចំ​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជូន​​អ្នក​មាន​របរ​ខាង​លើ​ដោយ​ឥតគិត​ថ្លៃ។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើ​ឡើង​រៀង​រាល់​ព្រឹក​ថ្ងៃ​សៅរ៍ រហូត​ដល់​ម៉ោង​៥ល្ងាច និង​មាន​រយៈពេល​២ខែ គិត​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី​២ ខែ​មីនា ដល់​ថ្ងៃទី​៤ ខែ​ឧសភា ស្ថិត​នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

សាលាក្រុង​ភ្នំពេញ​តាម​សេចក្តី​ប្រកាស​ដដែល​នេះ អំពាវនាវ​ឲ្យ​អ្នក​បើក​ត្រីចក្រយាន​ និង​ទោចក្រ​យាន​សណ្តោង​រ៉ឺម៉ក​ត្រូវ​រួសរាន់​សហការ និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ឲ្យ​បាន​គ្រប់​គ្នា។ បើ​ផុត​រយៈពេល​២ខែ បន្ទាប់​ពី​ការ​ជូន​ដំណឹង​នេះ​ អាជ្ញាធរ​នឹង​រឹត​បន្តឹង​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ដោយ​មិន​មាន​ការ​លើក​លែង​អធ្យាស្រ័យ​ទៀត​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អះអាង​ថា​ការ​បង្រៀន​តែ​ថ្ងៃ​សៅរ៍ រយៈពេល​២ខែ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ ដោយ​សារ​តែ​រាជធានី​ភ្នំពេញ មាន​រ៉ឺម៉ក​រាប់ម៉ឺន​គ្រឿង​។ ដូច្នេះ​លោក ចង់​ឲ្យ​សាលាក្រុង​ភ្នំពេញ​បង្រៀន​បន្ថែម​រយៈ៦​ខែ​ទៀត ទើប​គ្រប់គ្រាន់ ហើយ​ក្រោយ​ពេល​បង្រៀន​អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ថា​ពួក​គាត់​មាន​បណ្ណ​បើកបរ​ឬ​អត់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ