អានតួអត្ថបទ
កម្ពុជា-សង្គម

​លោក ពេជ្រ ស្រស់ គ្រោង​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​មក​បំភ្លឺ​ជុំវិញ​សំណើ​របស់​ក្រុម​ហ៊ុន ទ្រី ភាព​

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​បាន​អះអាង​ថា ខ្លួន​នឹង​កោះ​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​មក​បំភ្លឺ​នៅ​ពេល​ខាង​មុខ​នេះ ជុំវិញ​សំណើ​របស់​ក្រុម​ហ៊ុន​ទ្រីភាព ដែល​បាន​ស្នើ​សុំ​អនុញ្ញាត​ចុះ​សិក្សា បូម​ស្តារ និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ក្រោម​យុទ្ធ​សាស្ត្រ «ទន្លេ​ចិញ្ចឹម​ទន្លេ»។ ការ​អះអាង​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​អះអាង​ថា ខ្លួន​មិន​មាន​សិទ្ធិ​ផ្តល់​អាជ្ញា​ប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព នេះ​ទេ​។ 

លោក ពេជ្រ ស្រស់
លោក ពេជ្រ ស្រស់ @FB
ផ្សាយពាណិជ្ជកម្ម

សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​អះអាង​ថា លោក​នឹង​កោះ​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ឲ្យ​មក​បំភ្លឺ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ជុំវិញ​សំណើ​របស់​ក្រុម​ហ៊ុន ទ្រី ភាព ដែល​បាន​ស្នើ​សុំ​រដ្ឋា​ភិបាល​កម្ពុជា បូម​ស្តារ និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ក្រោម​យុទ្ធ​សាស្ត្រ «ទន្លេ​ចិញ្ចឹម​ទន្លេ»។ ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​នេះ គឺ​បន្ទាប់​ពី​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​ជា​យន្តការ​ថ្មី​មួយ​មក​ពី​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​នេះ បាន​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ឲ្យ​មក​បំភ្លឺ នៅ​ថ្ងៃទី ២៣ ឧសភា​នេះ។​ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ លោក ស៊ុយ សែន បាន​អះអាង​ថា ក្រសួង​របស់​លោក​មិន​មាន​សិទ្ធិ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ធ្វើ​ការ​សម្អាត​ច្រាំង​ទន្លេ ដែល​កំពុង​ក្លាយ​ជា​ក្តី​កង្វល់​របស់​មហាជន​ទូទៅ​នេះ​ទេ​។

គួរ​ជំរាប​ជូន​ថា ផ្អែក​តាម​សេចក្តី​ជូន​ដំណឹង​របស់ ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ចុះថ្ងៃទី ០៧ ឧសភា ដោយ​មាន​ចំណា​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម របស់​លោក លឹម គានហោ ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​ផ្តល់​មតិ ជុំវិញ​សំណើ​របស់​ក្រុម​ហ៊ុន​ទ្រី​ភាព​។ ក្រុម​ហ៊ុន​ទ្រី​ភាព ដែល​បាន​ស្នើ​សុំ​គោលការណ៍​ពី​រដ្ឋា​ភិបាល​កម្ពុជា ដើម្បី​អនុញ្ញាត​ចុះ​សិក្សា បូមស្តារ និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់​ពី​ចំណុច​មាត់​ច្រក​ព្រំ​ដែន​កម្ពុជា វៀតណាម (ក្អម​សំណ) រហូត​ដល់​ចំណុច​ភូមិ​សាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់​ចាម ក្រចេះ និង​តាម​ដង​ទន្លេ​បាសាក់ ក្រោម​យុទ្ធសាស្ត្រ «ទន្លេ​ចិញ្ចឹម​ទន្លេ»។ បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក ក្រុម​ការងារ​ក្រសួង​ធន​ធាន​ទឹក​នេះ បាន​បញ្ចប់​ការ​សិក្សា​លើ​ដំណាក់​កាល​ទី១ និង​ទី២​រួច​ហើយ​។ ប៉ុន្តែ​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​។

ក្នុង​នាម​ជា​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ លោក ពេជ្រ ស្រស់ បាន​អះអាង​ថា លោក​បារម្ភថា ក្រោម​ពាក្យ បូមស្តារ ក្រុម​ហ៊ុន​នេះ នឹង​បូម​ខ្សាច់​លក់ ហើយ​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ ដូច​មាន​ការ​ចោទ​ប្រកាន់​កន្លង​មក​ថា ក្រោម​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច បែរ​ជា​កាប់​ឈើ​លក់​ទៅ​វិញ​។ ភ្ជាប់​ជាមួយ​នឹង​រឿង​នេះ ក្រុម​យុវជន​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​បរិស្ថាន​ ក៏​គ្រោង​ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ស្នើ​ឲ្យ​ស្ថាប័ន​ទាំងនោះ កុំ​ទទួល​យក​គម្រោង​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ របស់​ក្រុមហ៊ុន ទ្រី ភាព ដោយពួកគេ​ប្តេជ្ញា​ថា នឹង​បន្តធ្វើ​យុទ្ធនាការ​ផ្សេងៗ​ទៀត ដើម្បី​ជំទាស់​ការផ្តល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាម​ដង​ទន្លេមេគង្គនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ