អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ៖ ការ​ចាត់​ទុក​គណបក្ស​ដទៃ​ទៀត​ថា ហ៊ុន សែន ជា​អ្នក​បង្កើត​គឺ​ជា​ការ​មើល​ស្រាល

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​អង្គារ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា ការ​ដែល​មាន​គណបក្ស​រហូត​ដល់​២០​ ចូល​រួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ គឺ​មិន​មែន​ជា​បញ្ហា​លេង​សើច​នោះ​ទេ។ រី​ឯ​ការ​ចាត់​ទុក​ថា គណបក្ស​ដទៃ​ទៀត​នោះ​ថា លោក ហ៊ុន សែន ជា​អ្នក​បង្កើត​ឡើង គឺ​លោក​ថា​ជា​ការ​មើល​ស្រាល​ដល់​គណបក្ស​ទាំង​នោះ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​បក្ស​កាន់​អំណាច​បាន​ប្រតិកម្ម​ជា​ថ្មី​ថា​ ការ​ដែល​ចាត់​ទុក​គណបក្ស​ដទៃ​ទៀត​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ថា ជា​គណបក្ស​ដែល លោក ហ៊ុន សែន ជា​អ្នក​បង្កើត​ឡើង​នោះ គឺ​ជា​ការ​មើល​ស្រាល​ដល់​គណបក្ស​ទាំង​នោះ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ពេល​នេះ​ គឺ​បន្ទាប់​ពី​មេ​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រៀប​ធៀប​គណបក្ស ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ គឺ​មាន​ទំងន់​ខុស​គ្នា​ដាច់​ឆ្ងាយ​ជាមួយ​គណបក្ស​កាន់​អំណាច​​សព្វ​ថ្ងៃ។

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា គណបក្ស​ភាគ​ច្រើន ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា គឺ​មាន​ទំងន់​ត្រឹម​៣​គីឡូ​ឬ​៥​គីឡូ​ប៉ុណ្ណោះ បែរ​ជា​ទៅ​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ថា​មាន​ទំងន់​រហូត​ដល់​៧០​គីឡូក្រាម។ ​ទំងន់​ខុស​គ្នា​ដាច់​ឆ្ងាយ​បែប​នេះ​ហើយ ដែល​លោក អេង ឆៃអ៊ាង ហៅ​ការ​បោះ​ឆ្នោត​ខាង​មុខ​ថា ជា​ការ​បោះ​ឆ្នោត«​ក្លែង​ក្លាយ»។

ចំណែក លោក សម រង្ស៊ី ក៏​បាន​ចាត់​ទុក​គណបក្ស​ដែល​ឆ្លៀត​ឱកាស​ចូល​រួម​បោះ​ឆ្នោត​ដោយ​មិន​មាន​វត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ​នេះ ថា​ជា​គណបក្ស«អំពិល​អំពែក»។

ក៏​ប៉ុន្តែ​បើ​តាម​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទោះ​បី​ជា​គណបក្ស​នោះ​តូច​ឬ​ធំ​ក៏​ដោយ គឺ​មាន​សិទ្ធិ​ដូចៗ​គ្នា​ក្នុង​ការ​ចូល​រួម​ការ​បោះ​ឆ្នោត។

គិត​ត្រឹម​ថ្ងៃ​ទី ២១ ឧសភា ម្សិល​មិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ចំនួន​១៦​ហើយ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើង​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ ជាមួយ​គ្នា​នេះ គណបក្ស​នយោបាយ​ចំនួន ៤​ផ្សេង​ទៀត គ.ជ.ប មិន​ទាន់​ទទួល​ស្គាល់​ចុះ​បញ្ជី​នៅ​ឡើយ​ទេ ដោយ​សារ​តែ​បំពេញ​ឯកសារ​មិន​ទាន់​គ្រប់​លក្ខខណ្ឌ។ គណបក្ស​នយោបាយ​ទាំង​៤ នោះ​គឺ គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូន​ប្រុស​លោក គង់ គាំ គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ដឹក​នាំ​ដោយ​កូន​ប្រុស​លោក​សេនា​ប្រមុខ លន់ នល់ គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ