អានតួអត្ថបទ
កម្ពុជា-ថៃ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថា​លោក​ស្រីយីង ឡាក់​មិន​បាន​ប្រើ​ប្រាស់​កម្ពុជា​ដើម្បី​គេច​ខ្លួន​ទេ

លោក​ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា​លោក​ស្រីយីង ឡាក់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​កំពុង​មាន​ទោស​នោះ មិន​បាន​ប្រើ​ប្រាស់​ប្រទេស​កម្ពុជា ដើម្បី​គេច​ខ្លួន​នោះ​ទេ​។ នេះ​បើ​តាម​លោក​ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌​មាន​នៅ​ព្រឹក​នេះ​។

លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញ​ ថ្ងៃទី១៥ កញ្ញា ឆ្នំា ២០១១
លោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីថៃ និងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញ​ ថ្ងៃទី១៥ កញ្ញា ឆ្នំា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នេះ គឺ​បន្ទាប់​ពី​សារព័ត៌មាន​របស់​ថៃ​បាង​កក​ប៉ុស្តិ៍​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា​ថា លោក​ស្រី យីងឡាក់​ ស៊ី​ណា​វ៉ាត ប្អូន​ស្រី​របស់​លោក​ថាក​ស៊ីន​បាន​ចាក​ចេញ​ពី​ប្រទេស​ថៃ ដើម្បី​គេច​ចេញ​ពី​សាល​ក្រម​តុលាការ ហើយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ឌូបៃ​។

ប្រភព​ជិត​ស្និត​នឹង​គ្រួសារ​លោក​ស្រី​យីង ឡាក់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​បាង​កកប៉ុស្តិ៍​ថា​លោក​ស្រី​យីងឡាក់​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ឯកជន​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​នៅ​ក្នុង​ខេត្ត​ត្រាត​ ជា​កន្លែង ដែល​លោក​ស្រី​ឆ្លង​កាត់​ព្រំដែន​ថៃ ចូល​មក​ក្នុង​ព្រំដែន​កម្ពុជា​ក្នុង​ខេត្ត​កោះកុង​។ បាង​កកប៉ុស្តិ៍​បាន​បន្ត​ថា​ក្រោយ​ពីធ្វើ​ដំណើរ​មក​ដល់​កម្ពុជា លោក​ស្រី​បាន​ហោះ​ទៅ​កាន់​សិង្ហបុរី និង​ស្វែង​រក​ជើង​យន្ត​ហោះ​ដើម្បី​បន្ត​ទៅ​ឌូបៃ​។

កាសែត​នេះ​ក៏​បាន​បង្ហាញ​គំនូរ​ផ្លូវ២​ផ្សេង​ទៀត​ដែល​លោក​ស្រីយីងឡាក់​អាច​ប្រើ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់ឌូបៃ​។ ក្នុង​នោះ​គឺ​លោក​ស្រី​អាច​ធ្វើ​ដំណើរ​ចេញ​ពី​បាងកក​ទៅ​ខេត្ត​សាកែវ មក​ភ្នំពេញ និង​ចាក​ចេញ​ទៅ​សិង្ហបុរី ​ហើយ​បន្ត​ទៅ​ឌូបៃ។ ម្យ៉ាង​ទៀត​លោក​ស្រី​អាច​ធ្វើ​ដំណើរ​ចេញ​ពី​បាងកក​ទៅ​កាន់​សិង្ហបុរី និង​ឆ្ពោះ​ត្រង់​ទៅ​ឌូបៃ។

បាងកក​ប៉ុស្តិ៍​បាន​ដក​ស្រង់​ការ​បញ្ជាក់​ពី​ប្រភព​របស់​ខ្លួន​ថា​លោក​ស្រីយីង ឡាក់ អតីត​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បានគេ​ជួយ​ផ្តល់​លិខិត​ឆ្លង​ដែន​កម្ពុជា មុន​ពេល​លោក​ស្រី​បន្ត​ដំណើរ​ទៅ​កាន់​សិង្ហបុរី និង​ឆ្ពោះ​ទៅ​កាន់​ឌូបៃ ​ដើម្បីជួប​លោក​ថាក​ស៊ីន​។

ឆ្លើយ​តប​នឹង​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន​បរទេស​នេះ លោក​ខៀវ សុភ័ក្រ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បដិសេធ​ថា​មិន​មាន​វត្ត​មាន​លោក​ស្រី​យីង​ឡាក់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​កម្ពុជា​នោះ​ទេ​។ លោក​ខៀវ សុភ័ក្រ​បញ្ជាក់​ថា​កម្ពុជា​មិន​មាន​គំនិត​លួច​លាក់​អ្នក​ទោស​ឲ្យ​ឆ្លង​កាត់ ដើម្បី​យក​រួច​ខ្លួន​ពី​ច្បាប់​ទេ។ លោក​បន្ថែម​ថា​ប្រសិន​បើ​មាន​ព័ត៌មាន​ពិត​ប្រាកដ​ដូច​ការ​ចុះ​ផ្សាយ​មែន សូម​ឲ្យ​ផ្តល់​ព័ត៌មាន​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់​ការ។

សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​សុក្រ តុលាការ​កំពូល​ថៃ បាន​ចេញដីកា​ចាប់ខ្លួន ជំនួស​ឲ្យ​ការប្រកាស​សាលក្រម ប្រឆាំង​លោកស្រី​យីងឡាក់។ លោកស្រី​យីងឡាក់ ដែល​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ១០​ឆ្នាំ ពីបទ​ធ្វេសប្រហែស ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដល់​កសិករ បាន​អវត្តមាន មិន​ទៅ​បង្ហាញ​ខ្លួន នៅថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ