អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ខ្មែរ​ទទួល​ញត្តិ​តវ៉ា​រឿង​ព្រំដែន​ជំនួស​ស្ថាន​ទូត​វៀតណាម

ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​យក​ញ្ញតិ្ត​ទាមទារ​មួយ ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា តែ​មន្រ្តី​ស្ថានទូត​វៀតណាម មិន​បាន​ចេញ​មក​ទទួល​លិខិត​នោះ​ឡើយ។ ដោយ​មាន​អន្តរាគមន៍​ពី អាជ្ញាធរ​ដែន​ដី ក្រុម​ការងារ​បក្ស​យុវជន​កម្ពុជា បាន​ព្រម​រំសាយ​ពី​មុខ​ស្ថានទូត​វៀតណាម​ភ្លាម​ៗ តែ​បាន​ព្រមាន​ទុក​ពេល​អោយ​ត្រឹម ៣០​ថ្ងៃ ថា​បើ​គ្មាន​ការ​ឆ្លើយ​តប​ណាមួយ ពី​រដ្ឋាភិបាល​វៀតណាម បក្ស​យុវជន​កម្ពុជា នឹង​ដឹកនាំ​មហា​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​វៀតណាម​ម្តង​ទៀត។

លោក ​ពេជ្រ ​ស្រស់ ​បាន​យក​ញ្ញតិ្ត​ទាម​ទារ​មួយ ​ទៅ​ដាក់​នៅ​ស្ថា​នទូត​វៀត​ណាម​ប្រចាំ​កម្ពុជា​ តែ​មន្រ្តី​ស្ថានទូត​វៀតណាម​ មិន​បាន​ចេញ​មក​ទទួល​លិខិត​នោះ​ឡើយ​។ ​
លោក ​ពេជ្រ ​ស្រស់ ​បាន​យក​ញ្ញតិ្ត​ទាម​ទារ​មួយ ​ទៅ​ដាក់​នៅ​ស្ថា​នទូត​វៀត​ណាម​ប្រចាំ​កម្ពុជា​ តែ​មន្រ្តី​ស្ថានទូត​វៀតណាម​ មិន​បាន​ចេញ​មក​ទទួល​លិខិត​នោះ​ឡើយ​។ ​
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា​នេះ មិន​បាន​ចេញ​មក​ទទួល​ញ្ញតិ្ត របស់​ គណបក្ស​យុវជន​កម្ពុជា នៅ​មុខ​ស្ថាន​ទូត​ឡើយ។ ញ្ញតិ្ត​ដែល​មាន​ខ្លឹមសារ​ ទាមទារ​បី​ចំណុច គឺ ​អោយ​រដ្ឋាភិបាល​វៀតណាម​ បញ្ឈប់​សកម្មភាព​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា ​រុះរើ​សំណង់​នៅ​ព្រំដែន​តាម​តំបន់​ហាមឃាត់​ លុប​ស្រះទឹក និង​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​ ដែល​រស់នៅ​តាម​ព្រំដែន​កម្ពុជា-វៀតណាម​។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ថ្លែង​ថា ការ​មិន​ចេញ​មក​ទទួល​ញ្ញតិ​របស់​មន្រ្តី​ស្ថាន​ទូតវៀត​ណាម ដោយ​យក​លេស​ជាប់​រវល់​ប្រជុំ​ជាមួយ គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បង្ហាញ​ថា​រដ្ឋាភិបាល​វៀតណាម​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ដែល​រង​ការ​បំពាន​បូរណភាព​ទឹកដី​ឡើយ។​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ព្រមាន​ថា ប្រសិន​បើ​ក្នុង​រយៈពេល ៣០​ថ្ងៃ​ក្រោយ គ្មាន​ការ​ឆ្លើយ​តប​អោយ​សមហេតុផល​ណាមួយ ពី​ស្ថាន​ទូត​វៀតណាម​ទេ បក្ស​យុវជន​កម្ពុជា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ នៅ​មុខ​ស្ថាន​ទូត​វៀតណាម​ម្តងទៀត ព្រម​ទាំង​ធ្វើ​បាតុកម្ម​បិទ​ទីផ្សារ​ផលិតផល​វៀតណាម​ទាំង​ស្រុង​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សម្តែង​ភាព​មិន​ពេញ​ចិត្ត​តបត​វិញ។

អន្តរាគមន៍​ភ្លាម​ៗ ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​នៅ​មុខ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា អភិបាល​រង​ខណ្ឌ​ចំការ​មន លោក កែវ សំណាង បាន​ចេញ​មុខ​មក​ទទួល​ញ្ញតិ្ត​នោះ​ជំនួស មន្រ្តី​ស្ថាន​ទូត​វៀតណាម។ អភិបាល​រង​ខណ្ឌ​ចំការមន រូបនេះ បាន​ប្រាប់​វិទ្យុ​បារាំង​RFI នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោក​បាន​ចាត់​ចែង​បញ្ជូន​ញត្តិ​រួច​ហើយ និង​កំពុង​រងចាំ​ការ​ជូន​ដំណឹង​ពី​ស្ថានទូត​វៀតណាម​មក​វិញ។​

យ៉ាងណា​ក៏​ដោយ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ​បាន​បញ្ជាក់​ថា ការ​ឆ្លើយ​តប​នឹង​បញ្ហា​ព្រំដែន​របស់​រដ្ឋាភិបាល​វៀតណាម ​បើ​ទោះ​បី​ជា ធ្វើ​ឡើង​តាម​រយៈ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា វៀតណាម ក៏​អាច​បន្ថយ​កំហឹង និង​សម្រេច​បំណង​នៃ​ញ្ញត្តិ​របស់​បក្ស​យុវជ​នកម្ពុជា បាន​ផង​ដែរ។

គួរ​ជម្រាប​ថា ការ​ដាក់​ញ្ញតិ្ត​របស់ គណបក្ស​យុវជន​កម្ពុជា ជូន​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​នេះ ចំ​ពេល​ដែល គណៈកម្មការ​ព្រំដែន កម្ពុជា-វៀតណាម កំពុង​បើក​កិច្ច​ប្រជុំ នៅ​ទីស្តីការ គណៈ​រដ្ឋ​មន្រ្តី​ខណៈ ​កម្ពុជា មាន​របៀប​វារៈ​មួយ​ចំនួន ទាក់ទង​នឹង​បញ្ហា​នៅ​តាម​តំបន់​ព្រំដែន រវាង​កម្ពុជា-វៀតណាម ព្រម​ទាំង​លិខិត​ស្នើ​អោយ ប្រទេស​បារាំង ជួយ​អន្តរាគមន៍​លើ​បច្ចេកទេស​គូស​ផែនទី​នៅ​តាម​ព្រំដែន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ