អានតួអត្ថបទ
កម្ពុជា

ប្រធាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថ្មី​ថា បើ​ខ្លួន​មិន​ទិញ​កាសែត​នេះ នោះ​ភ្នំពេញ​ប៉ុស្តិ៍​នឹង​ត្រូវ​បិទ​ទ្វារ​

ជាង​ ២សប្តាហ៍មក​ហើយ ដែល​ក្រុម​ហ៊ុន​ Post Media Co Ltd ដែល​ជាក្រុមហ៊ុនផ្សព្វផ្សាយ​កាសែតភ្នំពេញប៉ុស្តិ៍ ជួប​ព័ត៌មាន​ចម្រូងចម្រាស់នៃការ​ផ្លាស់ប្តូរ​ប្រធានថ្មីជនជាតិម៉ាឡេស៊ី។ ភាពចម្រូង​ចម្រាស់នោះ កើត​ឡើង​ដោយសារតែ​ការ​ចូល​មក​កាន់​តំណែង​ថ្ងៃដំបូងរបស់​ប្រធានថ្មី​ លោក​ Siva Kumar បាន​ធ្វើ​ឲ្យ​និពន្ធនាយកលោក​កៃ គឹមសុង និងអ្នកកាសែតបរទេសជាច្រើននាក់ទៀត ត្រូវ​បាន​បញ្ឈប់និងដើរចេញពីការងារ។ បញ្ហានេះ ធ្វើ​ឲ្យ​មានការ​ចោទសួរជុំ វិញ​ឯករាជ្យ​ភាពនៃការ​មក​ទិញ​ហ៊ុន​កាសែត​ភ្នំពេញប៉ុស្តិ៍របស់​អតីត​អ្នក​សារព័ត៌មាន​ម្នាក់នេះ។ យ៉ាងណាក៏ដោយ លោក Siva Kumar តាមរយៈសន្និសីទកាសែត​ នៅថ្ងៃសុក្រនេះ បាន​អះអាងថា ប្រសិន​បើ​លោក​មិន​មក​ទិញ​យក​កាសែតភ្នំពេញ​ប៉ុស្តិ៍នេះទេ កាសែតនេះ នឹង​ត្រូវបិទទ្វារ ហើយ​បុគ្គលិក​ប្រមាណ១៦០នាក់ នឹង​អត់​ការងារធ្វើ។

លោក Siva Kumar ប្រធានកាសែតភ្នំពេញប៉ុស្តិ៍ថ្មី (កណ្តាល)។
លោក Siva Kumar ប្រធានកាសែតភ្នំពេញប៉ុស្តិ៍ថ្មី (កណ្តាល)។ @RFI
ផ្សាយពាណិជ្ជកម្ម

លោក Siva Kumar បញ្ជាក់ថា កាសែតភ្នំពេញប៉ុស្តិ៍ អាចនឹង​ត្រូវ​បិទការចុះផ្សាយ ​ដោយសារតែបញ្ហា​ហិរញ្ញវត្ថុ​ និង​ជម្លោះ​ខ្លះ​ៗពី​អតីតអគ្គនាយក​របស់​ក្រុមហ៊ុន​មួយនេះ។ ដូច្នេះហើយ​ ប្រសិន​បើ​លោក​មិន​មក​ទិញ​ក្រុមហ៊ុន​នេះ បន្ត​ពី​អតីតម្ចាស់កាសែត​សញ្ជាតិ​អូស្ត្រាលីនោះទេ ច្បាស់ណាស់​ថា វាសនា​របស់​បុគ្គលិក​កាសែតមួយ​នេះ មិន​ដឹងជាទៅជាយ៉ាងណានោះឡើយ។ លោក Siva អះអាងថា វានឹង​ជារឿងមួយ​ដែល​គួរឲ្យ​សោកស្តាយ​ប្រសិន​បើ​កាសែតដែលបានដំណើរ​ការ​២៦ឆ្នាំមក​ហើយនោះ ត្រូវបាន​បិទការផ្សាយ​។

យ៉ាងណាក៏ដោយ លោក Siva ថ្លែងក្នុងសន្និសីទកាសែតជាលើកដំបូង​របស់ខ្លួន​នៅរសៀលនេះថា ការចាប់​ផ្តើម​ធ្វើការដំបូង​ជាមួយ​កាសែតនេះ កាលពីដើម​ខែឧសភា គឺ​ប្រកដដោយ​ភាពរកាំរកូស ដោយសារតែបុគ្គលិក​របស់​ភ្នំពេញប៉ុស្តិ៍ យល់​ច្រលំ​ពីអត្តសញ្ញាណ​របស់លោក រួម​ទាំងផ្តល់​ព័ត៌មានអាស្រូវ និង​អវិជ្ជមាន ដែល​ប៉ះពាល់​ដល់​ក្រុមហ៊ុន។ តាម​លោក Siva ប្រការនេះ បាន​ធ្វើឲ្យ​លោក​ត្រូវតែ​បញ្ឈប់អតីត​​​​និពន្ធនាយក លោកកៃ គឹមសុង ដែលមានអតីតភាពការងារ១០ឆ្នាំកន្លងមក ភ្លាមៗតែម្តង ដោយយោង​តាម​គោលការណ៍​ក្រុមហ៊ុន។

សូមរម្លឹកជូនថា លោក​កៃ គឹមសុង ត្រូវបាន​លោក Siva Kumar បញ្ឈប់​នៅ​ថ្ងៃទី ៧ឧសភា បន្ទាប់ពីបាន​អនុញ្ញត​ឲ្យអ្នក​សារព័ត៌មាន​របស់​ខ្លួន ចេញ​ផ្សាយ​អត្ថបទស្តីពី ការ​លក់​កាសែត​ភ្នំពេញប៉ុស្តិ៍ទៅឲ្យ​វិនិយោគិន​ម៉ាឡេស៊ី ដែល​ជាមនុស្សធ្លាប់​ជិត​ស្និទ្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និង​ក្នុងជួរ​រដ្ឋាភិបាល​ម៉ាឡេស៊ី។

បន្ទាប់ពីការបញ្ឈប់នេះ លោក Siva Kumar បញ្ជាក់ថា លោក​បានតែងតាំងនិពន្ធនាយក​ថ្មីរួចហើយ​ដោយ​សុទ្ធតែជាជនបរទេស រួមមានលោក Joshua Purushotman ជា​​និពន្ធនាយក និងក្រុម​ការងារពីក្រៅប្រទេស ដើម្បីត្រួតត្រាលើការផ្លាស់ប្តូរនេះ ដោយរួមមាន​លោក Ly Tayseng និង​លោក James Ong។​

ជុំវិញ​សំណួរ ដែល​ចោទសួរ​ពីឯករាជ្យ​ភាពនៃកាសែតភ្នំពេញប៉ុស្តិ៍ នាពេលបច្ចុប្បន្ន លោក​ Siva Kumar បញ្ជាក់ថា ភ្នំពេញប៉ុស្តិ៍ នឹង​គោរព​តាមវិជ្ជាជីវៈសារព័ត៌មាន ហើយ​នឹង​រាយការណ៍​​តែពីព័ត៌មានពិត។ នៅពេលសួរថា តើ​កាសែត ហ៊ាន​ចុះផ្សាយ​រិះគន់​រដ្ឋាភិបាល​ដូចពីមុន​ទេ? លោក Siva ឆ្លើយថា ហេតុអ្វីចាំបាច់​រិះគន់​រដ្ឋាភិបាល? ហេតុអ្វីមិន​រាយការណ៍តែការពិតធម្មតាទៅ? ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ