អានតួអត្ថបទ
កម្ពុជា

នាយក​រដ្ឋមន្រ្តី​ខ្មែរ​ទាត់​ចោល​ព័ត៌មាន​ដែល​ថា​ប្រគល់​«បឹង​យក្ខ​ឡោម»​ទៅ​ឲ្យ​ចិន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ទាត់​ចោល​ចំពោះ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ថា​ រដ្ឋាភិបាល​នឹង​ប្រគល់​«បឹង​យក្ខ​ឡោម» ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ការ​វិនិយោគ​រយៈ​ពេល​៧៥​ឆ្នាំ។ ការ​ចេញ​មក​ទាត់​ចោល​ព័ត៌មាន​នេះ បន្ទាប់​ពី​កាសែត​រស្មី​កម្ពុជា បាន​ចុះ​ផ្សាយ​នៅ​ព្រឹក​នេះ​ថា ការ​ប្រគល់​បឹង​ធម្មជាតិ​មួយ​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន ក្រោម​ទុន​វិនិយោគ​៧​លាន​ដុល្លារ​ ដើម្បី​បង្កើត​ទៅ​ជា​តំបន់​ទេសចរណ៍​ខ្នាត​អន្តរជាតិ។

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​មក​ទាត់​ចោល​ព័ត៌មាន​លក់«បឹង​យក្ខ​ឡោម»​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​ចោទ​សួរ​ត្រឡប់​ទៅ​វិញ​ថា តើ​អ្នក​ណា​បង្កើត​រឿង​បែប​នេះ​ឡើង​ដើម្បី​អ្វី? ប៉ុន្តែ​ក្នុង​​ឋានៈ​ជា​ប្រមុខ​រដ្ឋាភិបាល លោក​សុំ​ទាត់​ចោល​ទាំង​ស្រុង នូវ​ការ​វិនិយោគ​ឯកជន​ណា​មួយ​មក​លើ​បឹង​ធម្មជាតិ​ដ៏​សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ។

នេះ​ជា​ការ​ទាត់​ចោល​នូវ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​រស្មី​កម្ពុជា។ រស្មី​កម្ពុជា​ដែល​​បាន​ឡើង​ចំណង​ជើង​ថា រដ្ឋាភិបាល​នឹង​ដាក់​«បឹង​យក្ខ​ឡោម»ទៅ​ឲ្យ​ក្រុម​ហ៊ុន​ចិន​វិនិយោគ​​រយៈ​ពេល​៧៥​ឆ្នាំ។

កាសែត​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​បាន​ផ្សាយ​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​១០​ខែ​មេសា​ឆ្នាំ​២០១៨ លោក សក់ សេដ្ឋា រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ ក៏​បាន​ឯកភាព​ទៅ​លើ​គម្រោង​ស្នើ​សុំ​របស់​ក្រុម​ហ៊ុន​ចិន​ឈ្មោះ ​ដាសេងហ្វ័រ ឈួន។ ជា​គម្រោង​វិនិយោគ​ក្នុង​តម្លៃ​ទឹក​ប្រាក់​៧​លាន​​ដុល្លារ ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ដែល​មាន​ស្រាប់​នេះ​ទៅ​ជា​តំបន់​ទេសចរណ៍​ខ្នាត​អន្តរជាតិ។ នេះ​បើ​តាម​កាសែត​ដដែល។

ការ​លេច​ចេញ​ព័ត៌មាន​បែប​នេះ​គឺ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​១៣​មិថុនា ស្តី​ពី​ការ​បង្កើត​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ «បឹង​យក្ខ​ឡោម» ​ដែល​មាន​ផ្ទៃ​ដី​សរុប​២២៥​ហិកតា​ ស្ថិត​ក្នុង​ ក្រុង​បាន​លុង ​ខេត្ត​រតនគិរី​។ ​​ការ​ដាក់​បឹង​ដែល​មាន​ជម្រៅ​ទឹក​ជ្រៅ​នេះ ​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង ​គឺ​ជាការ​ថែទាំ​ជម្រក​សត្វ​ព្រៃ ​និង​ប្រព័ន្ធ​អេកូ​ឡូស៊ី ​ព្រម​ទាំង​ជីវៈ​ចម្រុះ​ ដើម្បី​រក្សា​លំនឹង​បរិស្ថាន​។​

ប៉ុន្តែ​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា ផ្ទៃ​ដី​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង«បឹង​យក្ខ​ឡោម»នេះ មិន​រួម​បញ្ចូល​ដី​កម្មសិទ្ធិ​ឯក​ជន និង​ដី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ