អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ហ៊ុន សែន ចេញ​បញ្ជា​៨​ចំណុច ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨

ដូច​សព្វ​មួយ​ដង​ដែរ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បន្ត​ចុះ​ទៅ​ជួប​ជាមួយ​កម្មករ កម្មការិនី​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​១៥ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ក្រៅ​ពី​លើក​ឡើង​ជា​ច្រើន និង​ដូច​ពី​លើក​មុនៗ​ដែរ​អំពី​បញ្ហា​កម្មករ​នោះ នៅ​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​បទ​បញ្ជា​ចំនួន​៨​ចំណុច ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​អនុវត្ត​ចំពោះ​កម្មករ កម្មការិនី។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ទៅ​ជួប​ជាមួយ​កម្មករ កម្មការិនី​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​១៥ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ទៅ​ជួប​ជាមួយ​កម្មករ កម្មការិនី​ចំនួន​ជាង​១​ម៉ឺន​៤​ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​១៥ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ចំណុច​អាទិភាព​មួយ​ក្នុង​ចំណោម​ទាំង​៨​ចំណុច​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់​ពន្ធ័​ទាំង​អស់​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ប្រាក់​ខែ​អប្បបរិមា​របស់​កម្មការ​ចំនួន ១៧០ ដុល្លារ ចាប់​ពី​ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៨ ត​ទៅ។ ជាមួយ​គ្នា​នេះ ត្រូវ​អនុវត្តន៍​ប្រាក់​សោធននិវត្តន៍​ដល់​កម្មករ កម្មការិនី​ចាប់​ពី​ឆ្នាំ ២០១៩ ហើយ​ក៏​ត្រូវ​អនុវត្តន៍​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៨ ត​ទៅ កម្មករ​កម្មការិនី​មិន​ចាំ​បាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នក​បង់​ជំនួស ១០០%។ ក្រៅ​ពី​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​អនុវត្តន៍​តាម​ដាន​មើល​បញ្ហា​ទឹក ភ្លើង គឺ​ត្រូវ​ខិត​ខំ​បន្ត ត​ទឹក ត​ភ្លើង​ដល់​ផ្ទះ​របស់​កម្មករ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​តាម​ដាន​មើល​តម្លៃ​ផ្ទះ​ជួល​ដល់​កម្មករ​កម្មការនី​កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ក្នុង​ឆ្នាំ​២០១៨ ។

ដោយ​ឡែក ចំពោះ​បញ្ហា​សុខភាព​វិញ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ត្រូវ​អនុវត្តន៍​ការ​ចុះ​ទៅ​ពិនិត្យ​នៅ​តាម​មន្ទីពេទ្យ​រដ្ឋ ចំពោះ​ការ​ពិនិត្យ​សុខភាព និង​ការ​ព្យាបាល កម្មករ​កម្មការិនី​រោងចក្រ ឲ្យ​បាន​ម៉ត​ចត់។ ចំណែក​ស្រ្តី​មាន​ផ្ទៃ​ពោះ​សំរាល​កូន​គឺ​នឹង​ទទួល​បាន​ពេល​វេលា​ឈប់​សម្រាក​ពី​ការងារ​រយៈ​ពេល​៣​ខែ និង​នៅ​ទទួល​បាន​ប្រាក់​ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០%​ដោយ​បេឡាជាតិ)។ ចំពោះ​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី​បញ្ជា​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ត្រូវ​តាម​ដាន​ការងារ​ឲ្យ​បាន​ដិត​ដល់​ចំពោះ​ការ​អនុវត្ត​សកម្មភាព​នេះ។ បើ​តាម​លោក​ហ៊ុន សែន ចំពោះ​កម្មការនី​សម្រាល​បាន​កូន​(១)គឺ​ទទួល​ថវិកា​៤០​ម៉ឺន​រៀល និង​ពិនិត្យ​ផ្ទៃ​ពោះ​ដោយ​ឥត​គិត​ថ្លៃ។ បើ​សម្រាល​បាន​កូន​ភ្លោះ (២) គឺ​ទទួល​បាន​ថវិកា​៨០​ម៉ឺន​រៀល​ហើយ​បើ​សម្រាល​បាន​កូន​(៣)គឺ​ទទួល​បាន​ថវិកា​១​លាន​២​សែន​រៀល​ហើយ​បូក​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥​លាន​រៀល​ទៀត​ពី​លោក​ផ្ទាល់​តែ​ម្តង។

ជា​ការ​កត់​សម្គាល់ ការ​ដាក់​ចេញ​នូវ​បទ​បញ្ហា​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​ចុះ​ជួប​ជាមួយ​កម្មករ កម្មការិនី ជា​ទៀង​ទាត់​រៀង​រាល់​សប្តាហ៍​ចាប់​តាំង​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ដោយ​តុលាការ​កំពូល​កម្ពុជា​មក។ ជាមួយ​នឹង​ចំណុច​ល្អ​ចំពោះ​កម្មករ​ទាំង​៨​នេះ លោក​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង ក៏​រំពឹង​ថា កម្មករ កម្មការិនី និង​អាណាព្យាបាល​របស់​ពួក​គេ នឹង​នៅ​តែ​បន្ត​គាំទ្រ​លោក​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជាតិ ដើម្បី​ឲ្យ​លោក​បន្ត​ដឹក​នាំ​ប្រទេស​កម្ពុជា​ត​ទៅ​ទៀត។ តាម​រយៈ​ការ​ដាក់​ចេញ​ចំណុច​សំខាន់ៗ​ជា​បន្ត​បន្ទាប់​របស់​លោក​ហ៊ុន សែន ដូច្នេះ ត្រូវ​អ្នក​តាម​ដាន​សង្គម​មួយ​ចំនួន​មើល​ឃើញ​ថា​បាន​ផ្តល់​ប្រយោជន៍​ពិតៗ​ដល់​កម្មករ ​ក៏​ប៉ុន្តែ​បើ​ទាំង​អស់​នេះ​ក្លាយ​ជា​គោល​នយោបាយ​មាំ​ទាំ​សម្រាប់​កម្មករ នោះ​វា​រិត​តែ​ប្រសើរ​ឡើង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ